អន្តរជាតិ
បេក្ខជន​ប្រ​ធានា​ធិ​តី​កូរ៉េខាងត្បូង សម្រុក​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​នៅ​ថ្ងៃ​ចុងក្រោយ​
08, May 2017 , 2:01 pm        
រូបភាព
បេក្ខជនទាំង៥ ដែលប្រជែងកៅអីប្រធានាធិបតី។ លោក Moon Jae-in (ឆ្វេងបំផុត) ជាបេក្ខជមានសង្ឃឹមខ្ពស់ជាងគេសម្រាប់តំណែងប្រធានាធិបតី (រូបភាព Xinhua)
បេក្ខជនទាំង៥ ដែលប្រជែងកៅអីប្រធានាធិបតី។ លោក Moon Jae-in (ឆ្វេងបំផុត) ជាបេក្ខជមានសង្ឃឹមខ្ពស់ជាងគេសម្រាប់តំណែងប្រធានាធិបតី (រូបភាព Xinhua)
​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៩ ខែឧសភា​ស្អែក​នេះ ខណៈ​បេក្ខជន​ប្រធានាធិបតី​ទាំងអស់ កំពុង​ញាប់ដៃ​ញាប់ជើង​ធ្វើ​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​នៅ​ថ្ងៃ​ចុងក្រោយ​។ លោក Moon Jae-in នៅតែ​ជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់​ក្នុង​ការដណ្ដើម​តំណែង​ប្រធានាធិបតី បើទោះជា​មានការ​ប្រជែង​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​បេក្ខជន​សំខាន់ៗ​ផ្សេងទៀត​ក្ដី​។



​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែលមាន​រយៈពេល ២២​ថ្ងៃ​មកហើយ​នោះ នឹងត្រូវ​បញ្ចប់​នៅ​ពាក់​កណ្ដាលយប់​ថ្ងៃទី​៨ ខែឧសភា​នេះ​។ បេក្ខជន​ប្រធានាធិបតី​ទាំងអស់ មិនបាន​បន្ធូរដៃ​អ្វី​ឡើយ ដោយ​ពួកគេ​បាន​ចំណាយពេល​ចុងក្រោយ​របស់​ពួកគេ​ប្រឹងប្រែង​ស្វែងរក​សំឡេងគាំទ្រ​ពី​សំណាក់​អ្នកបោះឆ្នោត​។ បេក្ខជន​សំខាន់ៗ​ទាំង​៥ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ធំៗ​របស់​ប្រទេស ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត​ឲ្យ​ច្រើន​តាមតែ​អាចធ្វើ​បាន​។

​បេក្ខជន​នាំមុខគេ លោក Moon Jae-in មកពី​គណបក្ស​ប្រជាធិបតេយ្យ​សេរី ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កំពង់ផែ​ប៊ូសាន ដែល​ទីក្រុង​ធំជាងគេ​ទី​២ មុននឹង​ត្រឡប់​ទៅកាន់​រដ្ឋធានី​សេ​អ៊ូ​ល​ដើម្បី​បិទ​បញ្ចប់​យុទ្ធនាការ​របស់លោក​។ លោក Moon Jae-in ដែលជា​បេក្ខជន​សេរីនិយម សង្ឃឹម​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ក្នុង​ទីក្រុង​ប៊ូសាន បើទោះជា​ទីក្រុង​នេះ​ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​អភិរក្សនិយម​ក្ដី​។ លោក ក៏​នឹង​ទៅធ្វើ​យុទ្ធនាការ​នៅ​ក្រុង​ដេ​គូ (Daegu) ដែលជា​ទីតាំង​របស់​ក្រុម​អភិរក្ស​ដូចគ្នា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ការ​ស្ទាប់ស្ទង់​កន្លងមក​បង្ហា​ញ​ថា លោក Moon Jae-in មានសង្ឃឹម​ខ្ពស់​ក្នុងការ​ប្រជែង​កៅអី​ប្រធានាធិបតី​។ ប៉ុន្តែ​លោក​មាន​គោលនយោបាយ​ទន់ភ្លន់​ដាក់​កូរ៉េខាងជើង ដែល​គំរាម​កម្ទេច​កូរ៉េខាងត្បូង និង​ចង់​ពិនិត្យឡើងវិញ​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD លើ​ទឹកដី​កូរ៉េខាងត្បូង​ទៀតផង​។

​បេក្ខជន​ម្នាក់ទៀត គឺ Hong Joon-pyo ដែលជា​បេក្ខជន​អភិរក្ស​មកពី​គណបក្ស​សេរីនិយម​កូរ៉េ ក៏​មិន​ទុកពេល​ថ្ងៃ​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​ឲ្យ​ដើរ​ហួស​ដែរ​។ លោក នឹង​ទៅកាន់​ទីក្រុង​ប៊ូសាន​ដូច​លោក Moon Jae-in ដែរ ព្រោះ​ទីក្រុង​ប៊ូសាន ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​អភិរក្សនិយម​ស្រាប់​។ លោក Hong Joon-pyo រំពឹងថា​អាច​ការពារ​មូលដ្ឋានរ​បស់​លោក​បាន​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៩ ខែឧសភា​ស្អែក​នេះ​។​

​បេក្ខជន​ផ្សេងទៀត​មាន លោក Ahn Cheol-soo របស់​បក្ស​ប្រជាជន​ឆ្វេងនិយម ដែល​ទទួល​សំឡេងគាំទ្រ​ច្រើន​គួរសម​ក្នុងការ​ស្ទាបស្ទង់​កន្លងមក បាន​ទៅធ្វើ​យុទ្ធនាការ​នៅ​តំបន់​ភាគ​កណ្ដាល​ប្រទេស ដែល​ត្រូវ​ចាត់ទុកជា​តំបន់​ប្រទាញប្រទង់​រវាង​បេក្ខជន​ទាំងអស់​។ ដោយឡែក លោកស្រី Sim Sang-jeung ជា​បេក្ខជន​ជឿនលឿន និង​លោក Yoo Seong-min ជា​បេក្ខជន​អភិរក្ស​ដែរនោះ ក៏​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ធំៗ ដើម្បី​ស្វែងរក​ការគាំទ្រ​ដែរ​។​

​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​កូរ៉េខាងត្បូង នឹង​ចាប់ផ្ដើម​វេលា​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៨​យប់ ថ្ងៃទី​៩ ខែឧសភា​។ នៅ​ថ្ងៃទី​៤ ខែឧសភា ប្រជាជន​កូរ៉េខាងត្បូង​មួយចំនួន ក៏បាន​ទៅ​បោះឆ្នោត​មុន​កំណត់​ហើយ​ដែរ​។ លទ្ធផល​ថា​នរណា​នឹង​ក្លាយជា​ប្រធានាធិបតី​បន្ត​ពី​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដែល​ត្រូវ​អស់តំណែង ទំនងជា​ដឹង​នៅ​ប្រហែល​ម៉ោង ៣​ព្រឹក ថ្ងៃ​បន្ទាប់ ខណៈ​លទ្ធផល​ផ្លូវការ​នឹងត្រូវ​ប្រកាស​នៅពេល​ព្រឹក​ថ្ងៃទី ខែឧសភា​៕


Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com