ជាតិ
​សម្តេច ហ៊ុន សែន ជំរុញ​ឲ្យ​អាស៊ាន​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP
11, May 2017 , 3:51 pm        
រូបភាព
​សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​អាស៊ាន​បន្ត​លើកស្ទួយ​ភាពជា​ស្នូល​របស់ខ្លួន​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពង្រឹងសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​តំបន់​និង​ពិភពលោក​នៅពេល​អនាគត​។ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នេះ សម្ដេច ហ៊ុន សែន ជំរុញ​ឲ្យ​អាស៊ាន​ផ្ដោតលើ​ការសម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​រឿង​អាទិភាព​បំផុត​មួយ​របស់​អាស៊ាន​។



​នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្តល់​អនុសាសន៍​ក្នុង​វេទិកាស្តីពីអាស៊ាន​ក្នុងវ័យ​៥០ឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក​ (World Economic Forum) ថា ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​សហគមន៍​មាន​សមា​រណកម្ម​ស៊ីជម្រៅ​ស្របតាម​គោលដៅ​របស់ខ្លួន​នោះ អាស៊ាន​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ និង​កសាង​ទំនុកចិត្ត​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។​

​ក្រៅពីនេះ​អាស៊ាន​ត្រូវ​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព និង​កាត់បន្ថយ​គម្លៀត​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​កសាង​ការផ្សាភ្ជាប់​ក្នុង​តំបន់​ដែលមាន​បី​ប្រភេទ​មានការ​ផ្ស​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​,​រវាង​ស្ថាប័ន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​។

​មួយវិញទៀត សម្តេច​បានកត់សម្គាល់​ថា អ្វីដែល​សំខាន់​អាស៊ាន​ត្រូវ​លើកកម្ពស់​ភាពជា​ស្នូល និង​បន្ត​តួនាទី​និង​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភព​ល​លោក​និង​តំបន់​ឲ្យ​ខាងតែបាន​នាពេល​អនាគត​។​

​សម្តេច​៖ ដើម្បី​លើកស្ទួយ​ភាពជា​ស្នូល​របស់​អាស៊ាន ការសម្រេចបាន​កិច្ចព្រមព្រៀង​RCEP​ជា​រឿង​អាទិភាព​របស់​អាស៊ាន​

​ស្ថិតនៅលើ​វេទិកា​រួម​ជា​ប្រមុខរដ្ឋ​ហ្វីលីពីន និង​ប្រមុខ​រដ្ឋាភិបាល​ឡាវ និង​វៀតណាម សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សង្កត់ធ្ងន់ថា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​តួនាទី​និង​រក្សា​ភាព​ភាពជា​ស្នូល​របស់ខ្លួន​ក្នុងនាម​ជា​អង្គការ​ដ៏​ជោគជ័យ​មួយ ការសម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ជា​រឿង​អាទិភាព​បំផុត​។​



​សម្តេច ហ៊ុន សែន បានលើកឡើង​​ដូ​ច្នះ​ថា​៖«​រឿង​អាទិភាព​របស់​អាស៊ាន​គឺ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ដែលមាន​ភាគី​សរុប ១៦ ដែលមាន​អាស៊ាន​ជា​ឆ្អឹងខ្នង​។ ហើយ​កិច្ចព្រមព្រៀង​នេះ​មាន​ទំហំ​ផលិតផល​ក្នុង​សរុប​ប្រហែល ២២,៤ ទ្រី​លាន​ដុល្លារ​ឯណោះ​»​។​

​តាមពិតទៅ អាស៊ាន​ក្លាយជា​សហគមន៍​ដ៏​ធំ​មួយ​ដែលមាន​ប្រជាជន​ជាង ៦០០​លាន​នាក់​ភាគច្រើន​មាន​វ័យក្មេង និង​ជា​សហគមន៍​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស និង​មានលទ្ធភាព​រក្សា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​បានល្អ​ប្រសើរ​។ ដូច្នេះហើយ​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​ជា​ជម្រើស​មួយ​ដ៏​ប្រសើរ​បំផុត​សម្រាប់​តំបន់​ផង និង​កម្ពុជា​ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ​ផង​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​នេះ​ត្រូវបាន​គេ​ស្នើឡើង​ដំបូង​នៅ​ឆ្នាំ ២០១២ នាទី​ក្រុងភ្នំពេញ​ដោយមាន​សមាជិក​សរុប ១៦ ហើយ​ក្នុងនោះ​មាន​ប្រទេស​អាស៊ាន​ទាំង ១០ រួមជាមួយ​ដៃគូ​សន្ទនា​ចំនួន ៦​ផ្សេង​ទៀតផង​។ កាលបរិច្ឆេទ​នៃ​ការបញ្ចប់​ការចរចា​ដើម​ឡើង​គឺ​ចុងឆ្នាំ ២០១៥ ប៉ុន្តែ​ការចរចា​មិនអាច​បញ្ចប់​តាម​ការគ្រោងទុក​នោះឡើយ​។ មាន​សមាជិក​សរុប ១៦ បើ​កិច្ចព្រមព្រៀង​នេះ​ចេញ​រូបរាង​ជា​ផ្លូវការ វា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំ​ដែលមាន​ប្រជាជន​រហូតដល់ ៣,៥​ពាន់​លាន​នាក់​ឯណោះ​។​

​បច្ចុប្បន្ននេះ សមាជិក​អាស៊ាន​ទាំង ១០ និង​ដៃគូ​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ជំរុញ​ឲ្យ​មានការ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ​ត្រឹម​ចុងឆ្នាំ ២០១៧ ខាងមុខ​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ អាស៊ាន​ប្តេជ្ញា​កាត់បន្ថយ​របាំង​ពន្ធ​ឲ្យ​ដល់ ៩០​ភាគរយ​នៃ​ផលិតផល​ពាណិជ្ជកម្ម​ទាំងអស់​ថែមទៀត​ផង​៕


Tag:
 សម្តេច ហ៊ុនសែន​
  RCEP
  អាស៊ាន​
  WEF
  ASEAN50
© រក្សាសិទ្ធិដោយ thmeythmey.com