កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ស៊ើបអង្កេត​ជុំវិញ​ការផ្ទេរ Pogba ទៅ Man Utd ក្នុងតម្លៃ​កប់​ពពក​
11, May 2017 , 8:39 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​បើក​ការស៊ើបអង្កេត​ករណី​ផ្ទេរ​ខ្សែបម្រើ Paul Pogba ពី Juventus ទៅ Manchester United កាលពី​ឆ្នាំមុន ក្នុងតម្លៃ​ឯក​ត្ត​កម្ម ៨៩.៣​លាន​ផោន ប្រហែល​ជាង​១១៥​លាន​ដុល្លារ​។​



​បើតាម​ការចុះផ្សាយ​រប​ស់ការ​សែត​TheGuardian ថ្ងៃទី​៩ ខែឧសភា​នេះ FIFA បើក​ការស៊ើបអង្កេត​នេះ​បន្ទាប់ពី​មាន​ឯកសារ​បែកធ្លាយ​ថា​ភ្នាក់ងារ​ផ្ទាល់​កីឡាករ​លោក Mino Raiola បានទទួល​ចំណែក​ប្រមាណ​៤១​លាន​ផោន ប្រហែល​៥៣​លាន​ដុល្លារ​ពី​ការផ្ទេរ​របស់​ខ្សែបម្រើ​សញ្ជាតិ​បារាំង ទៅកាន់​ទឹកដី Old Trafford កាលពី​ឆ្នាំមុន​។​

​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ បាន​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​ក្លិប​នៅ Premier League ដើម្បី​ស្វែងរក​ការបំភ្លឺ​លើ​កិច្ចព្រមព្រៀង​នៃ​ការផ្ទេរ​នេះ​។ FIFA កំពុង​ព្រួយបារម្ភ​ជុំវិញ​ការផ្ទេរ​ក្នុងតម្លៃ​ជាង​១១៥​លាន​ដុល្លារ រវាង​ក្រុម Juventus និង Man Utd ថា​តើ​លុយ​ដ៏​សន្ធឹកសន្ធាប់​នេះ​ត្រូវ​ចំណាយ​ដោយ​របៀប​មិច​។​

​ជុំវិញ​ករណី​នេះដែរ​អ្នកនាំពាក្យ​របស់ Man Utd បាន​លើកឡើងថា​៖«​យើង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​កិច្ចសន្យា​របស់​បុគ្គល​ទេ​។ FIFA ទទួលបាន​ឯកសារ​នេះ​តាំងពី​ការផ្ទេរ​ត្រូវបាន​បញ្ចប់​កាលពី​ខែសីហា​មកម្ល៉េះ​»​។​

​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ក្លាយជា​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​បន្ទាប់ពី​ផ្ទេរ​ទៅកាន់ Man United ជា​លើក​ទី​២​កាលពីដើម​រដូវ​កាល​ថ្មី​នេះ​។ នៅ​រដូវ​កាល​នេះ Pogba បង្ហាញខ្លួន​ឲ្យ​បិ​សា​ក្រហម​៤៨​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់​៕


Tag:
 បាល់ទាត់​
  FIFA
  Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com