ជាតិ
គ​.​ជ​.​ប ទទួលបាន​បណ្ដឹង​ជិត​៥០​ពី​CPP និង​ជាង​១០​ពី​CNRP ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​
01, Jun 2017 , 4:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ពាក្យបណ្ដឹង​ជាង​៦០ ពី​គណបក្សនយោបាយ ក្នុង​យុទ្ធនា​ការបោះឆ្នោត​ឃុំ​-​សង្កាត់ រយៈពេល​១៣​ថ្ងៃនេះ​។ បណ្ដឹង​ភាគច្រើន​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​។​



​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ គ​.​ជ​.​ប បា​នស​ង្តេ​ត​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ ទូទាំង​២៥ រាជធានី​-​ខេត្ត ជា​រៀងរាល់ថ្ងៃ ខណៈដែល​គណបក្ស​ចំនួន​១០​ទៀត បានត្រឹមតែ​ហែ​ក្បួន​ឃោសនា​នៅក្នុង​ឃុំ​-​សង្កាត់ ដែល​ពួកគេ​ដាក់​បេក្ខជន​ឈរឈ្មោះ​ប៉ុណ្ណោះ​។ ក្រៅពី​ហែ​ក្បួន​ឃោសនា​នេះ គណបក្ស​ទាំង​១២​នេះ ក៏មាន​សកម្ម​ភាពចុះ​ចែក​ខិត​បណ្ណ មួក អាវយឺត បដា ពាក្យស្លោក ស្លាក​សញ្ញា​គណបក្ស​តាម​ផ្ទះ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​គណបក្ស​តាម​ភូមិ​ផងដែរ​។​
​តាមរយៈ​ការឃោសនា​នេះ គ​.​ជ​.​ប បានទទួល​ពាក្យបណ្ដឹង​ចំនួន​៦៥​ពី​គណបក្សនយោបាយ ដោយ​ក្នុងនោះ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤៨ គណបក្ស​សង្គ្រោះ​ជាតិ​១៤ គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​១ និង​ពី​ប្រជាពលរដ្ឋ​ចំនួន​២​បណ្ដឹង​។ ក្នុងចំណោម​បណ្ដឹង​ទាំង​៦៥​នេះ មាន​បណ្ដឹង​ចំនួន​៨ ត្រូវ​បានដាក់​ប្ដឹងទៅ​គណៈកម្មាធិការ​ខេត្ត​រៀបចំ​ការបោះឆ្នោត ហើយ​ត្រូវ​គណៈកម្មាធិការ​ឃុំ​-​សង្កាត់ រៀបចំ​ការបោះឆ្នោត​និង គណៈកម្មាធិការ​ខេត្ត​រៀបចំ​ការបោះឆ្នោត កំពុង​ដោះស្រាយ​តាម​នីតិវិធី​។​

​ជុំវិញ​បញ្ហា​នេះដែរ អ្នកនាំពាក្យ​គ​.​ជ​.​ប ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បណ្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា​ភាគច្រើន​ប្ដឹង ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អង្គហេតុ​បែប​រិះគន់​គ្នា​ដោយ​សម្តី​ធ្ងន់ៗ និង​ការជេរប្រមាថ បន្តុះបង្អាប់​គ្នា​ជាដើម​។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្ដឹងទៅ​គណបក្ស​ប្រជាជន​វិញ​ដែរ​។

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ នៅតែ​វាយតម្លៃថា ដំណើការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើ​ច្រើនជាង​ឆ្នាំមុន ត្រង់​ថា គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​តិច ហើយ​ភាគច្រើន​អាច​ដោះស្រាយបាន​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​០២ មិថុនា ។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយមាន​គណបក្សនយោបាយ​ចំនួន ១២ ចូលរួម​ប្រកួតប្រជែង​ដណ្តើម​បេក្ខភាព នៅក្នុង​ឃុំ​-​សង្កាត់​ចំនួន ១,៦៤៦ ទូទាំង ២៥​រាជធានី​-​ខេត្ត​៕


Tag:
 គ​.​ជ​.​ប​
  CPP
  CPP
 ​ បោះឆ្នោត​ឃុំ​សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com