អន្តរជាតិ
បុរស​ម៉ិ​ក​ស៊ិ​ក​ដែលមាន​ទម្ងន់​ជិត​៦០០​គីឡូក្រាម ធ្វើការ​វះកាត់​បញ្ចុះទម្ងន់​
08, May 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​បុរស​ម៉ិ​ក​ស៊ិ​ក​ម្នាក់​ដែលមាន​ទម្ងន់​រហូតដល់​ទៅជិត​៦០០​គីឡូក្រាម ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង Guadalajara កាលពី​ចុង​សប្តាហ៍​កន្លងមក ដើម្បី​ធ្វើការ​វះកាត់​សម្រក​ទម្ងន់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​លោក Juan Pedro Franco អាយុ​៣២​ឆ្នាំ មាន​ទម្ងន់​រហូតដល់​ទៅ​៥៩៥​គីឡូក្រាម​។ ភ្លាមៗ បន្ទាប់ពី​ធ្វើការ​វះកាត់ លោក​បាន​ស្រក​ទម្ងន់​ប្រមាណ​១៧៥​គីឡូក្រាម​។ លោក Jose Castaneda Cruz ដែលជា​វេជ្ជបណ្ឌិត​ទទួលបន្ទុក​ផ្នែក​វះកាត់ បាន​រៀបរាប់ថា វា​គ្រាន់តែ​ជាការ​វះកាត់​ដំណាក់កាល​បឋម​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ការងារ​នេះ ដំណើរការ​ទៅ​រលូន លោក Franco អាច​ស្រក​ទម្ងន់​បន្ថែមទៀត​។​

​ក្រុម​វេជ្ជបណ្ឌិត បាន​អះអាងថា ការវះកាត់​ផ្តោតទៅលើ​ផ្នែក​ក្រពះ ពោះវៀន ដោយ​ធ្វើយ៉ាងណា កាត់បន្ថយ​ការស្រេកឃ្លាន​ហួសហេតុ​របស់ Franco​។ បណ្តា​ព័ត៌មាន​ម៉ិ​ក​ស៊ិ​ក បាន​រាយការណ៍​ថា លោក Franco ដើរចេញ​មិន​រួច​ពី​គ្រែ​អស់​រយៈពេល​៧​ឆ្នាំ​ហើយ ដោយសារ​ទម្ងន់​គាត់​ចេះតែ​ឡើងជា​លំដាប់​ចាប់ពី​អាយុ​១៧​ឆ្នាំ​មក​។​



​តាម​កំណត់ត្រា ម៉ិ​ក​ស៊ិ​កមាន​ប្រជាពលរដ្ឋ​រហូតដល់​ទៅ​៧២,៥​ភាគរយ ជួប​បញ្ហា​លើស​ទម្ងន់​។ កាលពី​ឆ្នាំ​២០០៧ ឈ្មោះ​លោក Manuel Uribe  ដែលជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ផងដែរ​នោះ ត្រូវបាន​ចុះបញ្ជី​ក្នុង​សៀវភៅ​កំណត់ត្រា Guinness World Records ដោយមាន​ទម្ងន់​៥៩៧​គីឡូក្រាម ប៉ុន្តែ​លោក​បានទទួល​មរណភាព​ទៅហើយ​កាលពី​ឆ្នាំមុន​។​

​កាលពីពេល​ថ្មីៗ​កន្លងមកនេះ  ស្ត្រី​អេ​ហ្ស៊ី​ប​ឈ្មោះ Eman Ahmed Abd El Aty អាយុ​៣៧​ឆ្នាំ​ ដែលមាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម បាន​ស្រក​ទម្ងន់​ជា​បន្តបន្ទាប់ ក្រោយ​គាត់​បានសម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​៕



Tag:
 ធាត់​
  Juan Pedro Franco
© រក្សាសិទ្ធិដោយ thmeythmey.com