អន្តរជាតិ
ប្រធានាធិបតី​វ័យ​ជរា ស៊ីម​បា​វ៉េ ជិះ​យន្តហោះ​មក​ព្យាបាល​ជំងឺ​នៅ​សិង្ហ​បុរី​ជាប្រចាំ
04, May 2017 , 4:53 pm        
រូបភាព
ប្រភពរូបភាព៖ Times
ប្រភពរូបភាព៖ Times
ដោយ: ថ្មីៗ
​មេដឹកនាំ​ជរា​ស៊ីម​បា​វ៉េ លោក រ៉ូបឺត មូ​ហ្កា​បេ តែងតែ​ធ្វើដំណើរ​ពី​ទ្វីបអាហ្វ្រិក​មក​ទទួលបាន​ការព្យាបាល​និង​ត្រួតពិនិត្យ​សុខភាព​ជាប្រចាំ​នៅ​បុរី​រដ្ឋ​សិង្ហ​បុរី​ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​។ រដ្ឋា​បា​ភិ​បាល​ស៊ីម​បា​វ៉េ​អះអាងថា លោក​មាន​ជំងឺ​ភ្នែក ​ប៉ុន្តែ​របាយការណ៍សុខាភិបាើ​ខ្លះ​ផ្សាយ​ថា​លោក​មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។



​ទោះ​វ័យ​ជរា ៩៣​ឆ្នាំ​ក៏ដោយ ប្រធានាធិបតី​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្កា​បេ សុខចិត្ត​ចំណាយពេល​ជិះ​យន្តហោះ​ក្នុង​ចម្ងាយ ៨៤៤៣​គីឡូម៉ែត្រ ឆ្លង​មហាសមុទ្រ​ឥណ្ឌា​ដើម្បី​មក​ទទួល​ការព្យាបាល​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី​។ ជារួម​លោក​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​១៦​ម៉ោង​ដែរ​។
 
​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក George Charamba បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី មូ​ហ្កា​បេ ធ្វើដំណើរ​មក​សិង្ហ​បុរី​ដើម្បី​ទទួល​ការត្រួតពិនិត្យ​និង​ព្យាបាល​ជំងឺ​ជា​ញឹកញាប់​។ ហើយ​លោក​អញ្ជើញ​មក​សិង្ហ​បុរី​ចុងក្រោយ​បំផុត​នៅ​ដើមខែ​មីនា ឆ្នាំ ២០១៧ កន្លងទៅ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ក្រុង​ហា​រ៉ា​រេ បានបញ្ជាក់​ច្បាស់​ថា ប្រធានាធិបតី​មូ​ហ្កា​បេ ត្រូវ​ទៅ​សិង្ហ​បុរី​ជាញឹកញាប់​នេះ ដើម្បី​ពិនិត្យ​ជំងឺ​ទូទៅ​ផង និង​ព្យាបាល​ជំងឺ​ភ្នែក​ផង​។ ប៉ុន្តែ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ស៊ីម​បា​វ៉េ បាន​អះអាងថា លោក មូ​ហ្កា​បេ មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ដោយសារ​មាន​វ័យ​ជរា​ស្រាប់​ផង លោក​មិនសូវ​ចេញ​មុខជា​សាធារណៈ ហើយ​ភាគច្រើន​លោក​ពិបាក​ដើរ និង​ត្រូវការ​អ្នក​ជួយ​គ្រា​ថែមទៀត​។

​ពាក់ព័ន្ធ​ការធ្វើដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ព្យាបាល​ជំងឺ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ទិតៀន​លោក មូ​ហ្កា​បេ ផងដែរ​។ នេះ​ក៏ដោយ​សារ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អន់​ខ្សោយ​នៃ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ ខណៈដែល​សេដ្ឋកិច្ច​ស៊ីម​បា​វ៉េ​នៅ​ត្រដាបត្រដួស​ក្នុង​វិបត្តិ​ចាប់ពី​ឆ្នាំ ២០០០​មក​នោះ​។​

​តាមពិតទៅ​លោក​បាន​កាន់តំណែង​អស់​រយៈពេល ៣៦​ឆ្នាំ​មកហើយ ហើយ​លោក​បាន​សន្យា​កាន់អំណាច​រហូតដល់​លោក​ស្លាប់​ថែមទៀត ព្រោះ​លោក​ជឿជាក់ថា​គ្មាន​អ្នកណា​អាច​ជំនួស​តំណែង​លោក​បានឡើយ​។​

​សូម​រម្លឹកថា ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​១៩៨០​មក លោក Mugabe តែងតែ​ឈ្នះ​រាល់​ការបោះឆ្នោត ដែល​ពោរពេញ​ដោយ​ភាពចម្រូងចម្រាស មានការ​បន្លំ​សន្លឹកឆ្នោត និង​ការគំរាមកំហែង​ថែម​ទៀតផង​។ ហើយ​អ្នកណា​ដែលមាន​បំណង​ចង់​ដណ្តើម​អំណាច​ពី​លោក​នឹង​មិនមាន​លទ្ធផល​ល្អ​ឡើយ​។ អតីត​វីរជន​ឯករាជ្យ​រូបនេះ តែង​ដកតំណែង​មន្ត្រី​ធំៗ​ជាច្រើន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តួលរំលំ​លោក​ពី​អំណាច និង​មាន​មន្ត្រី​ខ្លះ​រង​ការចាប់ខ្លួន​ផងដែរ​៕


Tag:
 រ៉ូបឺត មូ​ហ្កា​បេ​
  ស៊ីម​បា​វ៉េ​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com