ជាតិ
លោក ហ៊ុន ម៉ា​នី ពង្រឹង​មិត្តភាព​អ្នកដឹកនាំ​វ័យក្មេង​កម្ពុជា​-​ថៃ​
06, May 2017 , 10:06 am        
រូបភាព
ដោយ:
 
 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​«​វេទិកា​អ្នកដឹកនាំ​វ័យក្មេង​កម្ពុជា​-​ថៃ​» លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៤-៥​ខែឧសភា​នេះ ក្នុង​គោលដៅ​បន្ត​ពង្រីក​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។ វេទិកា​ជា​លទ្ធផល​នៃ​ការពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ប្រទេស​ថៃ​កាលពី​ចុងឆ្នាំ​២០១៦​។​

 
 
​អ្នកដឹកនាំ​វ័យក្មេង និង​សហគ្រិន​វ័យក្មេង​នៃ​ព្រះរាជាណាចក្រ​ជិតខាង​ទាំងពីរ​កម្ពុជា​និង​ថៃ​ប្រមាណ​៤០​នាក់ បាន​ជួបជុំគ្នា ដើម្បី​បង្កើន​មិត្តភាព និង​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ទៅវិញទៅមក​។ វា​ជា​ជំនួប​ផ្លូវការ​លើកដំបូង​នៅក្នុង​វេទិកា​អ្នកដឹកនាំ​វ័យក្មេង​ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​
 
​វា​មាន​សារសំខាន់​ណាស់ សម្រាប់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​អ្នកដឹកនាំ​វ័យក្មេង ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​របស់​កម្ពុជា និង​ថៃ​បាន​ស្គាល់គ្នា ស្វែងយល់​ពីគ្នា និង​អាច​បង្កើន​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ​។ 
  
 
​នៅក្នុង​សន្និសីទកាសែត​នា​យប់​ថ្ងៃទី​៥​ឧសភា លោក ហ៊ុន ម៉ា​នី បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​វេទិកា​នេះ​នឹងធ្វើ​ឲ្យ​ពួកគេ​ស្គាល់គ្នា​ទៅវិញទៅមក បង្កើន​មិត្តភាព​ថ្មី​។ ទំនាក់ទំនង​ដែល​ចេញពី​ប្រជាជន និង​ប្រជាជន ពី​បុគ្គល​និង​បុគ្គល​នេះហើយ ដែល​អាច​បន្ត​ថែរក្សា​បាន​នូវ​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​របស់​យើង​ទាំងពីរ ហើយ​លើសពីនេះ​គឺ​ការពង្រីក​បន្ថែម​នូវ​ចំណងមិត្តភាព​នេះ​សម្រាប់​ថ្ងៃ​អនាគត ដោយ​ចេញពី​វេទិកា​នេះ​ទៅ​»​។​
 
​វេទិកា​អ្នកដឹកនាំ​វ័យក្មេង​កម្ពុជា​-​ថៃ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​របស់លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សុខ ចិន្តា​សោភា ដែលជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក Nuttavud Photisaro ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា និង​តំណាង​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​។​
 
​លោក សុខ ចិន្តា​សោភា​ព ក្នុងនាម​រដ្ឋាភិបាល​ក​ម្ពុ​ជា បានផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​វេទិកា​មួយ​នេះ ដែល​ផ្តល់​ពេលវេលា​ដល់​សហគ្រិន​វ័យក្មេង​របស់​ប្រទេស​ទាំងពីរ​បាន​ជួបគ្នា​ផង​នោះ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ដែល​ទទួលបន្ទុក​គ្រប់គ្រង​គម្រោង​វិនិយោគ​នៅ​កម្ពុជា​បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផងដែរ​ថា វា​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ដែល​អ្នកដឹកនាំ​វ័យក្មេង និង​អ្នកជំនួញ​វ័យក្មេង​នៃ​ប្រទេស​ទាំងពីរ​បាន​ជួប និង​ស្គាល់គ្នា​ចាប់ពីពេលនេះ​ទៅ​។ លោក សុខ ចិន្តា​សោភា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ពិភពលោក​បានទទួល​ស្គាល់​ថា តំបន់​អាស៊ាន​ជា​តំបន់​សក្តានុពល និង​អភិវឌ្ឍ​ជាងគេ​ក្នុង​ពេលខាងមុខ​។ រឹតតែ​ល្អ​ជាងនេះទៅទៀត​នោះ គឺ​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ ដូចជា​កម្ពុជា ថៃ វៀតណាម មី​យ៉ាន់​ម៉ា នឹង​ក្លាយជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​។ ដូច្នេះ​សហគ្រិន​វ័យក្មេង​ដែលមាន​សក្តានុពល ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​ខាងមុខ បើ​ពួកគេ​ស្គាល់គ្នា វា​នឹង​បង្កើត​ឲ្យ​មាន​ផលប្រយោជន៍​ធំ​ណាស់​»​។​
​សម្រាប់​លោក ចិន្តា​សោភា និន្នាការ​ថ្មី​នៃ​ការវិនិយោគ​បរទេស​មក​ក្នុង​តំបន់​គឺ​សង្វាក់​ផលិតកម្ម​ដែ​មិន​នៅតែ​ក្នុងប្រទេស​តែមួយ​នោះទេ តែ​ជា​បណ្តុំ​នៃ​ប្រទេស​ក្នុង​តំបន់​៕
 



Tag:
 ហ៊ុន ម៉ា​នី​
  សហគ្រិន​
© រក្សាសិទ្ធិដោយ thmeythmey.com