អន្តរជាតិ
ទាហានមួកខៀវម៉ារ៉ុកដែលបាត់ខ្លួន បានស្លាប់ហើយ
× ទាហានរក្សាសន្តិភាពរបស់ម៉ារ៉ុកដែលបានបាត់ខ្លួន អំឡុងពេលវាយឆ្មក់លើក្បួនរថយន្តបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ត្រូវបានរកឃើញថាស្លាប់ហើយ។ នេះ មានន័យថាចំនួនកងទ័ពមួកខៀវដែលបាត់បង់ជីវិតក្នុងការហេតុការណ៍វាយឆ្មក់កើនឡើងដល់៥នាក់ហើយ ខណៈចំនួនអ្នករងគ្រោះមានចំនួន១០នាក់។
យោងតាម AFP អ្នកនាំពាក្យអង្គការសហប្រជាជាតិ Stephane Dujarric បាននិយាយថា សាកសពទាហានមួកខៀវម៉ារ៉ុក ដែលបានបាត់ខ្លួន ត្រូវបានរកឃើញនៅថ្ងៃទី១១ ខែឧសភា។ ទាហានម៉ារ៉ុកដែលស្លាប់នេះ គឺជាទាហានបេសកកម្មរក្សាសន្តិភាព Minusca ទី៥ ដែលបានពលីការវាយឆ្មក់ អំឡុងពេលបំពេញការងាររបស់ខ្លួននៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
ក្រុមឧទ្ទាមគ្រិស្តសាសនា anti-Balaka គឺជាអ្នកនៅពីក្រោយការវាយប្រហារមកលើក្បួនរថយន្តរបស់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅថ្ងៃទី៨ ខែឧសភា។ ទាហានមួកខៀវកម្ពុជាម្នាក់ បានស្លាប់ភា្លមៗក្នុងការបាញ់តដៃគ្នា ខណៈទាហានកម្ពុជា និងម៉ារ៉ុកផ្សេងទៀតបានរងរបួស និងបាត់ខ្លួន។ ក្រោយមក ទាហានកម្ពុជា៣នាក់ដែលបាត់ខ្លួន ក៏ត្រូវរកឃើញថាបានស្លាប់នៅក្បែរកន្លែងប៉ះទង្គិច ហើយពេលនេះ សាកសពទាហានម៉ារ៉ុកដែលបាត់ខ្លួនជាមួយគ្នានេះ ទើបរកឃើញដែរ។
មន្ត្រីអង្គការសហប្រជាជាតិ និយាយថា សាកសពទាហានកម្ពុជាទាំង៤ មានលក្ខណៈដាច់ដោចខ្លាំង ដែលពិបាកកំណត់អត្តសញ្ញាណណាស់។ ជាមួយគ្នានេះ ប្រធានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ Jean-Pierre Lacroix នឹងទៅកាន់រដ្ឋធានី Bangui ដើម្បីចូលរួមកម្មវិធីមរណទុក្ខរបស់ទាហានទាំង៥ និងជួបបណ្ដាមេដឹកនាំប្រទេសសាធារណរដ្ឋអាហ្វ្រិកកណ្ដាលដែរ។
ដោយឡែក ម៉ារ៉ុកក៏ប្រកាសដែរថា សាកសពកងទ័ពរបស់ខ្លួនដែលទើបរកឃើញនេះ ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតវិញហើយ ខណៈដែលទាហានរបួសម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ៕
Tag:
UN
ម៉ារ៉ុក
កងទ័ពមួកខៀវ
Minusca
© រក្សាសិទ្ធិដោយ thmeythmey.com