អន្តរជាតិ
មេដឹកនាំ​អាមេរិក​-​ចិន ប្រជែង​គ្នា​យកចិត្ត​លោក Duterte ដែល​ស្ថិតក្នុង​តំណែង​ជា​ប្រធាន​អាស៊ាន​
04, May 2017 , 2:34 pm        
រូបភាព
​ត្រឹម​រយៈពេល ៥​ថ្ងៃ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយ​តាម​ទូរ​សព្ទ​មេដឹកនាំ​ពិភពលោក​ជា​បន្តបន្ទាប់​។ កាលពី​ចុង​សប្ដាហ៍​មុន លោក Duterte បាន​ជជែក​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ហើយ​នៅ​ថ្ងៃទី​៣ ខែឧសភា​ម្សិលមិញ លោក ក៏បាន​និយាយ​ទូរ​សព្ទ​ជាមួយ​សម​ភាគី​ចិន ស៊ី ជីន​ភីង ទៀត​។ ប្រធានបទ​សំខាន់​នៃ​ការជជែក​តាម​ទូរ​សព្ទ​នេះ គឺ​បញ្ហា​កូរ៉េខាងជើង ដែល​កំពុង​ឡើងក​ម្ដៅ​ខ្លាំង​។​



​តំណែង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៧ កំពុង​ធ្វើ​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte មានមុខមាត់​យ៉ាងខ្លាំង​។ លោក Duterte បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​ធំៗ​លើ​ពិភពលោក​មាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ចុងក្រោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ។ ក្នុងជំនួប​តាម​ទូរ​សព្ទ មេដឹកនាំ​ទាំង​៣​ប្រទេស សុទ្ធតែ​បាន​និយាយ​ដល់​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ដែល​តានតឹង​ខ្លាំង​នាពេល​ថ្មីៗ​នេះ​។

​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា តាមរយៈ​ការនិយាយ​ទូរ​សព្ទ​នៅ​ថ្ងៃទី​៣ ខែឧសភា ប្រធានាធិបតី​ហ្វីលីពីន និង​ប្រធានាធិបតី​ចិន បាន​ពិភាក្សា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ បន្ថែម​ពីលើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ មេដឹកនាំ​ទាំង​២ បាន​ផ្លាស់ប្ដូរ​ទស្សនៈ​ពី​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ ហើយ​លោក Duterte បាន​ប្រា​ប់លោក ស៊ី ជីន​ភីង ពី​តួនាទី​ដ៏​សំខាន់​របស់​ចិន​ក្នុងការ​ដោះស្រាយ​វិបត្តិ​កូរ៉េខាងជើង ដែលជា​ក្ដីបារម្ភ​របស់​ពិភពលោក​ទាំងមូល​។  

​នៅមុននេះ ប្រធានាធិបតី Duterte ធ្លាប់​លើកឡើង​ដែរ​ថា ចិន អាចធ្វើ​ស្ពាន​រវាង​អាមេរិក និង​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​បញ្ហា​បាន ព្រោះ​ការសន្ទនា​ណាមួយ​រវាង​អាមេរិក និង​កូរ៉េខាងជើង អាចធ្វើ​ទៅបាន​បើ​មានការ​សហការ​របស់​ចិន​។ ចិន ដែល​តែង​ស្នើ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់​រក្សា​ការអត់ធ្មត់ ពិតជា​ចង់ឃើញ​វិបត្តិ​នុយក្លេអ៊ែរ​នេះ ត្រូវបាន​ដោះស្រាយ​តាម​សម្រួល ដ្បិត​ចិន​ក៏​មិន​ចង់​ឲ្យ​មានសង្គ្រាម​ក្បែរ​ផ្ទះ​របស់ខ្លួន​ដែរ​។​

​ច្បាស់​ណាស់​ថា ការដែល​មេដឹកនាំ​មហាអំណាច​និយាយ​ទូរ​សព្ទ​ជាមួយ​លោក Duterte ជា​បន្តបន្ទាប់​បែបនេះ ក៏​ព្រោះតែ​លោក​ជា​ប្រធាន​អាស៊ាន​តែម្ដង​។ ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន ហ្វីលីពីន ពិតជា​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​តំបន់ ជាពិសេស​តាមរយៈ​ការស្វែងរក​ដំណោះស្រាយ​សន្តិភាព​តែម្ដង​។ ចិន និង​អាមេរិក បោះដៃ​ពឹង​អាស៊ាន ព្រោះ​កូរ៉េខាងជើង ក៏​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​មួយ​ដែរ ហើយក៏​ជា​សមាជិក​វេទិកា​តំបន់​អាស៊ាន​ទៅទៀត​។​

​មិន​ត្រឹមតែ​ចិន និង​អាមេរិក ដែល​មករក​អាស៊ាន​នោះ សូម្បី​កូរ៉េខាងជើង ក៏​ធ្លាប់​ផ្ញើ​សំបុត្រ​សុំ​ការគាំទ្រ​ពី​អាស៊ាន​ដែរ​។ ប្រមុខ​ការទូត​កូរ៉េខាងជើង ធ្លាប់​ផ្ញើលិខិត​មួយ​មកកាន់​អគ្គលេខាធិការ​អាស៊ាន និង​បាន​រៀបរាប់​ពី​មូល​ហេតុដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ធ្លាក់​ដុនដាប និង​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ទៀតផង​។ ប៉ុន្តែ​អាស៊ាន មិនបាន​ឆ្លើយតប​ដោយ​វិជ្ជមាន​លើ​សំណើ​របស់​កូរ៉េខាងជើង​ឡើយ តែ​បាន​ប្រាប់​ឲ្យ​រដ្ឋ​ឯកោ​មួយ​នេះ​អនុវត្តតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  Rodrigo Duterte
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com