កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ កូរ៉េខាងជើង​ទទួល​ម៉ាឡេស៊ី ក្រោយ​បញ្ចប់​បញ្ហា​ការទូត​រវាង​ប្រទេស​ទាំងពីរ​
10, May 2017 , 7:39 pm        
រូបភាព
លោក Shin Man Gil នាយកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី
លោក Shin Man Gil នាយកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វី​អាស៊ី​(AFC) បានប្រកាសថា​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង និង​ទទួល​ស្វាគមន៍​ក្រុម​ម៉ាឡេស៊ី​នៅ​រដ្ឋធានី​ព្យូ​ង​យ៉ាង​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup​។ នៅមុននេះ ជំនួប​ខាងលើ​ត្រូវ​រំពឹងថា​នឹងត្រូវ​ធ្វើ​នៅ​ទឹកដី​កណ្តាល​ដោយសារ​ម៉ាឡេស៊ី​មាន​បញ្ហា​ការទូត​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​លោក គីម ជុង​អ៊ុន​។​



​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០១៩ រ​វា​ក្រុមបាល់ទាត់​កូរ៉េខាងជើង និង​ម៉ាឡេស៊ី នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ នា​កីឡាដ្ឋាន Rungrado May Day Stadium ក្នុង​រដ្ឋធានី​ព្យូ​ង​យ៉ាង​។​

​ជុំវិញ​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ខែកុម្ភៈ​កន្លងទៅ បាន​បង្កឱ្យមាន​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយមាន​ការហាម​ប្រាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស ហើយ​ថែមទាំង​មាន​ការដក​ឯកអគ្គរ​ដ្ឋ​ទូត​ចេញ​រៀងៗ​ខ្លួន​ទៀតផង​។​

​ប៉ុន្តែ​ក្រោយពី​ដោះស្រាយ​បញ្ហា​ការទូត​រវាង​ប្រទេស​ទាំងពីរ​រួចរាល់ ដោយ​ម៉ាឡេស៊ី​បាន​យល់ព្រម​បញ្ជូន​សព​លោក គីម ជុង​ណា​ម ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ​តាម​សំណើរ​របស់​ក្រុង​ព្យុងយ៉ាង ហើយ​កូរ៉េខាងជើង​ក៏​ព្រម​ដោះលែង​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​ត្រឡប់​ទៅវិញ​នោះ កម្តៅ​ន​យោ​យ​បាយ​ប្រទេស​ទាំងពីរ​ក៏បាន​ធូរស្រាល​វិញ​ផងដែរ​។​

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ ដើម្បី​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ​ចែកចេញជា​៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដោយ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ស្ថិ​ន​នៅ​ពូ​ល​B ត្រូវ​ជួប លី​បង់ និង​ហុងកុង​។​

​ក្រុម​ដែល​កំពុង​រង់ចាំ​រួចជាស្រេច​រួមមាន ម្ចាស់ផ្ទះ​អារ៉ាប់​រួម​អេ​មី​រ៉េត កាតា កូរ៉េខាងត្បូង ជប៉ុន ថៃ អា​រ៉ា​ប៊ី​សា​អូឌីត អូស្ត្រាលី អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ ស៊ី​រី អ៊ីរ៉ាក់ និង​ចិន​៕


Tag:
 បាល់ទាត់​
  AFC Asian Cup
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com