ពីនេះ ពីនោះ
រវាង​ពាក្យ «​យល់​» , «​ដឹង​» , «​ស្គាល់​» មាន​អត្ថន័យ និង​ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច ?
30, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
«​យល់ គឺ​យល់​ដោយ​ការគិត ឬ​ប្រាជ្ញា​, ដឹង គឺ​ដឹង​ដោយ​ការយល់ និង​ស្គាល់ គឺ​ស្គាល់​ដោយ​ការ​ចាំ ឬ​ចំណាំ​» នេះ​ជា​លក្ខណ​សម្គាល់​ពី​ភាពខុសគ្នា​រវាង​ពាក្យ​ទាំងបី​នេះ​។ ខាងក្រោម​នេះ​ជា​ពន្យល់​លម្អិត​តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត ៖
 
​ពាក្យ «​យល់​» ជា​កិរិយាសព្ទ បានន័យថា ឃើញ​ដោយ​ប្រាជ្ញា​, គិត​ឃើញច្បាស់​។ ឧទាហរណ៍​ថា យល់​ការខុសត្រូវ​។ ក្នុងន័យ​ផ្សេងទៀត​បានន័យថា យល់ចិត្ត គឺ​ឃើញ​ជ្រៅ​ដល់​ទឹកចិត្ត​, យល់ព្រម គឺ​ព្រម​តាម ឬ អនុលោម​តាម​, យល់មុខ គឺ​យោគយល់ ឬ​អត់ឱន​ដោយ​ឃើញថា​មានមុខ​មានឈ្មោះ​។ ល​។​

​ចំណែក​ពាក្យ «​ដឹង​» ជា​កិរិយាសព្ទ បានន័យថា បាន​ដំណឹង​, ចូលចិត្ត​ជាក់​, ជ្រាប​ច្បាស់​ក្នុង​ចិត្ត​, យល់​ជាក់​។ ឧទាហរណ៍​ថា ដឹង​ការណ៍​ពិត ។ បើជា នាមសព្ទ មានន័យថា ប្រដាប់ ឬ​គ្រឿង​ប្រើប្រាស់​ធ្វើ​ដោយ​ដែក មាន​ដង​មាន​ផ្លែ​សម្រាប់​ក្របែល​ដូចជា ពុះ​, ច​, ចាំងឈើ ។​ល​។​

​រីឯ​ពាក្យ «​ស្គាល់​» ជា​កិរិយាសព្ទ បានន័យថា ចាំបាន​, ចាំ​ជាក់​, ចំណាំបាន​, ដឹងបាន​, ដឹង​ច្បាស់​, ចាំ​ស្និទ្ធ ស្គាល់គ្នា​, ស្គាល់ចិត្ត​, ស្គាល់ឈ្មោះ​, ស្គាល់ផ្លូវ ។​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com