អន្តរជាតិ
WEF៖ កម្ពុជា​ឲ្យ​ប្រតិភូ​បរទេស​ជិះ​យន្តហោះ និង​នៅ​សណ្ឋាគារ​ឥតគិតថ្លៃ​ពេល​ទៅ​ទស្សនា​សៀមរាប​
03, May 2017 , 5:46 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​នឹង​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) ផ្តោតលើ​អាស៊ាន​ចាប់ពី​ថ្ងៃ ១០​ដល់​ថ្ងៃ ១២ ឧសភា​ខាងមុខ​។ ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅកាន់​ពិភពលោក និង​ទាញយក​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​សំបុត្រ​យន្តហោះ និង​ការ​ស្នាក់នៅ​សណ្ឋាគារ​ដោយ​ឥតគិតថ្លៃ រួមទាំង​លើកលែង​ការបង់ថ្លៃ​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​សៀមរាប​សម្រាប់​ប្រតិភូ​អន្តរជាតិ​មក​ចូលរួម​វេទិកា​នេះ​ផងដែរ​។​



​មេដឹកនាំ​បរទេស​កម្រិត​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល រួមជាមួយ​បណ្តា​ប្រធាន​ក្រុមហ៊ុន​កម្រិត​ពិភពលោក និង សហគ្រិន​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ច្រើន​រយ​នាក់​នឹងចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែល​នឹង​រៀបចំឡើង​នៅក្នុង​កម្ពុជា​សប្តាហ៍​ក្រោយ​។ កម្ពុជា​នឹង​យក​ឱកាស​ពិសេស​នៃ​ការរៀបចំ​វេទិកា​កម្រិត​ពិភពលោក​នេះ​ផ្សព្វផ្សាយ​ពី​ខ្លួនឯង​ទៅកាន់​ពិភពលោក និង​ទាញយក​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​ផងដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ពុធ​ទី ៣ ខែឧសភា​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន  រដ្ឋមន្ត្រីក្រសួង​សាធារណការ​លោក ស៊ុន ចាន់ថុល ដែលជា​អ្នកទទួលបន្ទុក​រៀបចំ​វេទិកា​កម្រិត​សកល​នេះ​បាន​បញ្ជាក់ថា  ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌ ដូចជា​របាំ ប្រាង្គ​ប្រាសាទ ដើម្បី​ទាក់ទាញ​ទេសចរណ៍​។​
 
​តាមពិតទៅ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បានប្រកាស​តាំងពី​ខែមករា​ថា បណ្តា​ប្រតិភូ​ដែល​មក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​មិនចាំបាច់​បង់ថ្លៃ​ទិដ្ឋាការ​ចូលមក​កម្ពុជា​ទេ​។   ហើយ​អី្វ​ដែល​សំខាន់​នោះ​ប្រតិភូ​ទាំងនោះ​មានឱកាស​ធ្វើដំណើរ​ទៅ​សៀមរាប​ដោយ​ឥតគិតថ្លៃ រួមទាំង​អាច​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ខេត្តសៀមរាប​បាន​ដោយ​មិនចាំបាច់​បង់លុយ​ទៀត​។​

​ពាក់ព័ន្ធ​ការរៀបចំ​ទាក់ទាញ​អ្នកទេសចរ​ក្នុងឱកាស​នៃ​ការរៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​លោក​នេះ​លោក ស៊ុន ចាន់ថុល បាន​រៀបរាប់ថា ក្រុមហ៊ុន​អាកាសចរណ៍ Air Asia បានប្រកាស​ផ្តល់​យន្តហោះ​ពីរ​គ្រឿង ដើម្បី​ដឹក​ប្រតិភូ​ពី​ភ្នំពេញ​ទៅកាន់​ខេត្តសៀមរាប ហើយ​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​ក៏បាន​ស្នើសុំ​ការសហការ​ពី​សណ្ឋាគារ​សុខា​អង្គរ​ដើម្បី​រៀប​ចំក​ន្លែ​ស្នាក់នៅ​ឥតគិតថ្លៃ​សម្រាប់ពួកគេផងដែរ​។​

​លោក បាន​ថ្លែង​ដូច្នេះ​៖ « ពេល​ជួប​សម្តេច​នៅ​វេទិកា​សេដ្ឋកិច្ច Davos ខែមករា លោក Anthony F. Fernandes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia  បាន​ប្រាប់​សម្តេច​ថា លោក​នឹង​ផ្តល់​យន្តហោះ​ពីរ​គ្រឿង​ជួយ​ដឹកអ្នកចង់​ទៅលេង​សៀមរាប។  មួយទៀត​យើង​ទៅ​ជួប​ខាងសណ្ឋាគារ​សុខា ដើម្បី​សុំ​ឲ្យ​គេ​ផ្តល់​បន្ទប់​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​មក​ទស្សនាដែរ​។ ហើយ​គេ​ក៏​ឯកភាពទៀត​។ យើង​យក​ឱកាស​នេះផ្សព្វផ្សាយពីកម្ពុជានិង​ទាក់ទាញ​អ្នក​ទេសចរណ៍​ឲ្យ​បាន​ច្រើន​»​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក ស៊ុន ចាន់ថុល ប្រតិភូ​ចំនួន ១០៣ នាក់​ហើយ​ដែល​បានប្រកាសថា​ខ្លួន​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​ខេត្តសៀមរាប​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អាស៊ាន កម្ពុជា​ក្លាយជា​ប្រទេស​ទី​៩ ហើយ​ដែល​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​។ ហើយ​បណ្តា​ប្រតិភូ​អន្តរជាតិ​រាប់រយ​នាក់​នឹង​មក​ចូលរួម​ក្នុង វេទិកា​ពិភពលោក​ដ៏​សំខាន់​នេះ ដែល​វា​ជា​ឱកាស​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិនិយោគ​និង​ទាញ​ប្រយោជន៍​ផ្សេងទៀត​ជាច្រើន​ថែមទៀត​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com