ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​សកម្មជន​សិទ្ធិមនុស្ស លោក ឆាយ ធី ឈ្នះ​កៅអី​មេឃុំ​នៅ​រតនគិរី​
05, Jun 2017 , 10:34 am        
រូបភាព
​លោក ឆាយ ធី អតីត​អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​រតនគិរី ទទួលបាន​សំឡេងគាំទ្រ​សម្រាប់​តំណែង​មេឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ក្នុង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អណ​ត្តិ​ទី​៤ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា​។​



​លទ្ធផល​បឋម​ដែល​ផ្សាយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ការគាំទ្រ​៣០៩​សំឡេង ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ផ្តល់​ភាព​ភ្ញាក់ផ្អើល ដោយ​ទទួលបាន​២៨៩​សំឡេង ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិតនៅ​លំដាប់​ទី​បី ជាមួយនឹង​២៤៧​សំឡេង​។​

​ឃុំ​ប៉ា​តេ ត្រូវបាន​គ្រប់គ្រង​ដោយ​មេឃុំ​មកពី​គណបក្ស​សម រង្ស៊ី ពីរ​អណ​ត្តិ​មកហើយ​។ យោងតាម​លទ្ធផល​បោះឆ្នោត កាលពី​ឆ្នាំ​២០១២ ក្នុងចំណោម​អាសនៈ​ចំនួន​៥​នៅក្នុង​នេះ គណបក្ស​សម រង្ស៊ី បាន​តំណែង​មេឃុំ និង​ជំទប់​ទី​១ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា កាន់​តួនាទី​ជា​ជំទប់​ទី​២ រួមទាំង​សមាជិក​១​បន្ថែមទៀត​រៀងៗ​ខ្លួន​។​

​នៅក្នុង​អណ​ត្តិ​ទី​៤​នេះ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខភាព​ចំនួន​១២​នាក់ ដោយ​លោក ឆាយ ធី ឈរ​លំដាប់​ទីមួយ លោក សេវ ញាំ​ង ដែល​បានឈ្នះ​ក្នុង​កូតា​គណបក្ស​សម រង្ស៊ី កាលពី​ឆ្នាំ​២០១២ ឈរ​នៅ​លំដាប់​ទី​ពីរ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ទទួលបាន​ការគាំទ្រ​រហូតដល់​២៨៩​សំឡេង​ផងដែរ​នោះ មាន លោក លុយ ដន ឈរ​លំដាប់​ទីមួយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គណបក្ស​ដ៏​ថ្មីថ្មោង​មួយ​នេះ ទទួល​សំឡេងគាំទ្រ​លើស​បក្ស​២​ផ្សេងទៀត​នៅ​ការិយាល័យ​មួយ​ក្នុងចំណោម​ការិយាល័យ​ទាំង​៥​នៅ​ឃុំ​ប៉ា​តេ​។​

​ដោយឡែក គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លោក រ​ម៉ា​ម ខាំ​ផន ជា​បេក្ខជន​លំដាប់​ទីមួយ ហើយ​បច្ចុប្បន្ន លោក រ​ម៉ា​ម យួ​ត គឺជា​មេឃុំ ក្នុង​កូតា​គណបក្ស សម រង្ស៊ី ដែល​នឹង​ត្រូវផុត​អណ​ត្តិ​។​

​យោងតាម បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​ត្ដិ​ទី​៤ ឆ្នាំ​២០១៧ អាសនៈ​នៅក្នុង​ក្រុមប្រឹក្សាឃុំ សង្កាត់​ត្រូវ​បែងចែក​ដោយ​ផ្អែកលើ​អាសនៈ និង​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​ឃុំ សង្កាត់​នីមួយៗ​។​

​បើទោះបីជា គ​.​ជ​.​ប មិនទាន់​ឈានដល់​ការបែងចែក​អាសនៈ​ក៏ដោយ តែ​លោក យ៉ង សាំង កុមារ រំពឹងថា គណបក្ស​របស់លោក ទំនង​ទទួលបាន​២​អាសនៈ​ក្រុមប្រឹក្សា​នៅ​ឃុំ​ប៉ា​តេ ក្នុង​ខេត្ត​រតនគីរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​៕


Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  ឆាយ ធី​
  ប៉ា​តេ
© រក្សាសិទ្ធិដោយ thmeythmey.com