ជាតិ
ពលរដ្ឋអាគារប៊ូឌីញ«ស»ជាង៩៤ភាគរយ ព្រមទទួលយកសំណងពីក្រុមហ៊ុនជប៉ុន
30, May 2017 , 6:19 pm        
រូបភាព
ដោយ:
ក្នុងចំណោមពលរដ្ឋ៤៩២គ្រួសារនោះ មានពលរដ្ឋអគារប៊ូឌីញ «ស» ចំនួន៤៦៤គ្រួសារហើយ យល់ព្រមចុះកិច្ចសន្យាទិញ-លក់ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការទទួលយកសំណងពីក្រុមហ៊ុនជប៉ុន។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចយកថ្ងៃទី១០ មិថុនា ដើម្បីជប់លៀងសាមគ្គី សាទរចំពោះគម្រោងអគារប៊ូឌីញ «ស»នេះ។



ក្រោយពីចំណាយពេលពេញមួយថ្ងៃ ជួបពិភាក្សាជាមួយពលរដ្ឋរស់នៅអគារប៊ូឌីញដែលសល់ចំនួន៤១គ្រួសារនោះ ក្រសួងរៀបចំដែនដី ក៏បានទទួលការយល់ព្រមទិញ-លក់ ពីពលរដ្ឋ១៣គ្រួសារទៀត ។  អ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បានប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំថា
មកដល់ពេលនេះតួលេខនៃចំនួនពលរដ្ឋព្រមទទួលយកសំណង់ពីក្រុមហ៊ុនជប៉ុន អារ៉ាការវ៉ា នេះមានចំនួន៤៦៤ គ្រួសារហើយ ដែលស្មើ ៩៤,៣០ភាគរយ នៃចំនួនសរុប៤៩២គ្រួសារ។



លោក សេង ឡូត បានបញ្ជាក់ដូច្នេះថា៖«ដោយគិតផលប្រយោជន៍រួមនៃអាគារប៊ូឌីញ អ្នកមួយចំនួននៅមិនទាន់អស់ចំងល់ ក៏បានសាកសួរទៅអង្គប្រជុំ។ ក្រោយពីបានពន្យល់ច្បាស់លាស់ពីលោក ជា សុផារ៉ា ហើយប្រជាពលរដ្ឋរស់នៅអាគារប៊ូឌីញ យល់ឃើញថាត្រឹមត្រូវ ដូច្នេះពួកគេក៏យល់ព្រមទទួលយកក្នុងការលក់ទិញបន្ទប់របស់ខ្លួន»។

អ្នកនាំពាក្យក្រសួងដែនដីរូបនេះ បានឲ្យដឹងថា ពលរដ្ឋដែលយល់ព្រមទទួលយកសំណងនោះ ក្រសួងនិងភាគីក្រុមហ៊ុន នឹងរៀបចំការផ្ដល់ថវិកាឲ្យពលរដ្ឋ ទៅបើកប្រាក់នៅធនាគារផ្ទាល់តែម្ដង។ លោក សេង ឡូត អំពាវនាវឲ្យប្រជាពលរដ្ឋដែលនៅសល់២៨បន្ទប់ទៀត ពិចារណាចុះកិច្ចសន្យាលក់-ទិញ ដើម្បីការអភិវឌ្ឍអាគារប៊ូឌីញនេះ។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា សម្រេចយកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៧ រៀបចំពិធីជប់លៀងសាមគ្គីអបអរសាទរគម្រោងអគារប៊ូឌីញ «ស» ជាមួយពលរដ្ឋអគាបូឌីញផងដែរ។ នេះបើតាមហ្វេសប៊ុកលោក ជា សុផារ៉ា។

ក្រោយពីចុះកិច្ចសន្យាព្រមទទួលយកសំណងនេះ ពលរដ្ឋនៅអាគារប៊ូឌីញ នឹងត្រូវរើចេញពីលំនៅស្ថានចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដាខាងមុខ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ដែលបានសន្យាជួយថវិកា ១០០ដុល្លារ ក្នុងមួយគ្រួសារបន្ថែមទៀត សម្រាប់ការដឹកជញ្ជូនរបស់ពលរដ្ឋ ព្រមទាំងមិនឲ្យពលរដ្ឋឲ្យបង់ប្រាក់លើថ្លៃរដ្ឋបាល និងបង់ពន្ធដារ ចំពោះប្រាក់ដែលបានមកពីថ្លៃលក់ផ្ទះនៅអាគារប៊ូឌីញនេះឡើយ។



សូមបញ្ជាក់ថា អគារប៊ូឌីញដែលមានវ័យចំណាស់ និងមានសភាពទ្រុឌទ្រោមនៅកណ្តាលរាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនជប៉ុនមួយឈ្មោះ អារ៉ាកាវ៉ា ទិញពីពលរដ្ឋក្នុងតម្លៃ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ទីតាំងអគារប៊ូឌីញនេះ នឹងត្រូវសង់ជាអគារពាណិជ្ជកម្មកម្ពស់៣០ជាន់ ដែលគ្រោងចំណាយទឹកប្រាក់ចន្លោះពី៧០លាន ទៅ៨០លានដុល្លារអាមេរិក៕


Tag:
 ក្រសួងដែនដី
 អាគារប៊ូឌីញ
  ក្រុមហ៊ុនអារ៉ាការវ៉ា
  ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com