អន្តរជាតិ
អាហ្វ្រិក​ខាងលិច​ចាប់​កប៉ាល់​នេសាទ​ត្រី​ខុសច្បាប់​របស់​ចិន​៨​គ្រឿង​
04, May 2017 , 3:54 pm        
រូបភាព
​កប៉ាល់​នេសាទ​ចំនួន ប្រាំបី​គ្រឿង​ត្រូវបាន​កងកម្លាំង​និង​ក្រុម​អភិរក្ស​បរិស្ថាន​ប្រចាំ​ប្រទេស​អាហ្វ្រិក​ខាងលិច​ចំនួន​បី ចាប់​ឃុំ ដោយសារតែ​ពួកគេ​ចូល​នេសាទ​ត្រី​ដោយ​ខុសច្បាប់​។ ម្ចាស់​កប៉ាល​នេសាទ​អាច​នឹង​ប្រឈមមុខ​នឹង​ការពិន័យ​អស់​ច្រើន​លាន​ដុល្លារ​ថែមទៀត ដោយសារ​ពួកគេ​រំលោភបំពាន​តំបន់​អភិរក្ស​ត្រី​សមុទ្រ​និង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​។



​ប្រទេស​អាហ្វ្រិក​ខាងលិច​ចំនួន​បី​មាន ហ្គី​ណេ (Guinea), សៀ​រ៉ា ឡេ​អូន (Sierra Leone) និង​ហ្គី​ណេ​ប៊ី​ស្សូ (Guinea-Bissau) បានសម្រេច​ចាប់​ឃុំ​កប៉ាល់​នេសាទ​របស់​ចិន​ចំនួន ប្រាំបី​គ្រឿង​នៅ​ថ្ងៃ ៣ ខែឧសភា​នេះ​ដោយសារ​ពួកគេ​នេសាទ​ត្រី​ខុសច្បាប់​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​អភិរក្ស​បរិស្ថាន Greenpeace កប៉ាល់​ចំនួន​ប្រាំបី​គ្រឿង​នេះ​បាន​បំពាន​បទ​ប​ញ្ញ​តិ្ត​ពាក់ព័ន្ធ​ការនេសាទ​ក្នុង​នោះគេ​បាន​នេសាទ​ត្រី​តំបន់​អភិរក្ស​និង​ប្រើប្រាស់​សំណាញ់​ញឹក​ទៀត​។ ចំណែក​ម្ចាស់​កប៉ាល​នេសាទ​ទាំងនេះ​ប្រឈមមុខ​នឹង​ការផាកពិន័យ​រាប់លាន​ដុល្លារ​អាមេរិក​ថែមទៀត​។​

​ការចាប់​ឃាត់​នាវា​របស់​ចិន​នេះ​កើតឡើង​ពីរ​ខែក្រោយ​ពេលដែល​អង្គការ​អភិ​រក្សា​បរិស្ថាន Greenpeace ចាប់ផ្តើម​ល្បាត​សមុទ្រ រួមជាមួយ​បណ្តា​ក្រុម​ឆ្នាំ​ដែល​ល្បាត​សមុទ្រ​មកពី​ប្រទេស​អាហ្វ្រិក​ខាងលិច​ផ្សេងទៀត​ដែរ​។​

​អាហ្វ្រិក​ខាងលិច​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តំបន់​ដែលមាន​ដែនសមុទ្រ​សម្បូរ​ដោយ​ធនធាន​ជាងគេ​លើ​ពិភពលោក​។ ប៉ុន្តែ​ធនធាន​ទាំងនោះ​ចេះតែ​ខើច​ទៅៗ​ដោយសារ​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការនេសាទ​ខុសច្បាប់​ជាដើម​ផង​។ គ្រាន់​តែដោយសារ​ការនេសាទ​ខុសច្បាប់​នេះ តំបន់​អាហ្វ្រិក​ខាងលិច​ត្រូវ​ខាតបង់​ចំណូល​ប្រចាំឆ្នាំ​ស្មើ ២,៣​ពាន់​លាន​ដុល្លារ​។​

​ត្រឡប់មកវិញ រដ្ឋមន្ត្រី​នេសាទ​ហ្គី​ណេ​លោក Andre Loua ទទួលស្គាល់ថា វា​មាន​ជាមាន​ការចាប់​ឃាត់​នាវា​របស់​ចិន​មែន​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រូបនេះ​បានលើកឡើង​ពី​តម្រូវការ​របស់​កងក​ម្លាំ​ង​ឆ្មាំ​សមុទ្រ ក្នុងពេល​បំពេញ​ប្រតិបត្តិការ​។ គេ​ត្រូវការ​ថវិកា និង​ទូក​ល្បាត​បន្ថែម​ដើម្បី​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​ចំណែក​រដ្ឋមន្ត្រី​ព័ត៌មាន​សៀ​រ៉ា​ឡេ​អូន Mohamed Bangura បាន​បញ្ជាក់ថា នាវា​ចិន​បី​គ្រឿង​ត្រូវបាន​ចាប់​ឃុំ​និង​ផាកពិន័យ​រួចរាល់​ហើយ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នាវា​ដែល​ត្រូវ​ចាប់​ឃុំ​ផ្សេងទៀត​ទេ ហើយ​ការបង់ថ្លៃ​ពិន័យ​របស់​នាវា​ដែល​សេសសល់​ស្ថិតក្នុង​ការចរចា​នៅឡើយ​៕


Tag:
 អាហ្វ្រិក​ខាងលិច​
  ចិន​
  Greenpeace
© រក្សាសិទ្ធិដោយ thmeythmey.com