កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho និង​ក្រុម​ទាំងមូល ឧទ្ទិស​ពាន Europa League ដល់ជន​រងគ្រោះ​នៅ Manchester
25, May 2017 , 11:31 am        
រូបភាព
​លោក Jose Mourinho បាន​និយាយថា​លោក​សុខចិត្ត​បោះបង់ចោល​ពាន Europa League ប្រសិនបើ​អាច ឲ្យ​ជនរងគ្រោះ​ទាំង​២២​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហា​ដោយ​ភេរវ​ករ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង Manchester អាច​ត្រឡប់មកវិញ​បាន​។​



​ក្រុម​បិសាច​ក្រហម Manchester United បានឈ្នះ​ពាន​លំដាប់​ទី​២​របស់​អឺរ៉ុប  UEFA Europa League ក្រោយ​ផ្តួល​ក្រុម Ajax ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ពុធ ទី​២៤ ខែឧសភា​នេះ នា​កីឡដ្ឋាន Friends Arena ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត​។​



​នេះ​ជាកា​ឈ្នះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​រដូវ​កាល​ដំបូង​របស់លោក​។ ជាមួយនឹង​ជ័យជម្នះ​នេះ Man Utd អាចមាន​កៅអី UEFA Champions League នៅ​រដូវ​កាល​ក្រោយ​ដូចគ្នា​នឹង​ក្រុម Chelsea  Tottenham Hotspur និង Manchester City ដែរ ខណៈ Liverpool ត្រូវ​ប្រកួត​ជម្រុះ​។​

​បើតាម Sky News ក្រោយ​ការ​ឈ្នះ​ពាន​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​នេះ គ្រូបង្វឹក​រួមទាំង​កីឡាករ​ទាំងអស់​របស់ Man Utd បាន​ហៅ​ការប្រកួត​នេះ​ថា ជាការ​គោរព​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ក្រុង Manchester​។​



«​ប្រសិនបើ​អាច​យើង​នឹង​ផ្លាស់​ប្តូរជីវិត​របស់​ជ​ន​រងគ្រោះ​ទាំងអស់នោះ ជាមួយនឹង​ពាន​នេះ​។ យើង​សុខចិត្ត​មិន​យកពាន​នេះ​ក៏បាន ឲ្យ​តែ​ពួកគេ​អាចមាន​ជីវិត​វិញ​»​។ នេះ​ជាស​ម្តី​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho​។​



​សូមបញ្ជាក់ថា មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ពីរ​ថ្ងៃ​ពោលគឺ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ នៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេស បាន​កើតរឿង​អាក្រក់​មួយ ដោយមាន​ការវាយប្រហា​រ​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រគំ​តន្ត្រី Manchester Arena របស់​សិល្បករ​អាមេរិក Ariana Grande បានសម្លាប់​មនុស្ស​ដល់​ទៅ​២២​នាក់ ដែល​ភាគច្រើន​ជា​កុមារ និង​រាប់សិប​នាក់​ទៀត​រងរបួស​៕


Tag:
 បាល់ទាត់​
  Europa League
  Jose Mourinho
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com