អន្តរជាតិ
ហ្វេសប៊ុករើសបុគ្គលិក៣០០០នាក់ទៀតដើម្បីពិនិត្យមើលការបង្ហោះពាក់ព័ន្ធឧក្រិដ្ឋកម្ម និងបញ្ហានានា
× លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសកាលពីថ្ងៃពុធកន្លងមកថា ក្រុមហ៊ុនបណ្តាញសង្គមឈានមុនគេលើលោកមួយនេះ គ្រោងរើសបុគ្គលិក៣០០០នាក់បន្ថែមទៀត ដើម្បីតាមដានវីដេអូ និងការបង្ហោះនានាពាក់ព័ន្ធទង្វើឧក្រិដ្ឋ និងអត្ថន័យផ្សេងៗដែលអាចចោទជាបញ្ហា។
រយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុករងការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងការខ្វះខាតវិធានការទប់ស្កាត់ការបង្ហោះវីដេអូហិង្សា ដូចជាករណីឃាតកម្មនៅ Cleveland សហរដ្ឋអាមេរិក និងការសម្លាប់ទារកនៅប្រទេសថៃ ជាដើម។
តាមការកត់សម្គាល់ វីដេអូ ឬរូបភាពហិង្សានានា សុទ្ធតែបំពានលើច្បាប់ដែលក្រុមហ៊ុនហ្វេសប៊ុកបានកំណត់ ប៉ុន្តែករណីជាច្រើននៅតែលេចចេញជារូបរាង ហើយករណីដែលត្រូវលុបចេញនោះ គឺ ដោយសារតែមានការរាយការណ៍ (Report) ប៉ុណ្ណោះ។
ទាក់ទងនឹងទាំងនេះ លោក Mark Zuckerberg អគ្គនាយកក្រុមហ៊ុនហ្វេសប៊ុក បានអះអាងថា លោកកំពុងស្វែងរកវិធីសាស្ត្រដ៏ល្អ និងការឆ្លើយតបយ៉ាងរហ័សដើម្បីឲ្យសហគមន៍មានសុវត្ថិភាព។ លោកបានបញ្ជាក់ថា៖ «នៅឆ្នាំក្រោយ យើងនឹងបន្ថែមមនុស្ស៣០០០នាក់ទៀត ដើម្បីប្រតិបត្តិការជុំវិញពិភពលោក ដោយបច្ចុប្បន្នយើងមាន៤៥០០នាក់ហើយ។ ពួកគេមានតួនាទីពិនិត្យរបាយការណ៍រាប់លានដែលយើងបានទទួលរៀងរាល់សប្តាហ៍...»។
លោកបានលើកឡើងថា បុគ្គលិករាប់ពាន់របស់ខ្លួន នឹងជំរុញការងារឲ្យកាន់តែល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ហោះនៅលើហ្វេសប៊ុកនូវសារដែលមានន័យគ្រោតគ្រាត និងការកេងប្រវ័ញ្ចកុមារ ជាដើម។ ជាមួយគ្នានេះ លោក Mark បានលើកឡើងថា ហ្វេសប៊ុកបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍តាមតំបន់ក្នុងពង្រឹងច្បាប់ ដែលជាជំនួយយ៉ាងសំខាន់សម្រាប់មនុស្សទូទៅ៕
Tag:
ហ្វេសប៊ុក
Mark Zuckerberg
© រក្សាសិទ្ធិដោយ thmeythmey.com