អន្តរជាតិ
ចុងក្រោយ​ចិន​ព្រម​គាំទ្រ​អ៊ីរ៉ង់​ជា​សមាជិក​អង្គការ​សន្តិសុខ «​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​»
06, Jun 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​មហា​យក្ស​ចិន​គាំទ្រ​អ៊ីរ៉ង់​ជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO) ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​និង​ចិន​ផ្ទាល់​។ កិច្ចពិភាក្សា​ស្តី​លទ្ធភាព​នៃ​ការទទួលយក​អ៊ីរ៉ង់​ជា​សមាជិក​នៃ​អង្គការ​សន្តិសុខ​តំបន់​នេះ​នឹងត្រូវ​រៀបចំឡើង​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​នៅក្នុង​សប្តាហ៍​នេះដែរ​។



​ការស្នើសុំ​របស់​អ៊ីរ៉ង់​ដើម្បី​ចូល​ជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​នឹងត្រូវ​លើក​យកមក​ពិភាក្សា​នៅ​សប្តាហ៍​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​។ ចិន​ដែលជា​មេដឹកនាំ​អង្គការ​ថ្នាក់​តំបន់​នេះដែរ​នោះ បានប្រកាស​គាំទ្រ​បេក្ខភាព​របស់​អ៊ីរ៉ង់​ក្នុងការ​ចូលរួម​ជាមួយ​ខ្លួន​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឧបការី​រដ្ឋមន្ត្រីការបរទេស​ចិន Li Huilai បាន​លើកឡើងថា អ៊ីរ៉ង់​បាន​ក្លាយជា​សមាជិក​អង្កេត​ការណ៍​យូរ​មកហើយ​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ ហើយ​អ៊ីរ៉ង់​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ក្នុង​ស្ថាប័ន​នេះ​ច្រើន​ដែរ​កន្លងមក​។​

«​ចិន​ពិតជា​កោតសរសើរ​អ៊ីរ៉ង់​។ ចិន​ស្វាគមន៍​និង​គាំទ្រ​បំណង​អ៊ីរ៉ង់​ក្នុងការ​ក្លាយខ្លួនជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​ជា​ផ្លូវការ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ចិន​រូបនេះ​។​

​សំណុំរឿង​អ៊ីរ៉ង់​នេះ​នឹងត្រូវ​លើក​យកទៅ​ជជែក​ក្នុង​ប្រជុំ​កំពូល​អង្គការ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សៀង​ហៃ​ក្នុង​សប្តាហ៍​នេះ​នៅ​ទីក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន ហើយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង ក៏​នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នេះដែរ​។​

​បើតាម​លោក Li នៅក្នុង​កិច្ចប្រជុំ​កំពូល​ខាងមុខ​នេះដែរ ប្រទេស​ពីរ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នឹង​ក្លាយជា​សមាជិក​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​ជា​ផ្លូវការ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញថា អង្គការ​នេះ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​និង​អាចមាន​លទ្ធភាព​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​បាន​រហ័ស​ផងដែរ​។​

 លោក Li បាន​បន្តថា​៖ «​ប្រទេស​កាន់តែច្រើន​រំពឹងថា​នឹង​ក្លាយជា​ដៃគូ​សន្ទនា​, ជា​សមាជិក​អង្កេត​ការណ៍ និង​ជា​សមាជិក​ផ្លូវការ​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​។ ចិន​ស្វាគមន៍​ប្រទេស​ទាំងអស់​ដែល​ចង់​ចូលរួម​និង​មានលទ្ធភាព​បំពេញ​តាម​លក្ខខណ្ឌ​ដើម្បី​ស្នើ​សុំចូល​ជា​សមាជិក​ក្តី​, ជា​សមាជិក​រដ្ឋ​អង្កេត​ការណ៍​ក្តី ឬ​ជា​ដៃគូ​សន្ទនា​ក្តី​»​។​

​ត្រឡប់មកវិញ អ៊ីរ៉ង់​បាន​គោះទ្វារ​ស្នើសុំ​ចូលរួម​ជាមួយ​អង្គ​ការ​តំបន់​នេះ​ក្រោយ​ពេលដែល​ទណ្ឌកម្ម​លោកខាងលិច​ត្រូវបាន​ដក ហើយ​អ៊ីរ៉ង់​រំពឹង​ខ្ពស់​ថា ខ្លួន​អាច​ក្លាយជា​សមាជិក​អង្គការ​នេះ​ជា​ផ្លូវការ​។ ប៉ុន្តែ​ឆ្នាំមុន អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​នេះ​បាន​បដិសេធ​សំណើ​របស់​អ៊ីរ៉ង់​សុំចូល​រួម​ជ​សមាជិក ទោះបីជា​រុស្ស៊ី​បានស្នើ​សុំ​និង​គាំទ្រ​សំណើ​របស់​អ៊ីរ៉ង់​ក៏ដោយ​។ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បែកខ្ញែក​គ្នា​រវាង​ប្រទេស​ជា​មេដឹកនាំ​អង្គការ​ទាំងពីរ​គឺ​រុស្ស៊ី​និង​ចិន​តែម្តង​។​

​សូមបញ្ជាក់ថា អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​ត្រូវបាន​ប​ង្កើ​ឡើង​នៅ​ឆ្នាំ ២០០១ ដោយមាន​សមាជិក​ដូចជា​រុស្ស៊ី​,​ចិន​, កា​ហ្សា​ក់​ស្ថាន​, គៀ​ស៊ី​ស្ថាន និង​អ៊ុយ​បេ​គី​ស្ថាន ហើយ​គោលដៅ​សំខាន់​នៃ​ការបង្កើត​អង្គការ​នេះ​ឡើង​គឺ​ប្រឆាំង​រាល់​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ចលនា​ភេរវកម្ម​និង​ការជួញដូរ​គ្រឿងញៀន​មក​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​៕



Tag:
 ចិន​
 ​អ៊ីរ៉ង​
  SCO
  Li Huilai
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com