ជាតិ
អាជ្ញាធរ​ថៃ សន្យា​ដោះលែង​ពលរដ្ឋ​ខ្មែរ​១៣​នាក់​វិញ​
06, Jun 2017 , 8:39 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ថៃ​បាន​សន្យាថា​នឹង​ដោះលែង​ប្រជាពលរដ្ឋ​១៣​នាក់​វិញ នៅ​ថ្ងៃទី​៧ ខែមិថុនា ក្រោយពី​បាន​ឃាត់ខ្លួន​ពួកគេ នៅក្នុង​ខេត្ត​ស្រះកែវ ពីបទ​ស្នាក់នៅ​អន្តោប្រវេសន៍​ខុសច្បាប់ កាលពី​ថ្ងៃទី​២ ខែមិថុនា ។​



​ពាក់ព័ន្ធ​នឹង​ការចាប់​ខ្លូន​នេះ ក្រុមគ្រួសារ​ពលរដ្ឋ​ទាំង​១៣​នាក់​នោះ បាននាំគ្នា​បិទផ្លូវ​ឃាត់​រថយន្ត​ដឹក​ដំឡូង​មីរ​បស់​ថៃ​២៦​គ្រឿង នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បី​ជា​ថ្នូរ​ឲ្យ​ដោះលែង​ដូចគ្នា​។ នេះ​តាម​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី ៦ ខែមិថុនា​នេះ​។​

​សាច់ញាតិ​ពួកគេ​ទាំងនោះ បាន​ញ្ជា​ក់ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ចាប់ខ្លួន​មិនមែន​អន្តោប្រវេសន៍​ខុសច្បាប់​ឡើយ ពោលគឺ​ពួកគេ​បាន​ទិញ​សំបុត្រ​ឆ្លងដែន ក្នុង​ម្នាក់​តំលៃ​១.០០០​រៀល ដើម្បី​រក​ការងារ​ធ្វើតាម​បន្ទាត់​ព្រំដែន គឺ​ទៅ​ធ្វើការ​ពេលព្រឹក និង​វិល​វិញ​ពេល​ល្ងាច​។​

​អាជ្ញា​ថៃ​បាន​អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ​១៣​នាក់  ដែល​ត្រូវបាន​ឃាត់ខ្លួន គឺ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ថៃ​ដោយ​ខុសច្បាប់ ដែល​ត្រូវបាន​ក្រុមហ៊ុន​ប្តឹង ហើយ​តម្រួត​បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ពលករ​ខ្មែរ​១៣​នាក់ ដោយ​រងចាំ​ការអនុវត្តន៍​តាមច្បាប់​តែម្ដង​។​

​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ជួប​ជាមួយ​អាធរ​ថៃ ដោះស្រាយ​បញ្ហា​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ​ជា​ច្រើនដង​ហើយ​។ ហើយ​អាជ្ញាធរ​ក៏បាន​សន្យាថា​នឹង​ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់​នេះ នៅ​ថ្ងៃទី​០៧​ខែមិថុនា ឆ្នាំ​២០១៧៕



Tag:
 ពលរដ្ឋ​ខ្មែរ​
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com