ជាតិ
​សម្តេច ហ៊ុន សែន ផ្ទេរ​កណ្តឹង​កិត្តិយស​ឲ្យ​នាយករដ្ឋមន្ត្រី​វៀតណាម​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ឆ្នាំ ២០១៨
12, May 2017 , 8:39 pm        
រូបភាព
​ក្នុង​ពិធី​បិទ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​ថ្ងៃ​សុក្រ​ទី ១២ ឧសភា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ទេរ​កណ្តឹង​កិ​តិ្ត​យស​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​វៀតណាម​ដែល​នឹងត្រូវ​រៀបចំ​វេទិកា​នេះ​ឆ្នាំ ២០១៨ ។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ ប្រតិភូ​អន្តរជាតិ​មាន​ទាំង​អ្នកជំនួញ និង​អ្នកជំនាញ​ដែល​បានផ្តល់​កិត្តិយស​ដល់​កម្ពុជា​ដោយ​អញ្ជើញ​មក​ចូលរួម​វេទិកា​នេះ​។​



​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​ទទួលយក​កណ្តឹង​កិត្តិយស​ពីស​ម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ១២​ឧសភា​នេះ ដោយ​វៀតណាម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ផ្តោតលើ​អាស៊ាន​នេះ​ម្តងនា​ឆ្នាំក្រោយ​។​

​មុន​ផ្ទេរ​កណ្តឹង​កិត្តិយស​នេះ សម្តេច ហ៊ុនសែន បាន​លើកឡើងថា ការរៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​ដោយ​ជោគជ័យ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការធ្វើការងារ​ជា​ក្រុម និង​បង្ហាញ​ពី​ភាព​សុខដុមរ​នា​ក្នុង​ក្របខណ្ឌ​អាស៊ាន ដែល​វា​ថាមពល​ធំ​បំផុត​របស់​តំបន់​របស់​តំបន់​នេះ​ផង​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សម្តេច​ក៏​សង្ឃឹម​មុតមាំ​ថា វេទិកា​សេដ្ឋកិច្ច​ពហុភាគី​កម្រិត​អន្តរជាតិ​នេះ នឹង​ក្លាយជា​វេទិកា​សំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ​សហការគ្នា​ដើម្បី​រារាំង​ចលនា​គាំពារ​និយម និង​ជំរុញ​ស្មារតី​សមាហរណកម្ម​ផងដែរ​។​

​សម្តេច​បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ដល់​បណ្តា​មេដឹកនាំ ប្រតិភូ​តំណាង​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន អ្នកជំនាញ​ជាច្រើន​រយ​នាក់​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​វេទិកា​នេះ​។ ហើយ​ស​ម្តេចក៏​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ដែល​ផ្តល់ឱកាស​ដល់​កម្ពុជា​រៀបចំ​វេទិកា​នេះដែរ​។​

​ដោយ​យ​ឡែក បន្ទាប់ពី​ទទួល​កណ្តឹង​កិត្តិយស​ហើយ នាយករដ្ឋមន្ត្រី​វៀតណាម បាន​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​វា​ជួយ​ឲ្យ​អាស៊ាន​លូតលាស់​ទៅមុខ​។ ហើយ​វៀតណាម​ដែល​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​នេះ​នៅ​ឆ្នាំក្រោយ បាន​រៀនសូត្រ​ទុកជា​បទពិសោធន៍​ពី​ប្រទេស​ដែល​បានរៀបចំ​វេទិកា​នេះ​៕


Tag:
 អាស៊ាន​
  WEF
© រក្សាសិទ្ធិដោយ thmeythmey.com