អន្តរជាតិ
លោក ប្រា​យុទ្ធ សន្យា​ផ្ដល់ទុន​ឲ្យ​កសិករ​ថៃ និង​ជួយ​ពង្រឹងគុណភាព​កសិផល​ដើម្បី​លក់បាន​ថ្លៃ​
08, Jun 2017 , 7:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​សន្យាថា រដ្ឋាភិបាល​នឹង​ផ្ដល់​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​កសិករ​តាម​ការចាំបាច់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មានលទ្ធភាព​ប្រកប​របរ​កសិកម្ម​បាន​ប្រសើរ ក៏ដូចជា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​បាន​។ លោក ប្រា​យុទ្ធ ក៏បាន​ណែនាំ​កសិការ​ថៃ​ពី​របៀប​ពង្រឹង​ស្ដង់ដា​កសិកម្ម ដើ​ម្ប​ផលិត​ទំនិញ​មានគុណ​ភាព និង​ជួយផ្ដល់​យុទ្ធសាស្ត្រ​ទីផ្សារ​ដើម្បី​លក់​ផលិតផល​របស់​ពួកគេ​ក្នុងតម្លៃ​ខ្ពស់​ទៀត​។​

 
​មេដឹកនាំ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទៅសួរសុខទុក្ខ​កសិករ​ថៃ​នៅឯ​ខេត្ត Chanthaburi ហើយ​លោក​ក៏​ឆ្លៀត​ពេលនោះ​ប្រកាស​ពី​នយោបាយ​របស់​រដ្ឋាភិបាល​លោក​ក្នុង​ការជួយ​កសិករ​តាមតែ​អាចធ្វើ​បាន​។ រដ្ឋាភិបាល​ថៃ នឹង​ផ្ដល់ទុន​ចាំបាច់​ទៅ​ឲ្យ​កសិករ​សម្រាប់​ការធ្វើ​កសិកម្ម​របស់​ពួកគេ និង​ជួយផ្ដល់​ជា​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ពង្រឹងគុណភាព​ផលិតផល ដែល​អាច​លក់បាន​ថ្លៃ​ក្នុង​ទីផ្សារ​។​
 
​នៅឯ​ខេត្ត Chanthaburi នាយករដ្ឋមន្ត្រី​ថៃ បាន​ជួប​ជាមួយ​ក្រុម​កសិករ​ដែល​ដាំ​ដុះ​ផ្លែឈើ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត ដើម្បី​ស្វែងយល់​ពី​ផលវិបាក​របស់​ពួកគេ​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ ក៏បានផ្ដល់​លុយ​ទៅ​ឲ្យ​សហគមន៍​កសិករ​ថៃ ដើម្បី​ប្រមូល​ទិញ​កសិផល​ពី​សមាជិករ​បស់់​ពួកគេ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំ តាមរយៈ​ការប្រើប្រាស់​គ្រឿងយន្ត​ដែលជា​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​សម័យ​ទំនើប​។​
 
​លោក ប្រា​យុទ្ធ ដែល​ឡើងកាន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤ បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ផ្ដល់ឱកាស​ឲ្យ​កសិករ​អាច​សួរនាំ​មន្ត្រី​របស់លោក​ជាពិសេស​រដ្ឋមន្ត្រី​កសិកម្ម ជុំវិញ​បញ្ហា​ដែល​ពួកគេ​កំពុង​ជួបប្រទះ​។ លោក​បន្តថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល មិន​ត្រឹមតែ​ជួយ​បង្កើន​តម្លៃ​កសិផល​ទេ តែ​ក៏​ដើម្បី​ជួយ​ពង្រឹងគុណភាព​ផលិតផល​ដែល​អាច​លក់​ក្នុងតម្លៃ​សមរម្យ​ទៀតផង​។​
 
​ទន្ទឹមគ្នា​នឹង​ការពង្រឹង​គុណភាព​ផលិតផល​កសិកម្ម នាយករដ្ឋមន្ត្រី​រូបនេះ ក៏បាន​ប្រាប់​ឲ្យ​កសិករ​ថៃ​បន្ត​គោរព​តាម​បទបញ្ញត្តិ​ទាក់ទង​ការនាំ​ចូល ដោយ​ធ្វើយ៉ាងណា​រក្សា​គុណភាព​ឲ្យ​បានល្អ​។ លោក ក៏បាន​ណែនាំ​ឲ្យ​ពួកគេ​ចងក្រង​ជា​សហករណ៍​ធំៗ​រួមគ្នា ក្នុង​គោលដៅ​ជួយ​គ្នា​ទៅវិញទៅមក ទាំង​ការចែករំលែក​បច្ចេកទេស​ដាំ​ដុះ ទាំង​ការជួយ​រក​ទីផ្សារ​ឲ្យ​គ្នា​ក្នុងនាម​ជា​សមាជិក​សហករណ៍​តែមួយ​។ 
 
​ការសន្យា​ជួយ​កសិករ​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​យោធា​ថៃ ដែល​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ក្នុងប្រទេស ស្របតាម​ការសន្យា​រប​ស់​ខ្លួន​ពេល​ច្បាម​យក​អំណាច​មក​គ្រប់គ្រង​ក្នុង​ឆ្នាំ​២០១៤ ។ ក្រៅពី​រឿង​កសិកម្ម រដ្ឋាភិបាល​លោក ប្រា​យុទ្ធ នៅ​មិនទាន់​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀតឡើយ ជាពិសេស​វិសមភាព​រវាង​អ្នកមាន និង​កសិករ​ក្រីក្រ ដែល​កំពុង​ញាំញី​សង្គម​ថៃ​នៅឡើយ​នោះ​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com