អន្តរជាតិ
អ៊ីរ៉ង់ ខ្ពើម​ពាក្យ​រំលែក​ទុក្ខ​របស់លោក ត្រាំ
08, Jun 2017 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Javad Zarif (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Javad Zarif (រូបភាព Xinhua)
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Javad Zarif បាន​ទាត់ចោល​ការចូលរួម​មរណទុក្ខ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​ការវាយប្រហារ​ពីរ​មកលើ​អាគារ​សភា និង​ផ្នូរ​សព​អតីត​មេដឹកនាំ​កំពូល Ayatollah Ruhollah Khomeini ។ មនុស្ស​យ៉ាងតិច​១៣​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​៤០​នាក់​ទៀត​រងរបួស​។ ក្រុម​រដ្ឋ​ឥស្លាម បានប្រកាស​ទទួលខុស​ត្រូវការ​វាយប្រហារ​នេះ ប៉ុន្តែ​ក្រុង​តេ​ហេ​រ៉ង់​បែរជា​ចង្អុលមុខ​ដាក់​កំហុស​លើ​ក្រុង​រី​យ៉ា​ដ​។​



​អ៊ីរ៉ង់ បាន​បដិសេធ​ទទួល​ពាក្យ​ចូលរួម​មរណទុក្ខ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​ការបាញ់ប្រហារ និង​បំផ្ទុះ​គ្រាប់​ក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង់​នៅ​ថ្ងៃទី​៧ ខែមិថុនា​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Javad Zarif បាន​ហៅ​ប្រតិកម្ម​របស់​ប្រធានាធិបតី​អាមេរិក​លើ​ការវាយប្រហារ​កម្រ​កើតឡើង និង​ប្រកាស​ទទួលខុសត្រូវ​ដោយ​រដ្ឋ​ក្រុម​ឥស្លាម ជា​រឿង​គួរ​ឲ្យ​ខ្ពើមរអើម​។​

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សោកសង្រេង​ខ្លាំង​នឹង​ហេតុការណ៍ និង​សូម​បួងសួង​ដល់​ជនរងគ្រោះ​ក្នុងការ​វាយប្រហារ​នៅ​អ៊ីរ៉ង់ ក៏ដូចជា​ប្រជាជន​អ៊ីរ៉ង់​ទាំងមូល​ដែរ​។ ប៉ុន្តែ​ក្នុង​សេចក្ដីថ្លែងការណ៍​មាន​ពីរ​ប្រយោគ និង​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែមិថុនា ប្រធានាធិបតី ត្រាំ ក៏​ឆ្លៀត​និយាយ​ឌឺដង​អ៊ីរ៉ង់​ថា ប្រទេស​ដែល​គាំទ្រ​ភេរវកម្ម​និយម កំពុង​ប្រឈមមុខ​ក្នុងការ​ក្លាយជា​ជនរងគ្រោះ​របស់​បិ​សា​ដែល​ខ្លួនឯងបាន​គាំទ្រ​។​

​យ៉ាងណាក្ដី ការចូលរួម​សោកសង្រេង​របស់លោក ត្រាំ មិន​ទទួលបាន​ការស្វាគមន៍​ឡើយ​។ ប្រមុខ​ការទូត​អ៊ីរ៉ង់ Javad Zarif បាន​សរសេរ​លើ​គណនី Twitter របស់លោក​ថា​៖ «​សេចក្ដីថ្លែងការណ៍​គួរ​ឲ្យ​ខ្ពើមរអើម​របស់​សេត​វិមាន​... អ៊ីរ៉ង់​ជួបប្រទះ​ការវាយប្រហារ​ភេរវកម្ម​ដែល​គាំទ្រ​ដោយ​អាមេរិក​។ ប្រជាជន​អ៊ីរ៉ង់​មិន​ចង់បាន​មិត្តភាព​ជាមួយ​អាមេរិក​ឡើយ​»​។ 



​ហេតុការណ៍​ថ្ងៃទី​៧ ខែមិថុនា ជាការ​វាយប្រហារ​លើក​ទីមួយ​លើទឹក​ដី​អ៊ីរ៉ង់ ដែល​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ប្រកាស​ទទួលខុសត្រូវ ខណៈ​អ៊ីរ៉ង់​មិនដែល​រងគ្រោះ​ដោយសារ​សកម្មភាព​ភេរវកម្ម​ឡើយ​។ ប៉ុន្តែ​មន្ត្រី​សន្តិសុខ​អ៊ីរ៉ង់ បាន​ចោទប្រកាន់ថា​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ដៃគូ​ប្រជែង​ក្នុង​តំបន់ និង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក បាន​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​នេះ ហើយ​អ៊ីរ៉ង់​ក៏បាន​ប្រកាស​សងសឹក​វិញ​ដែរ​។​

​តាំងពីដើម​មក រដ្ឋបាល​អាមេរិក សង្ស័យថា​អ៊ីរ៉ង់​លួច​គាំទ្រ​ក្រុម​ភេរវជន​នៅក្រៅ​ព្រំដែន​របស់ខ្លួន ប៉ុន្តែ​អ៊ីរ៉ង់​ក៏បាន​ចូលរួម​ដោយ​សកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ដែរ​។ គំនិត​សង្ស័យ​នេះ​ក៏​បន្ត​មកដល់​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ។ លោក ត្រាំ ធ្លាប់​គំរាម​លុបចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែលជា​ការប្រឹងប្រែងរ​បស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​គោលដៅ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​៕


Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com