ជាតិ
មនុស្ស​៣​នាក់​របួស ក្របី​២​ក្បាល​ងាប់ ដោយសារ​រន្ទះបាញ់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​
05, May 2017 , 10:23 am        
រូបភាព
​ភ្នំពេញ​៖ ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស និង​ក្របី​២​ក្បាល​ងាប់ ដោយសារ​រន្ទះបាញ់ រួមទាំង​ខូ​ត​ខាត​ផ្ទះសម្បែង​ជាច្រើន​ខ្នង​។ គ្រោះ​បាតុភូតធម្មជាតិ​នេះ បានកើត​ឡើង​នា​ថ្ងៃទី​៤ ឧសភា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​កាលពី​ថ្ងៃទី​៤ ខែឧសភា កន្លងទៅនេះ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា បានទទួល​រង​នូវ​បាតុភូតធម្មជាតិ​ភ្លៀង​កក់ខែ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស និង​ក្របី​២​ក្បាល​ងាប់ រួមទាំង​ខូ​ត​ខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​។ ក្នុងករណី​គ្រោះធម្មជាតិ​នេះ នៅ​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃទី​៤ ឧសភា​នេះ ក្របី ២​ក្បាល​បាន​ងាប់ ដោយសារ​រន្ទះបាញ់ ខណៈ​មេឃ​កំពុង​ភ្លៀង​។​



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ផ្សព្វផ្សាយ​បន្ថែមថា នា​ល្ងាច​ថ្ងៃ​ដដែល​នេះ នៅ​ខេត្តកណ្ដាល មាន​គ្រោះធម្មជាតិ​បង្កឡើង ដោយ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ គ្រោះធម្មជាតិ ក្នុង​ខេត្តកណ្ដាល បាន​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៩១​ខ្នង របើក​ដំបូល និង​រលំ រួមទាំង​មនុស្ស ១​នាក់ បាន​រងរបួស​ដោយសា​រ​រន្ទះបាញ់​។



​បើតាម​ប្រភព​ដដែល នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ កាលពី​ថ្ងៃទី​៤ ឧសភា​នេះ មាន​មនុស្ស ២​នាក់ រងរបួស ដោយសារ​ខ្យល់​កន្ត្រាក់ វាយប្រហារ​ធ្វើ​ឲ្យ​រលំ​ដើមឈើ សង្កត់​លើ​ជម្រក​ស្នាក់នៅ​។ ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​នេះ បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៦​ខ្នង រង​ការ​ខូ​ត​ខាត​។​





​គួររម្លឹកថា តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​សប្ដាហ៍​ទី​១  ចាប់ពី​ថ្ងៃទី ២-៤ ខែឧសភា កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ ម្យ៉ាងទៀត ចាប់ពី​ថ្ងៃទី ៦-១១ ខែឧសភា អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូទាំងប្រទេស​។ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​នេះ ដែល​អាច​នឹង​កើតមាន​ញឹកញាប់ ចាប់ពី​ថ្ងៃទី​៦ ឧសភា​នេះ ពិសេស​នៅ​តំបន់​វាលទំនាប និង​ខ្ពង់រាប​៕


Tag:
 អាកាសធាតុ​
  រន្ទះបាញ់​
  ភ្លៀង​កក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com