ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ទីប្រឹក្សា​រដ្ឋ​ចិន​ថា CPP អាច​ឈ្នះឆ្នោត​កាន់អំណាច​ទៀត​
03, May 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ឈ្នះឆ្នោត កាន់អំណាច​នៅ​អាណត្តិ​ក្រោយ​ទៀត​។ តែ​អ្នកវិភាគ ថា បើ​គណបក្ស​ប្រជាជន​មិនអាច​រក្សា​អ្នកគាំទ្រ​ជាង​៣​លាន​នាក់​ក្នុង​ដៃ​បានទេ នោះ​ប្រាកដជា​គ្មាន​ឱកាស​កាន់អំណាច​ទៀតឡើយ​។



​ក្នុងជំនួប​ជាមួយ​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្ដេច ហ៊ុន សែន បាន​និយាយ​ដោយ​ភាព​ជឿជាក់ថា គណបក្ស​ប្រជាជន នឹង​អាច​បន្ត​កាន់អំណាច​ទៀត តាមរយៈ​ការបោះឆ្នោត​ដោយមាន​ការគាំទ្រ​ពី​សមាជិក​ខ្លួន​នៅក្នុង​ដៃ​។ សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ ដែល​ទើប​ចេញផ្សាយ​ព័ត៌មាន ដោយ​ស្រង់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​មន្ត្រីជាន់ខ្ពស់​ចិន យ៉ាង​ដូច្នេះ​ថា​៖« បើ​គិតពី​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ចំនួន​ដែលមាន បើសិនជា​សមាជិក​ម្នាក់​បោះឆ្នោត​បាន​មួយ​សម្លេង ហើយ​បូក​ជាមួយ​សម្លេង​របស់​សមា​ជិ​ក​ក្រុមគ្រួសារ​ទៀត​នោះ​គណបក្ស​ប្រជាជន​អាច​នឹង​ឈ្នះ​»​។​

​ជុំវិញ​ការលើកឡើង​នេះ អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម លោក មាស នី មើលឃើញថា លទ្ធភាព​នៃ​ការទទួលបាន​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន គឺមាន​ខ្ពស់ជាង​គណបក្ស​ដទៃ​មែន​។ នោះ​ក៏​ព្រោះតែ​គណបក្សកាន់អំណាច​មួយ​នេះ កំពុងមាន​អ្នកគាំទ្រ​នៅក្នុង​ដៃ​ស្រាប់​ជាង​៣​លាន​នាក់​។ ប៉ុន្តែ​សម្រាប់​លោក មាស នី ក្តី​រំពឹង​របស់​គណបក្សកាន់អំណាច អាច​នឹង​ជួប​រឿងរ៉ាវ​ដូច​កាល​បោះឆ្នោត​ឆ្នាំ​២០១៣​កន្លងមក​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​គ្មាន​អ្វីដែល​ថ្មី​ទេ ព្រោះ​គណបក្ស​ប្រជាជន​សង្ឃឹមលើ​មេ​គ្រួសារ ដែលមាន​តួនាទី​និង​តំណែង​ក្នុង​បក្ស ហើយ​ឲ្យ​ពួកគេ​អូសទាញ​សាច់ញាតិ​ក្រុមគ្រួសារ​ឲ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន​។ តែ​វា​មិន​ពិត​ដូច​ការគិត​ទេ ព្រោះ​មាន​ក្រុមគ្រួសារ​ខ្លះ សាច់ញាតិ​ពួកគេ​ចេះ​គិតពិចារណា ហើយ​គេ​ក៏​អាច​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ដែរ​។ ហើយ​ដោយសារ​តែមាន​ជំនឿ​បែបនេះ ទើប​គណបក្ស​ប្រជាជនមាន​សមាជិក​គាំទ្រ​ខ្លួន​ខ្លួន​៦​លាន​នាក់ តែ​ដល់ពេល​បោះឆ្នោត​ឆ្នាំ​២០១៣ មាន​នៅសល់តែ​ជាង​៣​លាន​នាក់ ដែល​បោះឆ្នោត​គាំទ្រ​ខ្លួន​។ ហើយ​បែរជា​បាត់បង់​២២​កៅអី​»​។​

​បន្ថែម​ពីនេះ​លោក មាស នី លើកឡើងថា សំឡេងគាំទ្រ​របស់​គណ​បក្ស​ប្រជាជន នឹង​អាច​ថមថយ​បន្ថែមទៀត ដោយសារតែ​បញ្ហា​ប្រព័ន្ធយុត្តិធម៌ សុខាភិបាល និង​ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ ដែល​អាច​អូសទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ ងាក​ទៅ​គាំទ្រ​គណបក្ស​ដទៃ​វិញ​។​

​កន្លងមក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់មាន​ជំនឿ​ចិត្ត​ថា គណបក្ស​ពួកគេ​អាច​នឹង​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ​ផងដែរ​។ ងាក​មក​និយាយ​ពី​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​នេះ​វិញ លោក មាស នី បាន​មើលឃើញ​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្សប្រឆាំង​មាន​បញ្ហា​រអាក់រអួល​ច្រើន ទាំង​បញ្ហា​ផ្ទៃក្នុង​បក្ស ទាំង​បញ្ហា​ដំណើរការ​នយោបាយ​មាន​ឧបសគ្គ​ច្រើន ដោយសារ​រង​ការកៀបសង្កត់​ការនិយាយស្តី ដូច្នេះ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​គណបក្ស​តូចៗ ដែល​ទើប​បង្កើត​ថ្មី​។ ព្រោះ​គណបក្ស​តូច អាចមាន​សិទ្ធិ​និយាយ​ដោយ​សេរី​រិះគន់​ចំណុចរសើប​រដ្ឋាភិបាល និង​វាយប្រហារ​គណបក្សប្រឆាំង ហើយ​មិន​ត្រូវបាន​គេ​ចាប់​ទោសទណ្ឌ​ទេ​កន្លងមក​។ ហើយ​គណបក្ស​ថ្មី​ទាំងនេះ សុទ្ធ​តែមាន​សមាជិក​ធ្លាប់​ធ្វើការ​គណបក្សប្រឆាំង​ចូលរួម ដូច្នេះ​ពួកគេ​អាច​រិះគន់​បក្សប្រឆាំង និង​ទាញ​អ្នកគាំទ្រ​ខ្លះ​បែកចិត្ត​មក​គាំទ្រ​ពួកគេ​វិញ​»​។​

​លោក បន្ថែមថា​៖«​បើសិន​គណបក្ស​តូច​ទាំងនោះ ជា​ចាប់ដៃគ្នា​រួមបញ្ចូល​ជា​គណបក្ស​តែមួយ ដូច​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី នោះ ពួកគេ​នឹង​អាចមាន​លទ្ធភាព​កាន់តែ​ធំ​ក្នុងការ​ប្រកួតប្រជែង​សន្លឹកឆ្នោត​អាណត្តិ​ក្រោយ​។ ជាពិសេស​មានលទ្ធភាព​ខ្ពស់​ក្នុងការ​បំបែក​សំឡេង​ពី​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​តែម្ដង​»​។​

​ប៉ុន្តែ​យ៉ាងណា​លទ្ធភាព​ឈ្នះឆ្នោត​កាន់អំណាច​នៅ​អាណត្តិ​ទី​៦​នោះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​។ ហើយ​លទ្ធផល​ឈ្នះ​នោះ គឺមាន​លក្ខណៈ​ប្រដំ​ត្រសង​គ្នា នៃ​ចំនួន​អាសន​ក្នុង​រដ្ឋសភា​។ នេះ​ជាការ​សាកល្បង​ទស្ស​ទាយ​របស់លោក មាស នី​៕


Tag:
 ហ៊ុន សែន​
  ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com