អន្តរជាតិ
អាសាដ ថា​សង្គ្រាម​ស៊ី​រី​ដ៏​ខ្លោចផ្សា​កាន់តែ​ជិត​ចប់ បើសិន​គ្មាន​លោកខាងលិច​គាំទ្រ​ក្រុម​ជ្រុលនិយម​
05, Jun 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី បា​សា អាល់​អាសាដ អួតអាង​ថា កងទ័ព​លោក​មានប្រៀប​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​នៅពេល​បច្ចុប្បន្ន​និង​ឈានទៅ​យកឈ្នះ​លើ​ក្រុម​ភេរវជន​ផង​។ បើ​គ្មាន​ការបន្ត​លូកដៃ​ពី​សំណាក់​ខាងលិច​ទេ សង្គ្រាម​ស៊ី​រី​ដែល​អូសបន្លាយ​ពេល​រាប់​ឆ្នាំ​មកនេះ​នឹង​ឆាប់​ចប់​នៅពេល​ខាងមុខ​។​



​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ឥណ្ឌា WION ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ បាន​ថ្លែងថា​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នេះ​ស្ថិតនៅ​ពីក្រោយ​កងទ័ព​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ​។ លោក​ចង់​មានន័យថា កងទ័ព​របស់​លោកមា​ន​ប្រៀប​ក្នុង​សង្គ្រាម​ដែល​អូសបន្លាយ​រយៈពេល​ប្រាំមួយ​ឆ្នាំ​នេះហើយ​។​

«​គ្រប់យ៉ាង​បច្ចុប្បន្ន​គឺ​ស្ថិតនៅលើ​ទិសដៅ​មួយ​ត្រឹមត្រូវ ដែល​វា​ជា​ទិសដៅ​មួយ​ដ៏​ប្រសើរ​មួយ ព្រោះថា​យើង​កំពុង​យកឈ្នះ​លើ​ក្រុម​ភេរវជន​។ បើសិន​លោកខាងលិច​និង​ប្រទេស​មួយចំនួន​រួមទាំង​សម្ព័ន្ធមិត្ត​គេ​ឈប់​គាំទ្រ​ចលនា​ជ្រុលនិយម​និង​ក្រុម​ភេរវជន ខ្ញុំ​ច្បាស់​ណាស់​ថា សង្គ្រាម​ដ៏​អាក្រក់​នេះ​តាម​យើង​មិនទាន់​ទេ​»​។ នេះ​ជាស​ម្តី​របស់លោក អាសាដ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កងទ័ព​រដ្ឋាភិបាល​លោក អាសាដ និង​កងទ័ព​សម្ព័ន្ធមិត្ត​ដូចជា​អ៊ីរ៉ង់​និង​ក្រុម​ហេ​ស្បូ​ឡា បាន​បន្ត​វាយ​ដណ្តើមយក​ទឹកដី​មកវិញ​ច្រើន​ទូទាំងប្រទេស​ទាំងមូល​។

​កងកម្លាំង​រដ្ឋាភិបាល​កាន់តែ​មានប្រៀប​ខ្លាំង​ដោយសារ​បានទទួល​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​រុស្ស៊ី ខណៈដែល​ក្រុម​ឧទ្ទាម​នៅ​បន្ត​បែកខ្ញែក​គ្នា​នោះ​។ ជ័យជម្នះ​ធំ​បំផុត​របស់​រដ្ឋាភិបាល​ស៊ី​រី​កន្លងមក​គឺ​ដណ្តើមបាន​ទីក្រុង Aleppo ទាំងមូល​កាលពី​ខែធ្នូ​ឆ្នាំមុន ក្រោយ​ប្រយុទ្ធ​គ្នា​រាប់​ឆ្នាំ​។ ក្រៅពី​ជួយ​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី រុស្ស៊ី​ក៏បាន​ចេញមុខ​ជំរុញ​ការចរចា​សន្តិភាព​ផងដែរ​កន្លងមក​ជាពិសេស​ការចរចា​នៅ​ក្រុង Astana​។​

​លោក អាសាដ ក៏បាន​លើកឡើង​ក្នុង​បទសម្ភាសន៍​ផងដែរ​ថា គំនិត​ផ្តួចផ្តើម​សម្រាប់​ចរចា​សន្តិភាព​នៅ​ក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន ជា​គំនិត​ផ្តួចផ្តើម​មួយ​វិជ្ជមាន​សម្រាប់​ការឈាន​ទៅ​សម្រេចបាន​នូវ​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​ស៊ី​រី​ផងដែរ​។​

​ថ្វីបើ​របប​ដឹកនាំ​ស៊ី​រី​មានប្រៀប​ក៏ដោយ ក្នុង​ខែមេសា​កន្លងមកនេះ​បញ្ហា​ចម្រូងចម្រាស​កើតឡើង​ជាថ្មីទៀត ដោយសារ​ការប្រើប្រាស់​អា​វុ​ធ​គីមី​នៅក្នុង​ក្រុង Khan Sheikhun ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​ស្លាប់​។ ក្រុង​ដា​ម៉ាស​ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​និង​ចោទប្រកាន់​ជាថ្មី​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នេះ ប៉ុន្តែ​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ី​រី​បដិសេធ​ដាច់អហង្ការ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ ២០១១ ដោយមាន​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ផ្ទុះឡើង​យ៉ាង​ផុសផុល​នោះ ប្រជាជន​ស៊ី​រី​ស្លូតត្រង់​ច្រើនជាង ៣២​ម៉ឺន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។


Tag:
 បា​សា អាល់​អាសាដ​
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com