អន្តរជាតិ
សេរីភាព​សារព័ត៌មាន​ពិភពលោក​ចុះ​ដុនដាប ហើយ​អ្នកកាសែត​ជិត​៧០០​នាក់​ត្រូវគេ​សម្លាប់​ពី​ឆ្នាំ ១៩៩២
03, May 2017 , 9:19 pm        
រូបភាព
រូបភាព៖ Human Rights Watch
រូបភាព៖ Human Rights Watch
ដោយ: ថ្មីៗ
​សេរីភាព​សារព័ត៌មាន​ទូទាំង​ពិភពលោក​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​។ អ្នកសារព័ត៌មាន​រង​ការវាយប្រហារ រង​ការចាប់ខ្លួន ធ្វើទុក្ខបុកម្នេញ និង​រង​ការសម្លាប់​ថែម​ទៀតផង​នៅក្នុង​ណ្តា​ប្រទេស​មួយចំនួន​នៅ​ទូទាំង​ពិភពលោក​។ ចាប់ពី​ឆ្នាំ ១៩៩២ មក​អ្នកសារព័ត៌មាន​ជិត ៧០០​នាក់​ត្រូវបាន​គេ​សម្លាប់ ដោយ​ជនបង្ក​នៅតែ​អាច​រត់គេច​ពី​ការទទួលខុសត្រូវ​បាន​យ៉ាង​ងាយស្រួល​។ ក្នុង​ឆ្នាំ​២០១៦ ប្រទេស​ចំនួន​ប្រាំ​មានដូចជា​តួ​ក​គី​, ចិន​, អេ​ហ្ស៊ី​ប​, អេ​រី​ទ្រា និង​អេ​ត្យូ​ពី ក្លាយជា​ប្រទេស​ដែល​ចាប់ចង​ដាក់គុក​អ្នកសារព័ត៌មាន​ច្រើនជាងគេ​។​



​អ្នកសារព័ត៌មាន​មាន​តួនាទី​ជា​អ្នក​នាំសារ​, ជា​ភ្នែក​ជា​ច្រមុះ​របប​ស់​សាធារណជន និង​មាន​តួនាទី​សំខាន់​ក្នុងការ​ជំរុញ​ឲ្យ​មាន​គណនីភាព​ក្នុងការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល ជាពិសេស​លើកស្ទួយ​ការគោរព​នីតិរដ្ឋ​និង​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម​ផង​។

​យ៉ាងណាក៏ដោយ សេរីភាព​សារព័ត៌មាន​ប្រឈម​ការគំរាមកំហែង​ខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​។ អ្នកសារព័ត៌មាន​ប្រឈម​ការរើសអើង​, រង​ការកៀបសង្កត់ វាយប្រហារ​, ធ្វើទុក្ខបុកម្នេញ និង​រង​ការសម្លាប់​រង្គាល​ថែមទៀត​ផង​ទៅ​ទូទាំង​ពិភពលោក​តាំងពី​អាមេរិក​ដល់ អឺរ៉ុប ដល់​អាហ្វ្រិក និង​ដល់​អាស៊ី​ថែម​ទៀតផង​។ ប៉ុន្តែ​សេរីភាព​សារព័ត៌មាន​នេះ​នៅតែ​ត្រូវការ​ការការពារ​និង​គាំទ្រ​ដើម្បី​ប្រយោជន៍​
 
​ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ២០១៥ អ្នកសារព័ត៌មាន​ទស្សនា​វ​ដ្តី Charlie Hebdo របស់​បារាំង  ៨​នាក់​ក្នុងចំណោម​នុស្ស ១២​នាក់​ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ដែលជា​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​បាញ់សម្លាប់​។ វា​ជាការ​សម្លាប់​រង្គាល​អ្នក​សារព័ត៌មាន​ទ្រង់ទ្រាយ​ធំ​បំផុត​មួយ​មិន​ធ្លាប់មាន​ពីមុនមក​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន​គ្មាន​ព្រំដែន ប្រទេសមួយ​ចំនួន​ដែល​ធ្លាប់តែ​ជា​ប្រទេស​មាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការរក្សា​សេរីភាព​សារព័ត៌មាន​មានដូចជា​ជប៉ុន​, អាហ្វ្រិក​ខាងត្បូង និង​កេ​ន​យ៉ា​ជាដើម​នោះ​ក៏​ធ្លាក់ចុះ​ចំណាត់ថ្នាក់​ដែរ​។ ចំណែក​នៅ​ទ្វីបអាមេរិក​វិញ ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា ក៏​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដូចគ្នា​។​

 ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​។ ក្នុងនាម​ជា​មេដឹកនាំ​កំពូល​ប្រទេស​មហាអំណាច​ប្រជាធិបតេយ្យ​ដែល​គោរព​និង​លើកស្ទួយ​សិទ្ធិសេរីភាព​សារព័ត៌មាន លោក ដូ​ណា​ល់ ត្រាំ ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូ និង​វាយប្រហារ​ដោយ​សម្តី រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​លោក​ថែមទៀត​ផ​ហ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ កន្លងមក​លោក ត្រាំ រង​ការទិតៀន​ខ្លាំង​ពី​សំណាក់​សកម្មជន និង​អង្គការសិទ្ធិមនុស្ស​ថែមទៀត ព្រោះ​លើ​ក្រាលកម្រាល​ព្រំ​ក្រហម​ទទួល​ស្វាគមន៍​មេដឹកនាំ​ដែល​រំលោភបំពាន សង្កត់សង្កិន និង​ចាប់​អ្នកសារព័ត៌មាន​ដាក់គុក ដូចជា​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង​ប្រធានាធិបតី​អេ​ហ្ស៊ី​ប Abdel Fattah el-Sisi​។​ថ្មីៗ​នេះ​ទៀត​លោក​បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ថៃ ដែល​ឡើងកាន់​អំណាច​តាម​រដ្ឋប្រហារ​និង​ជា​អ្នក​រឹតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន​និង​ការបញ្ចេញមតិ​រួមជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដែល​អនុ​គោលនយោបាយ​ប្រឆាំង​គ្រឿងញៀន​ចម្រូងចម្រាស និង​ដឹកនាំ​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ការសម្លាប់​អ្នកសារព័ត៌មាន​ជាប្រចាំ​នោះ​។


​សេរីភាព​សារព័ត៌​មាននៅ​តួ​ក​គី​ក៏​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ក្រោយពេល​មាន​រដ្ឋប្រហារ​បរាជ័យ​កាលពី​ខែកក្កដា​ឆ្នាំ ២០១៦​។ ចាប់ពី​ខែកក្កដា​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងហោចណាស់ ១៥៦​ត្រូវបាន​បង្ខំ​ឲ្យ​បិទ​ឈប់​ដំណើរការ ហើយ​អ្នកសារព័ត៌មាន​ប្រហែល ២៥០០​នាក់​ត្រូវ​បាត់បង់​ការងារ​។ អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​ជាង​នេះ អ្នកសារព័ត៌មាន​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​ដោយសារ​ពួកគេ​ចែករម្លែក​និង​បង្ហោះ​រូបភាព​, រូប​ត្លុក និង​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​។​

​វប្បធម៌​និ​ទណ្ឌ​ភាព​នៅតែ​បន្ត ហើយ​អ្នកសារព័ត៌មាន​នៅតែ​ត្រូវគេ​សម្លាប់​និង​ចាប់ខ្លួន​

​ដូច​បានលើកឡើង​ខាងដើម​ស្រាប់ អ្នកសារព័ត៌មាន​ទូទាំង​ពិភពលោក សុទ្ធតែ​ប្រឈម​គ្រោះថ្នាក់​ជាពិសេស​ការ​ធ្វើទុក្ខបុកម្នេញ និង​សម្លាប់​ក្នុងពេល​បំពេញការងារ​និង​អនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​ថែមទៀត​។ ចំណែក​វប្បធម៌​និ​ទណ្ឌ​ភាព ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​គឺ​ការ​គេច​ចេញពី​ការទទួលខុសត្រូវ​ខាង​ផ្លូវច្បាប់​ចំពោះ​ទង្វើ​ខុសឆ្គង​របស់ខ្លួន នៅតែ​បន្ត​កើតមាន​ជា​ហូរហែរ​មកដល់​ពេលបច្ចុប្បន្ន​នេះ​។​

​យោងតាម​របាយការណ៍​គណៈកម្មការ​ការពារ​អ្នកសារព័ត៌មាន អ្នកសារព័ត៌មាន​រហូត​ដល់ ៦៩២ នាក់​ត្រូវបាន​គេ​សម្លាប់ ដោយ​អ្នកប្រព្រឹត្ត​មិន​ត្រូវបាន​ចាប់ខ្លួន​និង​ត្រូវគេ​នាំមក​ទទួលទោស​ឡើយ​។ បញ្ហា​និ​ទណ្ឌ​ភាព​នេះហើយ​បាន​ក្លាយជា​គ្រោះថ្នាក់​ធំ​បំផុត​មួយ​សម្រាប់​សេរីភាព​សារព័ត៌មាន​ទូទាំង​ពិភពលោក​។​

​ចំណែក​ប្រទេស​ចំនួន​ប្រាំ​បាន​ក្លាយជា​ប្រទេស​ដែល​ចាប់​អ្នកសារព័ត៌មាន​ដាក់ពន្ធនាគារ​ច្រើនជាងគេ​នៅ​ថ្ងៃ ១​ខែធ្នូ​ឆ្នាំ ២០១៦ ដែល​ចំនួន​អ្នកសារព័ត៌មាន​ទាំងនោះ​ស្មើ ៦៨​ភាគរយ​នៃ​ចំនួន​អ្នកសារព័ត៌មាន​ដែល​ត្រូវគេ​ដាក់ពន្ធនាគារ​ទូទាំង​ពិភពលោក​។ ប្រទេស​តួ​ក​គី​បាច់​ដាក់ អ្នកសារព័ត៌មាន ៨១​នាក់​។ ចំណែក ចិន​ឯណោះ​វិញ​ស្ថិតនៅ​លេខ​រៀង​ទី​២ ព្រោះ​ប្រទេស​នេះ​ចាប់​អ្នកសារព័ត៌មាន ៣៨ នាក់​។ លេខ​រៀង​ទី​បី​បាន​ទៅ​ប្រទេស​អេ​ហ្ស៊ី​ប​ដោយ​ប្រទេស​នេះ​ចាប់​អ្នកសារព័ត៌មាន ២៥ នាក់​។ ចំណែក​លេខ​រៀង​ទី​បួន បាន​ទៅលើ​ប្រទេស​អេ​រី​ទ្រា  និង​លេខ​ប្រាំ​បាន​ទៅលើ​ប្រទេស​អេ​ត្យូ​ពី​៕


Tag:
 សេរីភាព​សារព័ត៌មាន​
  ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  Charlie Hebdo
© រក្សាសិទ្ធិដោយ thmeythmey.com