ជាតិ
សុខភាព
ក្រុម​អ្នកជិះ​កង់​នៅ​ខេត្តសៀមរាប ប្រមូល​ថវិកា​បាន​ជាង​១៨០០០​ដុល្លារ​ដើម្បី​ជួយ​គន្ធបុប្ផា​
30, May 2017 , 9:39 am        
រូបភាព
​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ (CCC) ដែលមាន​មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប កាលពី​ចុង​សប្តាហ៍​កន្លងមក បានរៀបចំ​ព្រឹត្តិការណ៍ «​តោះ​!!! ជិះ​កង់​ដើម្បី​សហគមន៍​» (Save Community, Let’s Cycling !) ជា​លើក​ទី​៤ ដើម្បី​កៀងគរ​មូលនិធិ​សប្បុរស​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ទឹកប្រាក់​ចំនួន​១៨០៩៩.០៧​ដុល្លារ​អាមេរិក បាន​ធ្លាក់​ទៅដល់​ក្រុម CCC ដើម្បី​ឲ្យ​ពួកគាត់​ចូលរួមចំណែក​ជាមួយ​លោក​វេជ្ជបណ្ឌិត បេ​អាត រឺ​ច​ឆ្ន័​រ ក្នុង​បេសកកម្ម​សង្គ្រោះ​កុមារ​នៅ​កម្ពុជា​។​



«​តោះ​!!! ជិះ​កង់​ដើម្បី​សហគមន៍​» (Save Community, Let’s Cycling !) ឈាន​ខួប​៤​ឆ្នាំ​របស់ខ្លួន ដោយ​ព្រឹត្តិការណ៍​ដែល​រៀបចំ​កាល​កាលពី​ថ្ងៃទី​២៧ ខែឧសភា កន្លងមកនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រមាណ​៧៥០​នាក់ ដែល​មកពី​ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ កំពង់ធំ កំពង់ចាម និង​រាជធានី​ភ្នំពេញ​។​



​លោក គឹម ប៊ុន​ថា​ន់ អ្នកដឹកនាំ​ក្រុម CCC បាន​អះអាងថា ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ មុន​នឹងមាន​ភ្លៀង​ធ្លាក់​ប្រមាណ​៣០​នាទី​នៅពេលដែល​ក្រុម​អ្នកជិះ​កង់​បាន​ទៅដល់​គោលដៅ​។ ដោយសារតែ​ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ចំពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ក្រុម CCC បានកំណត់​ពេលវេលា​ប្រមាណ​តែ​៤​ម៉ោង​ប៉ុណ្ណោះ ពោលគឺ​ពី​ម៉ោង​៤​រសៀល​ដល់​ម៉ោង​៨​យប់ ក្នុង​ដំណើរ​ចេញពី​ក្រុង​សៀមរាប​ឆ្ពោះទៅ​តំបន់​ទេសចរណ៍ធម្មជាតិ​ស្រុក​យើង (​ភ្នំ​ក្រោម​)​។

​បើទោះបីជា​ដំណើរការ​ជិះ មាន​រយៈពេល​ខ្លី និង​មានការ​រំខាន​ខ្លះៗ​ពី​ព្រះ​ពិរុណ​ក៏ដោយ ក៏​ក្រុម CCC អាច​ប្រមូល​ថវិកា​បាន​រហូតដល់​ជាង​១៨០០០​ដុល្លារ​អាមេរិក ដើម្បី​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប ក្នុងទិសដៅ​ជួយ​ដល់​កុមារ ក៏ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ ដែល​តម្រូវការ​ដ៏​ចាំបាច់​របស់​មន្ទីរពេទ្យ​មួយ​នេះ​។​


​ទឹកប្រាក់​ដែល CCC ទទួលបាន​នោះ មាន​មួយផ្នែក​បានមកពី​ការបរិច្ចាគ​របស់​ក្រុម​អ្នកចូលរួម​ជិះ ហើយ​ចំណែក​ធំ​បំផុត គឺជា​ទឹកប្រាក់​សប្បុរស​របស់​ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន ហាង​ទំនិញ និង​បណ្តា​សហគមន៍​នានា​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​។​



​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បម្រើសេវា​សុខាភិបាល​ដល់​ស្ត្រី និង​កុមារ ដោយ​ឥតគិតថ្លៃ នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប ចំណាយ​ថវិកា​ប្រមាណ ១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​ថវិកា​ទាំងអស់​ភាគច្រើន​បាន​ពី​សប្បុរសជន​ពី​ប្រទេស​ស្វី​ស និង​មួយចំណែក​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​សប្បុរសជន​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា ឬ​សិល្បៈ​ផ្សេងៗ​៕




















Tag:
 CCC
  គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com