ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បើបេក្ខជនមេឃុំបក្សមូលដ្ឋានជាប់ នឹងធ្វើឲ្យមានមនុស្សល្អៗ ៥ យ៉ាង បម្រើប្រជាជនក្នុងឃុំ លោក យ៉ង សាំងកុមារ ពេលចុះពន្យល់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
× គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានលក្ខណៈពិសេសពីគណបក្សដទៃ នៅត្រង់ថា បក្សនេះ ធ្វើប្រជាធិបតេយ្យពីក្រោមឡើងមកលើ។ នេះជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពអ្នកដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងបទសម្ភាសជាមួយលោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ។ បើតាមលោក កុមារ គណបក្សលោកបានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៤ ចំនួន ២៧ ក្នុងចំណោមឃុំ-សង្កាត់់ ១៦៤៦ នៅទូទាំងប្រទេសកម្ពុជា។ លោកថា បើបេក្ខជនមេឃុំ គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាប់ នឹងធ្វើឲ្យមានមនុស្សល្អ ៥ យ៉ាង ដូចជា គ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អ នគរបាលល្អ និងមេភូមិល្អ ដើម្បីបម្រើប្រជាជននៅក្នុងឃុំ។
សូមអានបទសម្ភាសខាងក្រោម៖
លោក ជា ធីរិទ្ធ៖ គណបក្សលោក បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ចំនួន ២៧ ឃុំ។ តើគណគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានកំណត់នូវលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីសម្រេចជ្រើសរើសបេក្ខជនទាំងនោះឲ្យឈរឈ្មោះ? ហើយហេតុអ្វី មានបេក្ខជនឈរឈ្មោះតិច?
លោក យ៉ង សាំងកុមារ៖ គុណសម្បត្តិរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានកំណត់នោះ ទី ១ បេក្ខជនមានប្រវត្តិល្អ មានអត្តចរិតល្អ។ ទី ២ បេក្ខជនត្រូវមានបទពិសោធន៍ និងស្នាដៃក្នុងការងារសង្គម និងការអភិវឌ្ឍន៍សហគមន៍។ ទី ៣ ស្រឡាញ់គោលការណ៍ប្រជាធិបតេយ្យមូលដ្ឋាន និងទី ៤ បេក្ខជនត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោត ដោយសមាជិកតាមឃុំនីមួយៗ។
ចំណែកមូលហេតុដែលយើងដាក់បេក្ខជនឈរឈ្មោះតិច ដោយសារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ថា ការកសាងជាតិខ្មែរ ចាប់ផ្តើមពីការកសាងភូមិឃុំគំរួ បន្ទាប់មកយើងធ្វើការពង្រីកឲ្យបានគ្រប់ឃុំសង្កាត់។ ម្យ៉ាងទៀត យើងចាប់ផ្តើមពីឃុំសង្កាត់ណាដែលមានប្រជាពលរដ្ឋចាប់អារម្មណ៍ ក្នុងការឈានមុខគេ ដើម្បីកសាងឃុំសង្កាត់ តាមគោលការណ៍ និងគោលនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក ជា ធីរិទ្ធ៖ តើគណបក្សលោកមានលក្ខណៈពិសេសខុសពីបក្សដទៃដូចម្តេច?
លោក យ៉ង សាំងកុមារ៖ លក្ខណៈពិសេសរបស់ គបម គឺយើងធ្វើឲ្យមានប្រជាធិបតេយ្យពីក្រោមមកលើ ដោយសមាជិកតាមមូលដ្ឋាន ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងបេក្ខជន។ ជាងនេះទៀត គណនេយ្យភាពពីលើមកក្រោម មានន័យថា អ្នកដឹកនាំ អ្នកជាប់ត្រូវទទួលខុសត្រូវចំពោះសមាជិកនៅខាងក្រោម។ គោលនយោបាយផ្តោតទៅលើការដោះស្រាយបញ្ហាជាក់ស្តែងតាមមូលដ្ឋាន ជាពិសេស ធានាឲ្យមានក្រុមមនុស្សល្អៗ ធ្វើការបម្រើប្រជាពលរដ្ឋ តាមឃុំ ដូចជាគ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អ នគរបាលល្អ និងមេភូមិល្អ ឬហៅថា ល្អ ៥ យ៉ាង ។
លោក ជា ធីរិទ្ធ៖ តើបញ្ហាធំបំផុតអ្វីខ្លះ (អាចចំនួន ៣ ឬ៤) ដែលគណបក្សលោកនឹងដោះស្រាយមុនគេ បន្ទាប់ពីបេក្ខជនរបស់បក្សលោកជាប់ឆ្នោតជាមេឃុំឬចៅសង្កាត់?
លោក យ៉ង សាំងកុមារ៖ បញ្ហសំខាន់ៗចំនួន ៣ ដែលយើងដោះស្រាយមុនគេ គឺទី ១ ភាពក្រីក្រ និងប្រាក់ចំណូលទាបរបស់កសិករ ដោយយើងដោះស្រាយតាមរយៈគោលនយោបាយ គ្រូកសិកម្មល្អ និងមេភូមិល្អ រួមគ្នាដោះស្រាយបញ្ហាទឹក ទុន ទីផ្សារ និងបច្ចេកទេសកសិកម្ម ជូនកសិករ។ ទី ២ យើងនឹងដោះស្រាយ ការខ្វះខាតមណ្ឌលសុខភាព និងសេវាសុខាភិបាល្អ ដែលធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានការគាំពារ និងព្យាបាលល្អ។ ទី ៣ ដោះស្រាយ ការខ្វះខាតមតេយ្យសាលា អនុវិទ្យាល័យ និងគ្រូបង្រៀនល្អ សម្រាប់ធានាឲ្យកូនប្រជាពលរដ្ឋគ្រប់រូប ចាប់ពីអាយុ ៣ ឆ្នាំ ទទួលបានការអប់រំល្អ។
Tag:
គបម
យ៉ង សាំងកុមារ
បោះឆ្នោតឃុំ សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com