អន្តរជាតិ
ការវាយប្រហារ​ថ្មី​មួយទៀត​នៅ​អាហ្វ្រិក​កណ្តាល ធ្វើ​ឲ្យ​ទាហាន​ម៉ា​រ៉ុ​ក​ម្នាក់​ស្លាប់​
15, May 2017 , 2:34 pm        
រូបភាព
កងកម្លាំងមួកខៀវ MINUSCA នាអំឡុង​ប្រតិបត្តិការនៅ​ក្រុង Bangui ប្រទេសអាហ្វ្រិក​កណ្តាល។ រូបថត UN
កងកម្លាំងមួកខៀវ MINUSCA នាអំឡុង​ប្រតិបត្តិការនៅ​ក្រុង Bangui ប្រទេសអាហ្វ្រិក​កណ្តាល។ រូបថត UN
ដោយ: រួបរួម
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្កោល​ការវាយប្រហារ​ថ្មី​មួយទៀត​របស់​ក្រុម​ឧទ្ទាម anti-Balaka ទៅលើ​ជន​ស៊ីវិល និង​កង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល (MINUSCA) កាលពី​ថ្ងៃទី​១២ និង​១៣ ខែឧសភា នៅ​ទីក្រុង Bangassou ប្រទេស​អាហ្វ្រិក​កណ្តាល​។ ការវាយប្រហារ​នេះ បានធ្វើ​ឲ្យ​មានការ​ជម្លៀស​ជន​ស៊ីវិល​ជាច្រើន និង​បណ្តាល​ឲ្យ​ទាហាន​ម៉ា​រ៉ុ​ក​ម្នាក់​ទទួលមរណភាព​។​



«​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​ជនរងគ្រោះ និង​រដ្ឋាភិបាល​ម៉ា​រ៉ុ​ក​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​របស់​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stepane Dujarric​។​

​ការវាយប្រហារ​ថ្មី​នេះ ស្រប​ពេលដែល UN និង MINUSCA រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ទាហាន​មួក​ខៀវ MINUSCA ៥​នាក់ (​កម្ពុជា​៤​នាក់ និង​ម៉ា​រ៉ុ​ក​១​នាក់​) បានទទួល​មរណភាព​ដោយសារ​ការ​ស្ទាក់​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម anti-Balaka  កាលពី​ថ្ងៃទី​៨ ខែឧសភា នៅ​ភូមិ Rafai តំបន់ Mbomou ។ បច្ចុប្បន្ន ទាហាន​មួក​ខៀវ កម្ពុជា​១​នាក់ និង​ម៉ា​រ៉ុ​ក​៩​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​លោក Antonio Guterres បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​ព្រៃផ្សៃ​របស់​ក្រុម​ឧទ្ទាម ដោយ​លោក​បាន​ចាត់ទុកថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ តាមរយៈ​អ្នកនាំពាក្យ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ អំពាវនាវ​ដល់​អាជ្ញាធរ​អាហ្វ្រិក​កណ្តាល រួមទាំង​សហគមន៍​អន្តរជាតិ​រួមគ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម ដើម្បី​នាំ​អ្នកប្រព្រឹត្ត​ល្មើស​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕


Tag:
 អាហ្វ្រិក​កណ្តាល​
  MINUSCA
© រក្សាសិទ្ធិដោយ thmeythmey.com