អន្តរជាតិ
ឡឺ​ប៉ែន ប្តេជ្ញា​កែទម្រង់​បក្ស តែ​ឪពុក​លោកស្រី​ជំទាស់​រឿង​ប្តូរ​គោលការណ៍​ស្នូល​របស់​បក្ស​
08, May 2017 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​បេក្ខជន​ស្តាំនិយម​ជ្រុល​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន​(Marine Le Pen) បានប្រកាសថា​លោកស្រី​នឹង​ចាប់ផ្តើម​ការកែទម្រង់​ទ្រាយ​ទ្រាយ​ធំ​មួយ​ក្នុង​គណបក្ស​រណសិរ្ស​ជាតិ (National Front)​។ វា​អាច​នឹងមាន​ការផ្លាស់ប្តូ​រ​ថ្នាក់ដឹកនាំ និង​គោលនយោបាយ​បក្ស​ដែលមាន​លក្ខណៈ​ជ្រុលនិយម​មួយចំនួន​ផង ដើម្បី​ឈានទៅ​ដណ្តើមយក​តំណែង​ប្រធានាធិបតី​បាន​។ ប៉ុន​តែ​ស្ថាបនិក​បក្ស​ឪពុក​របស់លោក​ស្រី​ឡឺ​ប៉ែន បាន​ព្រមាន​ថា គោលការណ៍​ស្នូល​បក្ស​មិនត្រូវ​ផ្លាស់​ប្តួ​រ​ឡើយ​។​



​បេក្ខជន​ប្រធានាធិបតី​ស្តាំនិយម​ជ្រុល​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន បាន​ចេញមុខ​ប្រកាស​ពី​បរាជ័យ​របស់ខ្លួន និង​ទទួលយក​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​នៅ​ថ្ងៃអាទិត្យ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ថា​លោកស្រី​បាន​សន្យា​រុះរើ​បក្ស​រណសិរ្ស​ជាតិ ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​បាន​ច្រើន​នៅ​សម្រាប់​អាណត្តិ​ក្រោយ​ទៀត​។​

​គេ​មិន​ទើប​ដឹង​ច្បាស់​ថា ការកែទម្រង់​បក្ស​នោះ​ស្ថិតក្នុង​កម្រិតណា ហើយ​មាន​អ្វីខ្លះ​ឡើយ​។ ប៉ុន្តែ​វា​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​បក្ស និង​មានការ​ប្តូរ​ថ្នាក់ដឹកនាំ​បក្ស​ផងដែរ​។​

​ក្នុងជំនួប​ជាមួយ​អ្នកគាំទ្រ​ខ្លួន​ក្រោយ​ដឹងថា ចាញ់ឆ្នោត​នៅ Vincennes ក្បែរ​ក្រុងប៉ារីស លោកស្រី ឡឺ​ប៉ែន បញ្ជាក់ថា​លោកស្រី​បាន​ទូរ​សព្ទ​ទៅ​អបអរសាទរ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថែមទៀត​ក្រោយ​ដឹង​លទ្ធផល​។ លោកស្រី បន្តថា លទ្ធផល​បោះឆ្នោត​ជា​រឿង​ប្រវត្តិសាស្ត្រ និង​ធំធេង​ណាស់​សម្រាប់​គណបក្ស​រណ​សិរ្ស​ជាតិ ហើយ​វា​ចាំបាច់​ត្រូវមាន​ការកែទម្រង់​ធំ​មួយ​ដើម្បី​ប្រកួត​នៅពេល​ខាងមុខ​ទៀត​។​

​មេដឹកនាំ​បក្ស​រណសិរ្ស​ជាតិ​ដែលមាន​និន្នាការ​ស្តាំនិយម​ជ្រុល​វ័យ ៤៨​ឆ្នាំ​រូបនេះ​បានប្រកាស​ផងដែរ​ថា​លោកស្រី​នឹង​បន្ត​ដឹកនាំ​បក្ស​ដើម្បី​ឈានទៅ​ប្រកួត​ការបោះឆ្នោត​សកល​ខែមិថុនា​ខាងមុខ​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោកស្រី​បញ្ជាក់​ដូច្នេះ​« ខ្ញុំ​ផ្តល់យោបល់​ថា​យើង​ត្រូវ​ចាប់ផ្តើម​ផ្លាសប្តូរ​ចលនា​របស់​យើង​ដើម្បី​បង្កើត​កម្លាំង​នយោបាយ​ថ្មី​។ ខ្ញុំ​អំពាវនាវ​ឲ្យ​អ្នកស្នេហាជាតិ​ទាំងអស់​ចូលរួម​ជាមួយ​យើង​»​។​

​ដោយ​យ​ឡែក អនុប្រធាន​បក្ស Florian Philippot បាន​បង្ហើប​ផងដែរ​ថា គណបក្ស​រណសិរ្ស​ជាតិ​អាច​នឹង​ប្តូរ​ឈ្មោះ​របស់ខ្លួន​នៅពេល​ខាងមុខ​ផង ដើម្បី​ផ្លាស់ប្តូរ​ចលនានយោបាយ​។ បន្ថែម​ពីនេះ គេ​ឃើញ​មេដឹកនាំ បក្ស​ចាប់ផ្តើម​ជជែក​គ្នា​ពី​អនាគត​បក្ស​ជាពិសេស​អ្នក​ដែល​អាច​ស្នង​តំណែង​ប្រធាន​បក្ស​របស់​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន ព្រោះ​អ្នកគាំទ្រ​គណបក្ស​ខកចិត្ត​ខ្លាំង​ចំពោះ​លទ្ធផល​បោះឆ្នោត​។ គេ​វាយតម្លៃថា ក្មួយ​លោកស្រី ម៉ា​រី​ន ឡឺ​ប៉ែន Marion Marechal-Le Pen អាច​នឹង​ក្លាយជា​អ្នក​ស្នង​តំណែង​លោកស្រី ឡឺ​ប៉ែន​នៅពេល​ខាងមុខនេះ​។

​និយាយ​ដល់​ការកែទម្រង់​បក្ស​នេះ គេ​មើលឃើញថា លោកស្រី ឡឺ​ប៉ែន​អាច​នឹង​បន្តធ្វើ​យ៉ាង​ណ​ប្តូរ​គោលការណ៍​ស្នូល​របស់​បក្ស​ដែលមាន​លក្ខណៈ​ជ្រុលនិយម​ពេក​ជាពិសេស​ការ​ឃោ​នា​ស​ដែល​បង្ក​ឲ្យ​មានការ​ស្អប់ខ្ពើម​ឬ​រើសអើង​ពូជសាសន៍ និង ការប្រឆាំង​ជនជាតិ​ជ្វី​ហ្វ​ជាដើម​ផង​។​

​ក្រោយពេល​ឡើង​ស្នង​តំណែង​ឪពុក លោក  ហ្ស​ង់​ម៉ា​រី ឡឺ​ប៉ែន (Jean-Marie Le Pen) របស់លោក​ស្រី​នៅ​ឆ្នាំ ២០១១ លោកស្រី ឡឺ​ប៉ែន ក៏​ព្យាយាម​ខ្លាំង​ដើម្បី​លើកមុខ​មាត់​និង​ព្យាយាម​ប្តូរ​គោលការណ៍​រឹងត្អឹង​របស់​គណបក្ស​ផងដែរ​។ ប៉ុន្តែ​លោកស្រី​ប្រឈម​បញ្ហា​ច្រើន​ព្រោះ​ការព្យាយាម​កែប្រែ​គោលការណ៍​បក្ស​នេះ​ធ្វើ​ឲ្យ​បក្ស​បាត់បង់​អ្នកគាំទ្រ​ស្នូល ជាពិសេស​អ្នក​ដែល​ស្មោះស្ម័គ្រ​ឪពុក​លោកស្រី​តែម្តង​។​

​និយាយ​ដល់​ការ​ឈានទៅ​កែទម្រង់​គោលការណ៍​ស្នូល​របស់​បក្ស​នេះដែរ ឪពុក​លោកស្រី ឡឺ​ប៉ែន ផ្ទាល់​បាន​ជំទាស់​ដាច់ខាត​។ ក្នុងនាម​ជា​ស្ថាបនិក​បក្ស​វ័យ ៨៨​ឆ្នាំ លោក ហ្ស​ង់​ម៉ា​រី ឡឺ​ប៉ែន បាន​លើកឡើងថា គណបក្ស​រណសិរ្ស​ជាតិ​ត្រូវតែ​រក្សា​គោលការណ៍​ស្នូល​របស់ខ្លួន និង​ជា​កម្លាំង​នយោបាយ​មួយ​ដែល​និន្នាការ​ស្តាំនិយម​ជ្រុល​ពិតប្រាកដ​។ ទាំងនេះហើយ​ដែល​អាចជួយ​ឲ្យ​គណបក្ស​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៧២​នេះ អាចរ​ស់បាន​មកដល់​បច្ចុប្បន្ន​៕



Tag:
 Emmanuel Macron
  Marine Le Pen
  Jean Marie Le Pen
© រក្សាសិទ្ធិដោយ thmeythmey.com