អន្តរជាតិ
ឥណ្ឌា​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​ទម្ងន់​ធ្ងន់​ដែលជា​ការវិវត្ត​ដ៏​សំខាន់​មួយទៀត​ក្នុង​កម្មវិធី​អវកាស​របស់ខ្លួន​
06, Jun 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​រ៉ុ​ក​កែ​ត​ទម្ងន់​ធ្ងន់​បំផុត​របស់​ឥណ្ឌា​ដែល​ទើបតែ​ផលិតឡើង ត្រូវបាន​បាញ់​ចូលទៅក្នុង​អវកាស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​ពាំ​នាំយក​ផ្កាយរណប​សម្រាប់​ទំនាក់​ទំនង​មួយ​ដែលមាន​ទម្ងន់​ជាង​៣​តោន ពី​កោះ Sriharikota ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​ប្រទេស​ឥណ្ឌា​។​



​នេះ​គឺជា​ដំណើរ​វិវត្តន៍​ដ៏​សំខាន់​មួយទៀត​សម្រាប់​កម្មវិធី​អវកាស​ដ៏​ម​ហ្ឆិ​ច​តា​របស់​ប្រទេស​នេះ និង​ធ្វើ​ឲ្យ​ឥណ្ឌា​បោះជំហាន​ទៅមុខ​មួយ​ជំហាន​ទៀត​ក្នុង​ការបញ្ជូន​អវកាសយានិក​ទៅកាន់​អវកាស​។

​លោក Aluru Seelin Kiran Kumar ប្រធាន​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​បាន​និយាយ​ទាំង​ញញឹម​ក្រោយពី​ការបាញ់​គ្រាប់​រ៉ុ​ក​កែ​ត​នេះ​ថា​៖ «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​... យើង​អាច​បង្ហោះ​ផ្កាយរណប​នៅក្នុង​គន្លង​គោចរ​បាន​ហើ​យ‍​»​។

​អ្នកវិទ្យាសាស្ត្រ​ខាង​អវកាស​លើកឡើង​ពី​អត្ថប្រយោជន៍​ជាច្រើន​នៃ​រ៉ុ​ក​កែ​ត (GSLV) Mk III ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ដល់​ទៅ​៤​តោន​ទៅកាន់​គន្លង​គោចរ​។ គ្រាប់​រ៉ុ​ក​កែ​ត​នេះ​នឹង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​របស់​ឥណ្ឌា​ទៅលើ​ទីភ្នាក់ងារ​អវកាស​បរទេស ក្នុងការ​បញ្ជូន​ផ្កាយរណប​ធ្ងន់ៗ​ទៅកាន់​អវកាស ដោយ​ជួយ​សន្សំសំចៃ​ប្រាក់​យ៉ាងច្រើន ហើយ​នៅពេល​ខាងមុខ​ឥណ្ឌា​នឹង​អាច​បញ្ជូន​បេសកកម្ម​អវកាសយានិក​ដើម្បី​ទៅ​រុករក​ក្នុង​អវកាស​ដែល​កាន់តែ​ជ្រៅ​។​

​លោកនាយក​រដ្ឋមន្ត្រី Narendra Modi បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Tweeter ថា​៖ «​បេសកកម្ម​នេះ​ធ្វើ​ឲ្យ​ឥណ្ឌា​មាន​សមត្ថភាព​យានអវកាស​និង​ផ្កាយរណប​កាន់តែ​ទំនើប​។ ប្រទេស​ឥណ្ឌា​មាន​មោទនភាព​ណា​ស‍់​!​​»

​ថ្វីដ្បិតតែ​ឥណ្ឌា​មាន​ម​ហ្ឆិ​ច​តា​ខ្ពស់​ទៅលើ​កម្មវិធី​អវកាស​ដូចជា​ចង់​បញ្ជូន​បេសកកម្ម​អ​វ​កា​យានិក​ទៅកាន់​អវកាស​និង​បេសកកម្ម​ទៅកាន់​ភព​សុក្រ​និង​ភព​ព្រហស្បតិ៍​ក៏ដោយ ក៏​ឥណ្ឌា​នៅ​ខ្វះ​បច្ចេកវិទ្យា​ក្នុងការ​បាញ់​រ៉ុ​ក​កែ​ត​ទម្ងន់​ធ្ងន់​ទៅកាន់​ភព​ទាំងនោះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com