ជាតិ
សមត្ថកិច្ច រឹបអូស​គ្រឿងញៀន​ឆ្លងដែន​ជាង​៦០​គីឡូក្រាម ពី​ជនសង្ស័យ​២​នាក់​
21, May 2017 , 9:47 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​របស់ខ្លួន​បាន​ចាប់​ជនសង្ស័យ​ចំនួន​២​នាក់ និង​គ្រឿងញៀន​ចំនួន​៦៧​គីឡូក្រាម​។ 



​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ករណីនេះ គឺ​ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន និង​មានការ​ចាត់តាំង​ដោយមាន​ការរៀបចំ​បណ្តា​ញ​ខ្សែរយៈ​៤​ទៅ​៥​ខែ​រួចហើយ​។ ហើយ​ជនល្មើស​ទាំងនោះ​បានរៀបចំ​ផែនការ​រក្សាទុក​យ៉ាង​ល្អ សម្រាប់​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ឆ្លងដែន មុននឹង​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​នេះ​។

​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ បញ្ជាក់ថា​៖«​ឥឡូវនេះ យើង​ចាប់បាន​មេក្លោង​នៅក្នុង​ប្រទេស​យើង និង​ទីកន្លែង​ដែល​គេ​បញ្ជា​ឲ្យ​រក្សាទុក​សម្រាប់​ជួញដូរ ចំណែក​មេក្លោង​ក្រៅប្រទេស យើង​នឹង​សហ​ការណ៍​ជាមួយ​ប៉ូលីស​អន្តរជាតិ ដើម្បី​តាម​ចាប់​ពួកគេ​បន្តទៀត​»​។  

​បើតាម​លោក ម៉ក់ ជី​តូ កម្ពុជា គឺជា​ប្រទេស​រងគ្រោះ​នៃ​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ មកពី​តំបន់ត្រីកោណមាស ដែលមាន ឡាវ ភូមា ឆ្លងកាត់​តាម​ទិសឦសាន​ទល់ដែន​កម្ពុជា​ឡាវ រួច​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ផ្សេងទៀត​។ លោក ម៉ក់ ជី​តូ បន្ថែមថា ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ គឺមាន​ប្រភព​ចេញពី​ប្រទេស​ឡាវ​។

«​គ្រឿងញៀន​ដែល​ចាប់បាន​នោះ គឺមាន​បី​ប្រភេទ ដែល​ក្នុងនោះ​រួមមាន​៖ ហេ​រ៉ូ​អ៊ី​ន​៤៧​ដុំ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​១២​កញ្ចប់ មេ​តំ​ហ្វេ​តា​មីន​គ្រាប់​៤៧​ដុំ​»​។ នេះ​គឺជា​ការបញ្ជាក់​របស់ លោក ម៉ក់ ជី​តូ ដោយ​បន្ថែមថា គ្រឿងញៀន​ទាំង​៦៧​គីឡូក្រាម បាន​រឹបអូស​ពី​ជនសង្ស័យ​ជនជាតិខ្មែរ​ចំនួន​២​នាក់ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​រយៈពេល​២៤​ម៉ោង​។​

​សូមបញ្ជាក់ថា ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​៦​ខែ​មកនេះ ដោយ​មិន​គិត​ករណី​ខាងលើនេះ នគរបាល​ប្រឆាំង​គ្រឿងញៀន ចាប់បាន​៣,៥៦២​ករណី និង​ជនល្មើស​៨,០២២​នាក់ ព្រមទាំង​ដកហូត​គ្រឿងញៀន​បាន​ជាង​៥០​គីឡូក្រាម​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ម៉ក់ ជី​តូ​៕        

Tag:
 ​គ្រឿងញៀន​
 ​ កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com