អន្តរជាតិ
ព្រោះ​ប្រមាថ​ក្សត្រ​ថៃ មេធាវី​ក្រុម​អាវ​ក្រហម​ប្រឈមមុខ​ជាប់គុក​យ៉ាងតិច ១៥០ ឆ្នាំ​
04, May 2017 , 9:19 pm        
រូបភាព
​មេធាវី​ការពារ​សិទ្ធិមនុស្ស​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Prawet Prapanukul ប្រឈម​មុខការ​ជាប់ពន្ធ​នាគារ​ដល់​ទៅ​១៥០​ឆ្នាំ ជុំវិញ​ការ​ចោទថា​បាន​ប្រមាថ​ចេស្តា​មហាក្សត្រ​។ មេធាវី​រូបនេះ កំពុង​ត្រូវ​ប៉ូលិស​ជាប់ឃុំ​ខ្លួន បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន​។ ប៉ុន្តែ​លោក​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់នេះ​។​



​មេធាវី Prawet Prapanukul បានបង្ហាញ​ខ្លួន​ចំពោះមុខ​តុលាការ​នៅ​ថ្ងៃទី​៣ ខែឧសភា ជុំវិញ​សំណុំរឿង​ប្រមាថ​មហាក្សត្រ ដែល​អាច​មានទោស​ជាប់គុក​ដល់​ទៅ​១៥០​ឆ្នាំ បើ​រកឃើញថា​មាន​កំហុស​។ លោក Prawet Prapanukul ជា​ជំនួយ​ផ្នែក​ច្បាប់​របស់​ចលនា​អាវ​ក្រហម និង​ជា​ផ្ដល់​ប្រឹក្សា​លើ​សំណុំរឿង​នានា​ពាក់​ព័​ន្ទ​ទោស​ប្រមាថ​ស្ដេច​។ 

​មេធាវី​ម្នាក់​ឈ្មោះ Anon Nampha មកពី​បណ្ដាញ​មេធាវី​សម្រាប់​ការពារ​សិទ្ធិមនុស្ស បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuter ថា​៖ «​លោក Prawet ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​១០​ករណី ព្រោះ​បាន​បំពាន​មាត្រា​១១២ ដែល​ចែង​ពី​ការប្រមាថ​មហាក្សត្រ​»​។ បើតាម​មាត្រា​នេះ ជនជាប់ចោទ អាច​ជាប់គុក​១៥​ឆ្នាំ បើ​ត្រូវ​រកឃើញថា​បាន​បំពាន​មហាក្សត្រ ឬ​សមាជិក​រាជវង្ស​ដទៃទៀត​។ ដោយសារតែ​លោក Prawet រង​ការចោទប្រកាន់​ដល់​ទៅ​១០​ករណី ដូច្នេះ​លោក​អាច​ជាបគុក​ដល់​ទៅ​១៥០​ឆ្នាំ​។​

​ក្រៅពីនេះ មេធាវី​ដដែល​នេះ ក៏​រង​ការចោទប្រកាន់​៣​ករណី​ផ្សេងទៀត ក្រោម​មាត្រា​១១៦ នៃ​ច្បាប់ព្រហ្មទណ្ឌ ដែល​ករណី​នីមួយៗ​មានទោស​ដល់​ទៅ​៧​ឆ្នាំ​ឯណោះ​។ ដោយឡែក​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា លោក Prawet ត្រូវបាន​ចោទប្រកាន់​ជាមួយ​មនុស្ស​៥​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​បំពាន​មហាក្សត្រ​ដូចគ្នា​។  

​ប៉ូលិស​ថៃ​បាន​ប្រាប់​តុលាការ​ថា លោក Prawet បាន​បង្ហោះ​សារ​ចំនួន​១០ ដែលមាន​ន័យ​ប្រមាថមើលងាយ​មហាក្សត្រ ខណៈ​លោក​ក៏បាន​បង្ហោះ​សារ​៣​ទៀត ដែល​ជឿថា​បង្ក​អសន្តិសុខ​សង្គម​។ ប៉ុន្តែ​អត្ថន័យ​នៃ​ការចោទប្រកាន់​ទាំងនោះ មិន​ត្រូវបាន​ទម្លាយ​ឡើយ​។  

​នេះ ជា​ករណី​ប្រមាថ​មហាក្សត្រ​មួយទៀត ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​តុលាការ​ថៃ ក្រោយ​របប​យោធា​បង្កើន​ការបង្ក្រាប​ករណី​ធ្ងន់ធ្ងរ​នេះ​ចាប់​តាំង​ឆ្នាំ​២០១៤ មក​។ អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកកាសែត​ជាច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន និង​កាត់ទោស​ជា​បន្តបន្ទាប់ ហើយ​ពេលខ្លះ​ដំណើរ​កាត់ក្ដី មិនត្រូវ​បានធ្វើ​តាមច្បាប់​កំណត់​ឡើយ​។​

​ដូច​បានដឹង​ស្រាប់​ហើយ​សម្រាប់​ថៃ ការប្រមាថ​ចេស្ដា​មហាក្សត្រ ឬ​សមាជិក​រាជវង្ស ឬ​រាជ​នុ​សិទ្ធិ គឺជា​ទោស​ដ៏​ធ្ងន់ធ្ងរ​មួយ ស្រប​មហាក្សត្រ​ត្រូវបាន​ប្រជាជន​គោរព​យ៉ាងខ្លាំង​។ មហាក្សត្រ​ថៃ​ត្រូវបាន​ការពារ​យ៉ាង​តឹងរ៉ឹង​ដោយ​ច្បាប់ ហើយ​អ្នកណា​ដែល​ហ៊ាន​ប្រមាថ នឹង​មានទោស​មិនអាច​លើកលែង​បាន ខណៈ​អ្នក​ដែល​ចែកចាយ​ព័ត៌មាន ឬ​រឿងអាស្រូវ​មិនល្អ​របស់​មហាក្សត្រ ក៏​មិនអាច​រួចផុត​ពី​ការចោទប្រកាន់​ដែរ​ឡើយ​៕   


Tag:
 ថៃ​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com