អន្តរជាតិ
ព្រះស្វាមីម្ចាស់ក្សត្រីយ៍ Elizabeth II ចូលនិវត្តពីរាជកិច្ចនៅព្រះជន្ម៩៥វស្សា
× ព្រះអង្គម្ចាស់ Phillip ស្វាមីម្ចាស់ក្សត្រីយ៍ Elizabeth II នៃចក្រភពអង់គ្លេស បានសម្រេចព្រះទ័យចូលនិវត្តពីរាជកិច្ចទាំងអស់របស់ទ្រង់ហើយចាប់ពីរដូវក្ដៅខាងមុខ។ មិនមានមូលហេតុច្បាស់លាស់នៃការសម្រេចព្រះទ័យនេះឡើយ ប៉ុន្តែទំនងពាក់ព័ន្ធព្រះរាជសុខភាពផ្ទាល់របស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះជន្មជិត៩៦វស្សាទៅហើយដែរ។ រាជវាំង Buckingham ប្រកាសថា ការសម្រេចព្រះទ័យនេះ ក៏ទទួលបានការយល់ព្រមពីម្ចាស់ក្សត្រីយ៍ Elizabeth II ផងដែរ។
«ព្រះអង្គម្ចាស់ Phillip ជា Duke of Edinburgh បានសម្រេចព្រះទ័យមិនចូលរួមក្នុងកម្មវិធីសាធារណៈទៀតឡើយ ចាប់ពីរដូវក្ដៅឆ្នាំ២០១៧ តទៅ។ ជាមួយការសម្រេចចិត្តនេះ ព្រះអង្គបានទទួលការគាំទ្រពេញទំហឹងពីព្រះមហេសី Elizabeth II »។ នេះជាការប្រកាសរបស់រាជវាំង Buckingham នៅថ្ងៃទី៤ ខែឧសភា ទាក់ទងនឹងការសម្រេចព្រះទ័យចូលនិវត្តន៍របស់ព្រះម្ចាស់ Phillip ដ៏គួរឲ្យភ្ញាក់ផ្អើល។
ព្រះអង្គម្ចាស់ Phillip ដែលបានរៀបអភិសេកជាមួយម្ចាស់ក្សត្រីយ៍ Elizabeth II កាលពីឆ្នាំ១៩៤៧ បានបំពេញរាជកិច្ចជាច្រើននារយៈពេល៧០ឆ្នាំមកនេះ។ បើតាមសារព័ត៌មាន BBC គ្រាន់តែក្នុងឆ្នាំ២០១៦ ព្រះអង្គ បានចូលរួមក្នុងកម្មវិធីសាធារណៈដល់ទៅ១១០ថ្ងៃឯណោះ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏មានតំណែងជាប្រធានកិត្តិយស ប្រធានអង្គការសមាគម និងជាសមាជិកអង្គការច្រើនជាង៧៨០អង្គការ។
យ៉ាងណាក្ដី បើតាមការប្រកាសរបស់រាជវាំងអង់គ្លេស ព្រះម្ចាស់ Phillip នឹងបន្តចូលរួមកម្មវិធីដែលបានអញ្ជើញរួចស្រេច ចាប់ពីពេលនេរហូតដល់ខែសីហា បន្ទាប់ពីនោះ ព្រះអង្គនឹងមិនទទួលយកការអញ្ជើញទៀតឡើយ តែនឹងសម្រេចព្រះទ័យចូលរួមកម្មវិធីណាមួយទៅតាមពេលវេលាជាក់ស្ដែង។ ដោយឡែក ម្ចាស់ក្សត្រីយ៍ Elizabeth II ដែលមានព្រះជន្ម៩១វស្សាដែរនោះ នឹងបន្តរាជកិច្ច និងចូលរួមក្នុងកម្មវិធីនានាដូចធម្មតា។
ជាអតីតទាហានជើងទឹក ព្រះអង្គម្ចាស់ Phillip តែងអមដំណើរមហេសីព្រះអង្គក្នុងការបំពេញរាជកិច្ចទាំងនៅក្នុងស្រុក និងនៅបរទេស។ មកទល់ចប្ចុប្បន្នេះ Duke of Edinburgh បានចូលរួមកម្មវិធីសាធារណៈតែអង្គឯងដល់ទៅ ២២១៩១ដង ទស្សនកិច្ចក្រៅប្រទេសចំនួន ៦៣៧ដង និងនិពន្ធសៀភៅបានចំនួន ១៤ក្បាលថែមទៀត។
តាមពិតទៅ ព្រះអង្គម្ចាស់មានលោហិតជាប់រុស្ស៊ី ដាណឺម៉ា និងអាល្លឺម៉ង់អង្គនេះ ធ្លាប់បង្ហាញព្រះទ័យចូលលាចេញពីជីវិតសាធារណៈនេះជាយូរមកហើយ។ ក្នុងឆ្នាំ២០១១ ជាឆ្នាំគម្រប់ព្រះជន្ម ៩០វស្សា ព្រះអង្គម្ចាស់ Phillip មានបន្ទូលថា៖ «ខ្ញុំគិតថា ខ្ញុំបានធ្វើរឿងជាច្រើនហើយ។ ដូច្នេះខ្ញុំចង់សម្រាកបន្តិច មិនចង់មានការទទួលខុសត្រូវច្រើន ហើយក៏មិនចង់គិតអ្វីច្រើនដែរ។ ការចងចាំក៏កាន់តែយ៉ាប់។ ខ្ញុំមិនអាចចាំឈ្មោះ ឬអ្វីផ្សេងបានទៀតឡើយ។»
Tag:
អង់គ្លេស
Phillip
Elizabeth II
© រក្សាសិទ្ធិដោយ thmeythmey.com