អន្តរជាតិ
ឌូ​ទើ​តេ​ថា ក្រុម​ភេរវជន​ហ្វីលីពីន​ទទួល​ជំនួយ​ពី​ឈ្មួញ​គ្រឿងញៀន​ក្នុងស្រុក​មិនមែន​ពី​មជ្ឈិមបូព៌ា​ទេ​
01, Jun 2017 , 5:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជាក់ថា ក្រុម​ភេរវជន​នៅ​ហ្វីលីពីន​មិន​បានទទួល​ការគាំទ្រ​ផ្ទាល់​ពី​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ឡើយ តែ​ពួកគេ​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ឈ្មួញ​គ្រឿងញៀន​ក្នុងស្រុក​ប៉ុណ្ណោះ​។ លោក​ក៏​សារភាព​ផងដែរ​ថា កងទ័ព​រដ្ឋាភិបាលរ​បស់​លោក​បរាជ័យ​ធ្ងន់ធ្ងរ ក្នុង​ប្រតិបត្តិការ​សឹក​កម្ចាត់​ភេរវជន​ដោយសារ​ក្រុម​ភេរវជន​នៅ​មិន​ដា​ណាវ​ហាក់​ត្រៀមលក្ខណៈ​ជាមុន​និង​រៀបចំ​កម្លាំង​អស់​រយៈពេល​យូរ​មកហើយ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​។  អ្វីដែល​សំខាន់​ប្រមុខរដ្ឋ​ហ្វីលីពីន​រូ​បេ​នះ​សម្រេច​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ដែរ​ដោយ​ប្រកាស​បិទទ្វារ​ឈប់​ចរចា​ជាមួយ​ក្រុម​ភេរវជន​ទៀតហើយ​។



​ឈានដល់​សប្តាហ៍​ទី​ពីរ​ហើយ ការប្រយុទ្ធ​គ្នា​រវាង​ភេរវជន Maute បណ្តាញ​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម ជាមួយ​កងកម្លាំង​រដ្ឋា​ភិ​បាល​មិនទាន់​ចប់​ឡើយ ថ្វីបើ​រដ្ឋាភិបាល​អាច​គ្រ​ប់​គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ក៏ពិតមែន​។ បើតាម​សម្តី​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Restituto Padilla ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​សឹក​នេះ​កើន​ឡើងដល់ ១២៩​នាក់ ហើយ​ជន​ស៊ីវិល​ប្រហែល ១០០០​នាក់​នៅជាប់​គាំង​ក្នុង​ទីក្រុង Marawi នៅឡើយ​។ កងទ័ព​ហ្វីលីពីន​បន្ត​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​បាញ់​គ្រាប់​រ៉ុក្កែត​ប្រឆាំង​ក្រុម​ភេរវជន និង​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ផ្លោង​ជា​បន្តបន្ទាប់​ដែរ​ដើម្បី​ព​ន្លឿ​ន​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ភេរវកម្ម​នេះ​។ 
 
​កងកម្លាំង​រដ្ឋាភិបាល​ហាក់បីដូចជា​ប្រឈម​ការលំបាក​ច្រើន​ក្នុងការ​ប្រើប្រាស់​កម្លាំង​ក​ម្ចា​ត់​ក្រុម​ភេរវជន​នៅ​សេសសល់ ហើយ​ក្រុម​នេះ​ហាក់បីដូចជា​ត្រៀមលក្ខណៈ​ជាមុន​និង​ពង្រឹងកម្លាំង​របស់ខ្លួន​រយៈពេល​យូរ​មកហើយ​ដែរ​។

​ក្នុង​ខួប​លើក​ទី ១១៩ នៃ​ការបង្កើត​កងទ័ពជើងទឹក​ថ្ងៃ​ពុធ​ទី ៣១ ខែឧសភា​នេះ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ទទួលស្គាល់ថា កងកម្លាំង​លោក​ប្រឈម​បញ្ហា​ច្រើនណាស់​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន Maute ដែលជា​ក្រុម​សកម្មប្រយុទ្ធ​ចំណុះ​ឲ្យ​ក្រុម​អា​ប៊ូ​សា​យ៉ាវ (Abu Sayyaf)​នោះ​។ លោក​សារភាពថា វា​ជា​បរាជ័យ​ធ្ងន់ធ្ងរ​មួយ​របស់​កម្លាំង​រដ្ឋាភិបាល ព្រោះ​កងទ័ព​លោក​ប្រៀបដូចជា​ទ័ព​ដែល​កំពុង​ព្យាយាម​វាយ​ឈ្លានពាន​ចូល​ទីក្រុង ខណៈដែល​ក្រុម​ឧទ្ទាម​រៀបចំ​ជើង​ព្រួល​យ៉ាងរឹងមាំ​សម្រាប់​តតាំង​ជាមួយ​រដ្ឋាភិបាល​តាំងពី​យូរ​មកហើយ​។ 

«​ខ្ញុំ​មិន​សប្បាយចិត្ត​សោះ​ដែល​ត្រូវ​ប្រាប់​អ្នក​ថា យើង​បាន​រងគ្រោះ​ខ្លាំង​ដោយសារ​ការបរាជ័យ​ធ្ងន់ធ្ងរ​នេះ​។ ព្រោះ​យើង​ជា​កងកម្លាំង​ឈ្លានពាន ហើយ​ពួកគេ​បាន​ពង្រឹងកម្លាំង​នៅ​ទីនោះ​អស់​ពេល​ជា​យូរ​មកហើយ​ដើម្បី​រង់ចាំ​កងទ័ព​យើង​ចូលទៅ​ដល់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌូ​ទើ​តេ​។

​កងទ័ព​ហ្វីលីពីន​ចំនួន ២១ បាន​ពលី​រួចទៅហើយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម​ភេរវជន​ដែលមាន​គ្នីគ្នា​ប្រហែល​ជាង ២០០​នាក់​នោះ ហើយ​ដូច​ឃើញស្រាប់​ហើយ​ការប្រយុទ្ធ​នៅតែ​បន្ត ហើយ​ក្រុម​ភេរវជន​មិន​ចុះ​ញ៉ម​សូម្បីតែ​បន្តិច និង​មិន​ដាក់អាវុធ​សុំ​ចុះចាញ់​ឡើយ​។

១.​ក្រុម​ភេរវជន​ហ្វីលីពីន​រស់​ដោយ​លុយ​របស់​ឈ្មួញ​គ្រឿងញៀន មិនមែន​ជំនួយ​ពី​មជ្ឈិមបូព៌ា​ឡើយ​

​បន្ថែម​ពីលើ​ការបរាជ័យ​របស់​កង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន លោក ឌូ​ទើ​តេ ក៏បាន​បកស្រាយ​ពី​ការពង្រីក​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ហ្វីលីពីន​ផងដែរ​។ យោងតាម​សារព័ត៌មាន ហ្វីលីពីន Philippine Star មេដឹកនាំ​មាត់ឆៅ វ័យ ៧២​ឆ្នាំនេះ​បាន​សង្កត់ធ្ងន់ថា ក្រុម​ភេរវជន​ហ្វីលីពីន​ដែល​ប្រកាស​បង្ហាញ​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម អាចធ្វើ​សកម្មភាព​បាន​ដោយសារ​លុយ​គ្រឿងញៀន​តែម្តង​។

​លោក​បកស្រាយ​ថា រដ្ឋាភិបាល​លោក​មានលទ្ធភាព​ផ្តាច់​ចរន្ត​លុយ​ដែល​ផ្តល់​មកពី​មជ្ឈិមបូព៌ា ហើយ​លុយ​ជំនួយ​ដែល​ក្រុម​ភេរវជន​ក្នុងស្រុក​ទទួល​បានជា​លុយកខ្វក់​ដែល​ឈ្មួញ​គ្រឿងញៀន​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​។ បន្ថែម​ពីនេះ ដោយសារ​សង្គ្រាម​កម្ចាត់​គ្រឿងញៀន​របស់លោក​ផង ទើបបានជា​ឈ្មួញ​គ្រឿងញៀនរ​ត់រក​ជំនួយ​ពី​ក្រុម​ភេរវជន​ដើម្បី​ទទួលបាន​ការពារ​ខ្លួន​។

​លោក ឌូ​ទើ​តេ បាន​ថ្លែង​ដូច្នេះ​៖ «​តាំងពី​យូរ​មកដល់​ពេល​ឥឡូវនេះ សកម្មភាព​ភេរវកម្ម​នៅ​ហ្វីលីពីន​បញ្ឆេះ​ឡើង និង​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​ឈ្មួញ​គ្រឿងញៀន​។ ពិតណាស់ ក្រុម​ឈ្មួញ​គ្រឿងញៀន​ស្វះ​ស្វែងរក​ការគាំទ្រ​និង​ការពារ​ពី​ក្រុម​ភេរវជន និង​ដើម្បី​ឲ្យ​ជំនួញ​គ្រឿង​ញ​ផន​របស់គេ​ទទួលជោគជ័យ​»​។​

​តាម​របាយការណ៍​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិមនុស្ស សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស​របស់លោក ឌូ​ទើ​តេ បានសម្លាប់​មនុស្ស​អស់​ចន្លោះ​ពី ៧​ពាន់​ទៅ ៩​ពាន់​នាក់​។ ប៉ុន្តែ​ខាង​ប៉ូលិស​ហ្វីលីពីន បាន​ទាត់ចោល​របាយការណ៍​នេះ ហើយ​អះអាងថា​អ្នកស្លាប់​មាន​ប្រហែល ៤​ពាន់​នាក់​ប៉ុណ្ណោះ​។ សង្គ្រាម​បង្ហូរឈាម​បំបែក​ឈ្មួញ​គ្រឿងញៀន​នេះ ឈានដល់​ការចាប់ខ្លួន​និង​បាញ់សម្លាប់​មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​ជាច្រើន​រួមទាំង​សមាជិកសភា និង​អភិបាលក្រុង​ជាដើម​ផងដែរ​។​

២. ឌូ​ទើ​តេ​៖«​ទ្វារ​សម្រាប់​ការចរចា​ជាមួយ​ក្រុម​ភេរវជន​បិទ​ហើយ​»

​ដោយសារ​កងកម្លាំងរ​ដ្ឋា​ភិ​បាល​កាន់តែ​មានប្រៀប​ក្នុងការ​ប្រយុទ្ធ​បោសសម្អាត​ភេរវជន លោក ឌូ​ទើ​តេ បាន​ប្តូរ​ជំហរ​បិទទ្វារ​ឈប់​ចរចា​ជាមួយ​ក្រុម​ភេរវជន​ទៀតហើយ​។​កាលពី​សប្តាហ៍​មុន​លោក ឌូ​ទើ​តេ បានប្រកាសថា លោក​ទុក​ទ្វារ​ចំហរ​សម្រាប់​ក្រុម​ភេរវជន Maute ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល​។​

​បច្ចុប្បន្ននេះ កងកម្លាំង​រដ្ឋាភិបាល​បាន​កាប់​កាប់​បាន ៩០​ភាគរយ​នៃ​ទីក្រុង​ទាំងមូល ខណៈ​ក្រុម​ភេរវជន​នៅ​បន្តកាន់កាប់ ១០​ភាគរយ​ផ្សេងទៀត​រួមជាមួយ​ជន​ស៊ីវិល​ប្រហែល មួយ​ពាន់​នាក់​ផ្សេង​ទៀតផង​។ លើសពីនេះ រដ្ឋាភិបាល​មានលទ្ធភាព​ក្តោប​ក្តាប់​ស្ថានការណ៍​បាន​ទាំងស្រុង និង​អាច​គ្រប់គ្រង​អ្នកចេញ អ្នក​ចូលក្នុង​ទីក្រុង​បាន​ផងដែរ​។ យ៉ាងណាក៏ដោយ មេខ្លោង​ក្រុម​ភេរវជន អា​ប៊ូ សា​យ៉ាវ   Isnilon Hapilon មិនទាន់​ត្រូវបាន​គេ​ចាប់ខ្លួន​ឡើយ ប៉ុន្តែ​យោធា​ហ្វីលីពីន​ជឿជាក់ថា ជននេះ​នៅ​បន្ត​សម្ងំ​លាក់ខ្លួន​នៅក្នុង​ទីក្រុង Marawi នេះ​នៅឡើយ​។​

​ថ្វីបើ​លោក ឌូ​ទើ​តេ បិទទ្វារ​ឈប់​ចរចា​ជាមួយ​ក្រុម​ភេរវជន​ក្តី អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Restituto Padilla បាន​បកស្រាយ​ថា កងកម្លាំង​ហ្វីលីពីន​នៅតែ​រក្សា​សិទ្ធិ​ទាក់ទង​ជាមួយ​រាល់​ក្រុម​សកម្មប្រយុទ្ធ​ដែល​ព្រម​ដាក់​អា​វុ​ចុះ​និង​អាចជួយ​សម្រួល​ដល់​ការរំដោះ​ចំណាប់ខ្មាំង​បាន​នោះ​។​

​តាមពិតទៅ កម្លាំង​រដ្ឋាភិបាល​បាន​បង្កើន​ការវាយប្រហារ​ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​បាញ់​រ៉ុក្កែត​នាំ​ផ្លូវ និង​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ផ្លោង​ផង​ដើម្បី​បោសសម្អាត​ក្រុម​ភេរវជន​នៅក្នុង​ទីក្រុង​នេះ​ចាប់​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន ព្រោះ​រដូវ​បុណ្យ​បួស​សាសនា​ឥស្លាម Ramadan បានមក​ដល់​។ រដ្ឋាភិបាល​ហ្វីលីពីន​យល់​ពី​ការលំបាក​របស់​ប្រជាជន​ដែល​ស្ថិតនៅ​ទីក្រុង ព្រោះ​ពួកគាត់​ចាំបាច់​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​សាសនា​នេះ ហើយ​បើសិន​ការប្រយុទ្ធ​គ្នា​មិន​ចប់ ពួកគាត់​ក៏​មិនអាច​ជួបជុំ​គ្រួ​សារបាន​ស្រួល​ដែរ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​ហ្វី​លី​ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ឧសភា​ក្រោយ​ការប៉ះទង្គិច​គ្នា​នេះ​។ លោក​ធ្លាប់​លើកឡើងថា រដ្ឋាភិបាល​លោក​អាច​នឹង​អនុវត្ត​ច្បាប់អាជ្ញាសឹក​ក្នុង​រយៈពេល​វែង​ក្នុងករណី​ដែល​ចាំបាច់​ដើម្បី​ឆ្លើយតប​បញ្ហា​សន្តិសុខ​បង្កដោយ​ក្រុម​ភេរវជន​។ លោក​ព្រលយ​ថា លោក​មិន​ខ្វាយខ្វល់​ពី​ការសម្រេច​របស់​តុលាការ​កំពូល និង​សភា​ដែលជា​អ្នកធានា​រក្សា​ការពារ​រដ្ឋធម្មនុញ្ញ​នោះឡើយ​។ យោងតាម​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​ឆ្នាំ ១៩៨៧   ច្បាប់អាជ្ញាសឹក​មាន​អនុភាព​គតិយុត្តិ​រយៈពេល​៦០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវសុំ​ការយល់ព្រម​ពីស​ភា​ជាមុនសិន​ដើម្បី​បន្ត​ការអនុវត្ត​ច្បាប់​នេះ​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
 Daesh
  Maute
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com