អន្តរជាតិ
អឺរ៉ុប​ធូរទ្រូង​វិញ ក្រោយ​លោក ម៉ា​ក្រុង ឈ្នះឆ្នោត​ប្រធានាធិបតី​បារាំង​
08, May 2017 , 7:19 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតបារាំង អេម៉ានុយអែល ម៉ាក្រុង លើកដៃស្វាគមន៍អ្នកគាំទ្រនៅសារមន្ទីរ Louvre កណ្ដាលក្រុងប៉ារីស (រូបភាព AP)
ប្រធានាធិបតីជាប់ឆ្នោតបារាំង អេម៉ានុយអែល ម៉ាក្រុង លើកដៃស្វាគមន៍អ្នកគាំទ្រនៅសារមន្ទីរ Louvre កណ្ដាលក្រុងប៉ារីស (រូបភាព AP)
​ជ័យជម្នះ​របស់​បេក្ខជន​កណ្ដាល​និយម អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ធូរស្រាល​ក្នុង​ចិត្ត​យ៉ាងខ្លាំង​។ នៅមុននេះ អឺរ៉ុប​ពិតជា​ព្រួយបារម្ភ​ខ្លាំង ព្រោះ​ខ្លាច​បេក្ខជន​ស្ដាំនិយម​ជ្រុល ម៉ា​រី​ន ឡឺ​ប៉ែន (Marine Le Pen) ឈ្នះឆ្នោត ហើយ​នាំ​បារាំង​ចាក​ចេញពី​សហភាព​អឺរ៉ុប ដូចដែល​អង់គ្លេស​កំពុង​ដើរ​បច្ចុប្បន្ននេះ​។ ខុសពី​លោកស្រី ឡឺ​ប៉ែន លោក ម៉ា​ក្រុង មាន​ជំហរ​នយោបាយ​បើកទូលាយ មិន​អភិរក្សនិយម និង​គាំទ្រ​អឺរ៉ុប​។​



​នៅ​ទីបំផុត លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ក្លាយជា​ប្រធានាធិបតី​ទី​២៥ របស់​សាធារណរដ្ឋ​បារាំង បន្ទាប់ពី​ផ្ដួល​គូប្រជែង​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន ក្នុងការ​បោះឆ្នោត​ជុំ​ទី​២ ថ្ងៃទី​៧ ខែឧសភា​។ លោក ម៉ា​ក្រុង ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង ៦០​ភាគរយ ពី​អ្នកបោះឆ្នោត​ទាំងអស់​។ អ្នក​ដែល​កាន់តែ​សប្បាយ​ចិត្តនឹង​ជ័យជម្នះ​របស់លោក ម៉ា​ក្រុង គឺ​សហភាព​អឺរ៉ុប ដែល​កំពុង​ញាំញី​ដោយ​បញ្ហា​លែងលះ​ជាមួយ​ចក្រភព​អង់គ្លេស​។​

​ដូច​ដឹង​ស្រាប់​ហើយ ប្រធានាធិបតី​ជាប់ឆ្នោត ម៉ា​ក្រុង មាន​គោលនយោបាយ​គាំទ្រ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​សហភាព​អឺរ៉ុប មិន​រឹតត្បិត​សេដ្ឋកិច្ច និយម​សកលភាវូបនីយកម្ម និង​បង្កើន​ទុនវិនិយោគ​ក្នុង​វិស័យ​សាធារណៈ​ផងដែរ​។ លោក​ជា​អ្នកនយោបាយ​មាន​លក្ខណៈ​ប្រសើរ​ជាងគេ ដោយសារ​លោក​មិនដែល​លើក​គោលនយោបាយ​ទាំងឡាយណា​ដែល​ប៉ះពាល់​រឿង​រើស​អើ​ស​សាសនា​ដូច​អ្នកនយោបាយ​ផ្សេងទៀត​ទេ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ បទ​ភ្លេង Ode to Joy ដែលជា​ភ្លេង​តំណាង​ឲ្យ​សហភាព​អឺរ៉ុប ត្រូវ​ចាក់​យ៉ាង​កងរំពង​នៅក្រៅ​សារៈមន្ទីរ Louvre កណ្តាល​ក្រុងប៉ារីស ខណៈ​ប្រជាជន​បារាំង​គ្រប់​ស្រទាប់វណ្ណៈ​អបអរសាទរ​ជ័យជម្នះ​របស់លោក ម៉ា​ក្រុង និង​ស្វាគមន៍​លោក​ក្នុងនាម​ប្រធានាធិបតី​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​។ ដូច្នេះ នេះ​ជា​ដំណឹង​ល្អ​សម្រាប់​បារាំង​ផង​និង​សម្រាប់​អឺរ៉ុប​ទាំងមូល​ផង នៅពេលដែល​លោក ម៉ា​ក្រុង ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បារាំង​នោះ​។​

​ជុំវិញ​ការបោះឆ្នោត​នេះ ប្រធានាធិបតី​ចប់​អាណត្តិ ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) ដែលជា​អ្នក​នាំ​លោក ម៉ា​ក្រុង ចូលប្រឡូក​នយោបាយ​និយាយថា លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បានបញ្ជាក់​ពី​បំណង​របស់​ប្រជាជន​ភាគច្រើន​លើសលប់​ដែល​ចង់​បន្ត​រួបរួមគ្នា និង​បានបង្ហាញ​ពី​បំណង​របស់​ពួកគេ​ក្នុង​បន្ត​នៅក្នុង​អឺរ៉ុប​។ ចំណែក​អធិការបតី​អាល្លឺម៉ង់ ក៏​សន្យា​ពួតដៃគ្នា​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​បារាំង ដើម្បី​អនាគត​របស់​សហភាព​អឺរ៉ុប​ដែរ​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់ ក្លូត ចាំង​កឺ ក៏បាន​អបអរ​ជ័យជម្នះ​របស់លោក ម៉ា​ក្រុង ។ លោក ចាំង​កឺ ក៏បាន​ប្រា​ប់លោក ម៉ា​ក្រុង ដែរ​ថា លោក​សប្បាយចិត្ត​ពេល​គោលនយោបាយ​របស់លោក ម៉ា​ក្រុង ដែល​គាំទ្រ​អឺរ៉ុប នឹង​ក្លាយជា​នយោបាយ​របស់​បារាំង​ទាំងមូល ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក​ផ្ទាល់​។ ក្រៅពីនោះ មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​មាន​ចិន អង់គ្លេស អាមេរិក​ជាដើម ក៏បាន​អបអរ​លោក ម៉ា​ក្រុង ដែរ​៕  


Tag:
 ​បារាំង​
  Emmanuel Macron
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com