អន្តរជាតិ
អាមេរិក​និង​អាស៊ាន​ប្រកាស​ជួយ​ហ្វីលីពីន​កម្ចាត់​ភេរវកម្ម​នៅ Marawi បើសិនជា​ចាំបាច់​
05, Jun 2017 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​លោក Ng Eng Hen បាន​លើកឡើងថា អាស៊ាន​និង​អាមេរិក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ហ្វីលីពីន​ក្នុងការ​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ដែល​បន្ត​អូសបន្លាយ​នៅ​ក្រុង Marawi  បើសិនជា​ហ្វីលីពីន​ត្រូវការ​។



​ក្រោយ​ចប់​វេទិកា​សន្តិសុខ​ប្រចាំឆ្នាំ Shangri-La នៅ​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃអាទិត្យ​ទី ៤ មិថុនា រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​លោក Ng Eng Hen បាន​ថ្លែងថា សហរដ្ឋអាមេរិក​និង​អាស៊ាន​ទាំងមូល​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដើម្បី​ជួយ​ហ្វីលីពីន​ប្រឆាំង​ចលនា​ភេរវកម្ម​ដែល​កំពុង​គំរាមកំហែង​ទីក្រុង Marawi នោះ​។​

​យោងតាម លោក Ng បាន​បញ្ជាក់ថា ប្រមុខ​កា​ពារ​អាស៊ាន និង​អាមេរិក​លោក James Mattis បានប្រកាស​រួមគ្នា​ពី​ការត្រៀមខ្លួន​ជួយ​ហ្វីលីពីន​នេះ​។ លោក​បាន​រម្លឹក​បន្ថែម​ថា ក្រោយ​មាន​ករណី​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង Marawi ភ្លាមៗ សហរដ្ឋអាមេរិក​, សិង្ហ​បុរី​, ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ផង​សុទ្ធតែ​បានប្រកាស​ជួយ​ហ្វីលីពីន ក្នុងនោះ​មាន​ទាំង​ការចែករម្លែក​ព័ត៌មាន​ចារកម្ម​និង​កិច្ចសហការ​ផ្សេង​ទៀតផង​។​

​លោក​បានលើកឡើង​បន្ថែមថា​បញ្ហា​នៅ​ក្រុង Marawi នេះ​ក៏​ជា​ជួង​ដាស់​ស្មារតី​អាស៊ាន ដែល​វា​ចាំបាច់​ត្រូវមាន​ការប្រឹងប្រែង​សហការគ្នា​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​ភេរវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​។

​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​រូបនេះ​ក៏​កត់សម្គាល់​ផងដែរ​ថា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន បានចាប់ផ្តើម​ល្បាត​សមុទ្រ Sulu រួមគ្នា​ហើយ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​កាត់ផ្តាច់​បណ្តាញ​នៃ​ការជួញដូរ​អាវុធ មនុស្ស​និង​គ្រឿងញៀន ហើយ​វា​ក៏​ជា​បណ្តាញ​នៃ​ក្រុម​សកម្មប្រយុទ្ធ​ឬ​ក្រុម​ភេរវជន​ដែរ​។​

​សិង្ហ​បុរី​ក៏​រីករាយ​ដើម្បី​ចូលរួម​ជាមួយ​ប្រទេស​ខាងលើ​ទាំងបី​ដែរ ដើម្បី​រួមគ្នា​ប្រឆាំង​ភេរវកម្ម​ហើយ​សិង្ហ​បុរី​ត្រៀមខ្លួន​រូ​ច​ជាស្រេច​ដើម្បី​ជួយ​គាំទ្រ​រាល់​ប្រតិបត្តិការ​ល្បាត​នៅក្នុង​សមុទ្រ Sulu និង​រាល់​ប្រតិបត្តិ​ការប្រឆាំង​ភេ​រកម្ម​នៅពេល​ដែលមាន​ប្រទេស​ដទៃ​ស្នើសុំ​ឲ្យ​ជួយ​នោះ​។​

​តាមពិតទៅ គ្រោះថ្នាក់​សន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កន្លងមក ហើយ​បញ្ហា​នេះ​បាន​គ្របដណ្តប់​កិច្ចប្រជុំ​សន្តិសុខ​ប្រចាំឆ្នាំ Shangri-La ទាំងមូល​ផងដែរ​។ បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ​នៅពេល​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម អាច​ពង្រីក​ចលនា​និង​បណ្តាញ​របស់ខ្លួន​បាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការវាយប្រហារ​រៀបចំឡើង​ដោយ​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​និង​មានការ​សហការ​ពី​ក្រុម​ភេរវជន​បរទេស​នៅលើ​កោះ​មិន​ដា​ណាវ​ហ្វីលីពីន​នេះ រឹតតែ​បង្ហាញ​ឲ្យ​ឃើញច្បាស់ អាស៊ាន​កាន់តែ​រងគ្រោះថ្នាក់​ធំ ហើយ​វា​ត្រូវការ​ដំណោះស្រាយ​រួម​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ផងដែរ​ដើម្បី​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​នោះ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​កងកម្លាំង​ហ្វីលីពីន​នៅតែ​បន្ត​ប្រយុទ្ធ​ដណ្តើម​ក្រុង Marawi ពី​ក្រុម​ភេរវជន Maute និង​រំដោះប្រជាជន​ប្រហែល​មួយ​ពាន់​នាក់​ដែល​នៅជាប់​ក្នុង​តំបន់​ដែល​ក្រុម​ភេរវជន​នេះ​កាន់កាប់​ផងដែរ​។ ប្រធានាធិបតី​ហ្វី​លី​ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ឧសភា​ក្រោយ​ការប៉ះទង្គិច​គ្នា​នេះ​។ លោក​ធ្លាប់​លើកឡើងថា រដ្ឋាភិបាល​លោក​អាច​នឹង​អនុវត្ត​ច្បាប់អាជ្ញាសឹក​ក្នុង​រយៈពេល​វែង​ក្នុងករណី​ដែល​ចាំបាច់​ដើម្បី​ឆ្លើយតប​បញ្ហា​សន្តិសុខ​បង្កដោយ​ក្រុម​ភេរវជន​៕


Tag:
 Marawi
  Shangri-La
  Ng Eng Hen
© រក្សាសិទ្ធិដោយ thmeythmey.com