ពីនេះ ពីនោះ
ហេតុអ្វី​គេ​មិន​ប្រើពាក្យ​«​នេត្រាទស្សន៍​» ជំនួស​ពាក្យ «​ទូរទស្សន៍​»?
01, Jun 2017 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀវភៅ សិក្សា​អក្សរសាស្ត្រ​ខ្មែរ របស់លោក​លាង ហាប់​អាន អតីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ឆ្នាំ​១៩៦៧ ក្រោយពេល​មាន​ការហូរចូល​ដំបូង នូវ​ឧបករណ៍​ទំនើប​សម្រាប់​មើល​រូបភាព​កម្សាន្ត   តេ​ឡេ​វី​ស្យុ​ង​(Television) កាន់តែច្រើន​ទៅៗ សមាគម​អ្នកនិពន្ធ​ខ្មែរ ហាក់​មានការ​ព្រួយបារម្ភ​ចំពោះ​វិស័យ​អំ​ណាន​របស់ខ្លួន​។



​សមាគម​អ្នកនិពន្ធ​ខ្មែរ ចាប់​ផ្តើមធ្វើ សកម្មភាព​ខ្លាំង​ឡើងៗ ដើម្បី​ប្រជែង​ដណ្តើមយក ប្រជាប្រិយភាព​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា តេ​ឡេ​វី​ស្យុ​ង​នេះ ដូចជា​ការឃោសនា​តាម​វិទ្យុ ចុះផ្សាយ​អត្ថបទ​និពន្ធ​តាម​សារព័ត៌មាន ទស្សនា​វ​ដ្តី ក្នុងនោះ ប្រព័ន្ធ​នេត្រាទស្សន៍​(Television) ក៏​ជា​គោលដៅ​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ ពី​សកម្មភាព និង​ចលនា​អក្សរ​សិ​ល្បិ៍​ខ្មែរ​ផងដែរ​។​

​នេត្រាទស្សន៍ ទំនងជា​ពាក្យ ដែល​ត្រូវបាន​សមាគម​អ្នកនិពន្ធ​ខ្មែរ សម័យ​នោះ បង្កើតឡើង ដើម្បី​ជំនួស​ពាក្យ​ថា Television​។ តាម​រៀមច្បង​ចាស់ៗ ដែល​ធ្លាប់​ដឹង​រឿង នេះ បាន​បញ្ជាក់ថា នេត្រាទស្សន៍ ត្រូវបាន​បង្កើតឡើង ក្រោយពេល​Television ចូលមក​ដល់ ហើយ​ក្រោយមក បន្ទាប់ពី​ប្រធាន​សមាគម យកពាក្យ​នេះ​ទៅ​ឆ្លង សម្តេចព្រះសង្ឃរាជ​ជួន ណាត ជោ​ត​ញា​ណោ  បានស្នើ​ឲ្យ​ប្រើពាក្យ​ថា ទូរទស្សន៍ ជំនួស​ពាក្យ​ថា នេត្រាទស្សន៍​វិញ​។ នេត្រាទស្សន៍ មានន័យថា ការមើល ឬ​ទស្សនា ដោយ​ភ្នែក​។ ចំណែក​ពាក្យ​ថា ទូរទស្សន៍ មានន័យថា ការ​ទស្សនា​ពី​ចម្ងាយ​។ ទូរ មានន័យថា​ឆ្ងាយ ពី​ចម្ងាយ ឬ​មកពី​ពាក្យ​ថា ទូរគមនាគមន៍ ឯ ពាក្យ​ថា​ទស្សន៍ មានន័យថា ការមើល  ការ​សម្លឹង ជាដើម​។​

​បច្ចុប្បន្ននេះ នៅ​មជ្ឈមណ្ឌល​បូ​ផា​ណា មាន​បង្កើត​ពាក្យថ្មី​មួយទៀត សម្រាប់​ប្រើប្រាស់ ជា​ផ្លូវការ​របស់​មជ្ឈមណ្ឌល​នេះ គឺ​ពាក្យ សោតទស្សន៍​(​មជ្ឈមណ្ឌល​សោតទស្សន៍​បូ​ផា​ណា​) ដែល​អាច​មានន័យថា ស្តាប់​ផង មើល​ផង ឬ​មើល​ផង ស្តាប់​ផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com