ពីនេះ ពីនោះ
រួមគ្នា​ជួយ​ដល់​កុមារ​ដែល​រងគ្រោះ​ទាំងអស់គ្នា​!
02, Jun 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ


​កំណាព្យ បទ​ពាក្យ​៦
-​កុមារា​កុមារី​    ​    ​មាន​ក្រ​ក្តី​សិទ្ធិ​ដូចគ្នា​
​សិទ្ធិ​រស់​និង​គាំពារ​    ​រក​វិជ្ជា​សិទ្ធិ​អប់រំ​។​

-​មាន​សិទ្ធិ​ចៀសផុត​ហិង្សា គ្រប់​កុមារ​ទាំង​តូចធំ​
​មាន​ជម្រក​ជ្រក​សមរម្យ​    ​រស់​ជួបជុំ​ក្រុមគ្រួសារ​។​

-​ទាំងនេះ​ច្បាប់​រដ្ឋ​បានចែង​    ​ស្រុក​គេឯង​ទោះ​សាសន៍​ណា​
UN​ដាក់ចេញ​គោលការណ៍ គ្រប់​កុមារ​ទទួលបាន​។​

-​មានច្បាប់​តែ​យ៉ាប់​ក្មេង​ខ្លះ​    ​នៅតែ​ប៉ះ​ទុក្ខ​ជាប់​ប្រាណ​
​ត្រឹម​រស់​ស្ទើរតែ​មិនបាន​    ​ព្រោះ​រំខាន​ដោយ​ក្រីក្រ​។​

-​ផ្លាស់​ទី​ទៅតាម​ម៉ែឪ​    ​    ​ខ្លះទៀត​ត្រូវ​កេង​បន្ត​
​ជួញដូរ​ជាច្រើន​តំណរ​    ​ដើរ​ត្រាច់ចរ​សុំ​តាមផ្លូវ​។​

-​មាន​ខ្លះ​ត្រូវ​ដាច់​ជើងដៃ​    ​ស្វិត​សរសៃ​ឈឺ​ពេក​កូវ​
​មេខ្យល់​ពរ​រុញ​តាមផ្លូវ​    ​គ្រប់​រដូវ​ដើរ​សុំទាន​។​

-​ក្មេង​ខ្លះ​ប៉ះ​ក្រុមជើងកាង​    ​គ្មាន​សំណាង​សេព​គ្រឿងញៀន​
​ត្រូវ​ធ្វើការ​ទាំង​បំពាន​    ​    ​លក់​គ្រឿងញៀន​ឲ្យ​បងធំ​។​

-​ខ្លះ​ដេក​តាម​ចិញ្ចើមថ្នល់​    ​គិត​ឲ្យ​ដល់​ពិត​ចង់​យំ​
​នៅ​ក្មេង​សោះ​ខ្វះ​ទ្រនំ​    ​    ​ភ្លៀង​ព្យុះ​ធំ​គិត​យ៉ាងណា​?​    ​

-​នេះ​ជា​រឿង​ក្មេង​ខ្លះៗ​    ​    ​ស្មេរ​ឃើញច្បាស់​ទើប​ហ៊ាន​ថា​
​ដឹង​ច្បាស់​ណាស់​រាជ​រដ្ឋា​    ​លៃ​យ៉ាងណា​ជួយ​ក្មេង​ផង​៕

​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!

© រក្សាសិទ្ធិដោយ thmeythmey.com