អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​បារាំង ទាស់សម្ដី​គ្នា​ដល់​ថ្នាក់​ព្រមាន​ផ្ទុះ​សង្គ្រាមស៊ីវិល​
04, May 2017 , 8:19 pm        
រូបភាព
បេក្ខជនប្រធានាធិបតីបារាំង លោកស្រី Marine Le Pen និងលោក Emmanuel Macron អំឡុងពេលការជជែកដេញដោលតាមទូរទស្សន៍មុនការបោះឆ្នោតថ្ងៃទី៧ ខាងមុខ (រូបភាព Reuters)
បេក្ខជនប្រធានាធិបតីបារាំង លោកស្រី Marine Le Pen និងលោក Emmanuel Macron អំឡុងពេលការជជែកដេញដោលតាមទូរទស្សន៍មុនការបោះឆ្នោតថ្ងៃទី៧ ខាងមុខ (រូបភាព Reuters)
​បេក្ខជន​ប្រធានាធិបតី​បារាំង បេក្ខជន​គ្មាន​បក្ស Emmanuel Macron និង​បេក្ខជន​ស្ដាំនិយម​ជ្រុល Marine Le Pen បាន​និយាយ​វាយប្រហារ​គ្នា​យ៉ាងខ្លាំង​លើ​ឆាក​ជជែក​ដេញដោល​ដែល​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។ បេក្ខជន​ទាំង​២ ជជែក​គ្នា​ឡើង​តឹងសរសៃក​លើ​របៀបវារៈ​សេដ្ឋកិច្ច និង​សន្តិសុខ នៅមុន​ការបោះឆ្នោត​ជុំ​ទី​២ នៅ​ថ្ងៃអាទិត្យ​នេះ រហូតដល់​លោក Macron ព្រមាន​ថា​អាចមាន​សង្គ្រាម​ផង​។



​ការជជែក​ដេញដោល​ទល់មុខ​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​បារាំង បាន​ក្លាយជា​វេទិកា​វាយប្រហារ​គ្នា​ទៅវិញទៅមក អមដោយ​ការ​គំរាម​ផ្ទុះ​សង្គ្រាម​ក្នុងស្រុក​ទៅទៀត​។ លោក Emmanuel Macron បេក្ខជន​កណ្ដាល​និយម គាំទ្រ​អឺរ៉ុប បាន​អង្គុយ​ទល់មុខ​គ្នា​ជាមួយ​លោកស្រី Marine Le Pen បេក្ខជន​ស្ដាំនិយម​ជ្រុល ប្រឆាំង​អឺរ៉ុប ដើម្បី​ជជែក​ដេញដោល​គ្នា​នៅ​ថ្ងៃទី​៣ ខែឧសភា​។ បេក្ខជន​ទាំង​២ បាន​ចំណាយពេល​ភាគច្រើន​រិះគន់​នយោបាយ​គ្នា​ទៅវិញទៅមក​ទៀត​។​

​នេះ គឺជា​ជំនួប​ទល់មុខ​ចុងក្រោយ​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង​២ មុននឹង​ការបោះឆ្នោត​ជុំ​ទី​២ នៅ​ថ្ងៃទី​៧ ខែឧសភា​ខាងមុខ​។ ក្នុង​ការជជែក​ដេញដោល​តាម​ទូរទស្សន៍​នេះ លោក Macron បានបង្ហាញ​កាន់តែច្បាស់​នយោបាយ​សេដ្ឋកិច្ច​សេរី​របស់លោក ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​បារាំង ខណៈដែល​លោកស្រី Le Pen ក៏​បញ្ចេញ​សារ​នយោបាយ​ដែល​ផ្ដោតលើ​ការ​គាំពារ​និយម ការលុបចោល​ប្រាក់​អឺរ៉ូ និង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ជាដើម​។

​ក្រៅពី​បង្ហាញ​នយោបាយ​រៀងខ្លួន បេក្ខជន​ទាំង​២ ក៏​មិន​ភ្លេច​វាយប្រហារ​គូប្រជែង​របស់ខ្លួន​ដែរ​។ បេក្ខជន​ស្ដាំនិយម​ជ្រុល Le Pen បាន​ហៅ​លោក Macron ជា​ទាយាទ​ស្នង​តំណែង​នៃ​រដ្ឋាភិបាល​សង្គមនិយម​បច្ចុប្បន្ន ដែល​មិនសូវមាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ​។ លោកស្រី ក៏បាន​រិះគន់​គូប្រជែង​ទៀតថា បើ​អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​រូបនេះ ឈ្នះឆ្នោត សេដ្ឋកិច្ច​របស់​បារាំង នឹង​ធ្លាក់​ទៅ​ក្រោម​អាល្លឺម៉ង់​ទៅទៀត ព្រោះ​បើ Macron ឈ្នះ​ប្រៀប​ដូច​អធិការបតី​អាល្លឺម៉ង់ Angela Merkel ឈ្នះ​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកស្រី Le Pen ក៏​រិះគន់​លោក Macron លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​នយោបាយ​គាំទ្រ​បន្ត​ជា​សមាជិក​អឺរ៉ុប​ដែរ​។ ជាការ​ឆ្លើយតប បេក្ខជន​កណ្ដាល​និយម Macron ក៏បាន​ហៅ​លោកស្រី Le Pen ជា​មនុស្ស​កុហក និយាយ​គ្មាន​បានការ ហើយ​ការលើកឡើង​ទាំងអស់​មិនមាន​អ្វី​ជា​សម្អាង​គ្រប់គ្រាន់​ឡើយ​។ ជុំវិញ​បញ្ហា​សន្តិសុខ លោក Macron បញ្ជាក់ថា ការប្រយុទ្ធ​អំពើ​ជ្រុលនិយម គឺជា​អាទិភាព បើ​លោក​ឈ្នះឆ្នោត​។

​ក្នុងការ​ដេញដោល​ដែល​ទាក់ទាញ​អ្នកទស្សនា​ជាច្រើន​លាន​នាក់ បេក្ខជន​ប្រធានាធិបតី​ដែលមាន​សំឡេង​នាំមុខ​នៅ​ជុំ​ទី​១ ចាត់ទុក​ដំណោះស្រាយ​ប្រឆាំង​ភេរវកម្ម​របស់លោក​ស្រី Le Pen ជា​អន្ទាក់​ដែល​ក្រុម​ភេរវ​ករ​ចង់បាន ហើយ​អាចធ្វើ​ឲ្យ​បារាំង​បែកបាក់​ទៅទៀត​។ លោក Macron ក៏​ព្រមាន​ពី​ការកើតឡើង​សង្គ្រាមស៊ីវិល ដែលជា​លទ្ធផល​នៃ​នយោបាយ​ប្រឆាំង​សកម្មភាព​ជ្រុលនិយមរ​បស់​លោកស្រី Le Pen តែម្ដង​។

​រំ​ឮ​ក​ទៅកាន់​ការបោះឆ្នោត​ជុំ​ឆ្នោត​ទី​១ លោក Macron នាំមុខ​លោកស្រី Le Pen បន្តិចបន្តួច​ប៉ុណ្ណោះ ។ ដូច្នេះ វេទិកា​ដេញដោល​លើក​នេះ គឺជា​ឱកាស​ចុងក្រោយ​សម្រាប់​លោកស្រី Le Pen ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកបោះឆ្នោត ដែល​នៅតែ​មិន​ចេញ​ចិត្ត​នយោបាយ​របស់លោក​ស្រី​រាប់ទាំង​ការប្រឆាំង​លំហូរ​ជនអន្តោប្រវេសន៍ ការ​ងាក​មកប្រើប្រាស់​លុយ​ក្នុងស្រុក​ជំនួស​លុយ​អឺរ៉ុប និង​ជំហរ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជាដើម​៕


Tag:
 បារាំង​
  Emmanuel Macron
  Marine Le Pen
© រក្សាសិទ្ធិដោយ thmeythmey.com