អន្តរជាតិ
កាតា មិន​ចុះ​ញ៉ម​សម្ពាធ​របស់​រដ្ឋ​អារ៉ាប់​ផ្សេង​ទៀតឡើយ ទោះ​ត្រូវ​ហ៊ុមព័ទ្ធ​ជុំជិត​ក្ដី​
09, Jun 2017 , 3:03 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani (រូបភាព Al Jazeera Forum)
រដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani (រូបភាព Al Jazeera Forum)
​រដ្ឋមន្ត្រីការបរទេស​កាតា Sheikh Mohammed bin Abdulrahman Al Thani បាន​លើកឡើងថា ការផ្ដាច់​ទំនាក់ទំនង​ទាំងអស់​លើ​កាតា​ពី​សំណាក់​រដ្ឋ​ឈូង​សមុទ្រ​ដូចជា​បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ជាដើម នឹងមិន​អាចធ្វើ​ឲ្យ​កាតា​ចុះ​ញ៉ម​បានឡើយ​។ ជាមួយ​ការប្ដេជ្ញា​មិន​ផ្លាស់ប្ដូរ​នយោបាយ​ការបរទេស​របស់ខ្លួន រដ្ឋមន្ត្រីការបរទេស​កាតា​បញ្ជាក់ថា កាតា​អាច​រស់​នៅបាន​ដោយ​ខ្លួនឯង ហើយ​កាតា​ក៏មាន​អ៊ីរ៉ង់​ចាំ​ជួយ​ដែរ​។​

 
​ជម្លោះ​ការទូត​នៅ​ឈូង​សមុទ្រ​ពែ​រ្ស នៅ​មិនទាន់​បញ្ចប់​នៅឡើយ​។ យ៉ាងណាក្ដី ប្រមុខ​ការទូត​កាតា Sheikh Mohammed bin Abdulrahman Al Thani ប្រកាសថា សម្ពាធ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន​, អេ​ហ្ស៊ី​ប​, អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​យេ​ម៉ែន មិនអាច​ធ្វើ​អ្វី​កាតា​បានឡើយ​។ លោក Mohammed bin Abdulrahman ក៏​ប្រកាស​ដែរ​ថា កាតា​នឹង​រក្សា​នយោបាយ​ការបរទេស​របស់ខ្លួន​ដដែល ដោយ​មិន​ងាករេ​អ្វី​ឡើយ​។​
 
​រដ្ឋមន្ត្រីការបរទេស​កាតា​បាន​ប្រាប់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃទី​៨ ខែមិថុនា ថា កាតា​មិន​ចុះ​ញ៉ម​ឡើយ ហើយក៏​នឹងមិន​ចុះ​ញ៉ម​នយោបាយ​ការបរទេស​របស់ខ្លួន​ដែរ​។ លោក​បញ្ជាក់​ដូចនេះ ខណៈដែល​សមាជិក​ក្រុមប្រឹក្សា​ប្រទេស​ឈូង​សមុទ្រ បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាតា ព្រមទាំង​បាន​រឹតត្បិត​ការធ្វើដំណើរ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​ទៀតផង​។ ច្រក​ផ្លូវគោក​តែ​គត់​របស់​កាតា ដែល​ភ្ជាប់​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជា​ច្រក​នាំចូល​ទំនិញ​ដ៏​សំខាន់​ក៏ត្រូវ​បាន​បិទ​ដែរ​។​
 
​លោក Mohammed bin Abdulrahman ក៏​បញ្ជាក់ដែរថា មហាក្សត្រ​កាតា Sheikh Tamim bin Hamad Al Thani នឹងមិន​យាង​ចេញពី​ប្រទេស​បានដែរ ដ្បិត​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ត្រូវបាន​បិទ​អស់​ទៅហើយ​។ នេះ​មានន័យថា​មហាក្សត្រ​កាតា​មិន​ចូលរួម​ជំនួប​ផ្សះផ្សា​នៅ​សេត​វិមាន ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទេ​។ 
 
​ទោះ​ជាមាន​សម្ពាធ​ខ្លាំង​ពី​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងទៀត​ក្ដី ប្រមុខ​ការទូត​កាតា ក៏​សង្កត់ធ្ងន់​ដែរ​ថា បញ្ហា​នឹងត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ដ្បិត​កាតា​មានការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ជា​ខ្នងបង្អែក​។ បើតាម​សម្ដី​ប្រមុខ​ការទូត​នេះ កាតា​នឹង​នៅតែ​អាច​ចិញ្ចឹម​ខ្លួនឯងបាន ហើយ​រដ្ឋាភិបាល​នឹង​បន្ត​រក្សា​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឲ្យ​នៅមាន​ភាពប្រក្រតី​ដដែល​។ ជាមួយគ្នានេះ កាតា​កំពុង​រង់ចាំ​ការទាមទារ​រដ្ឋ​ឈូង​សមុទ្រ​ដើម្បី​បញ្ចប់​បញ្ហា​នេះដែរ​។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Adel Al-Jubeir បាន​ប្រាប់​ឲ្យ​កាតា​ឈប់​គាំទ្រ​ក្រុម​ហា​ម៉ាស់​នៅ​ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​ភាតរភាព​មូស្លីម​នៅ​អេ​ហ្ស៊ី​ប ដែល​ក្រុម​ទាំងពីរ​នេះ​ជា​ក្រុម​ភេរ​វករ មុនពេល​ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​។ ក្រុង​ដូ​ហា ក៏បាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះដែរ ដោយ​ប្រកាសថា​ខ្លួន​មិនបាន​គាំទ្រ​ក្រុម​ភេរវកម្ម​ជ្រុលនិយម​អ្វី​ឡើយ ហើយ​ថា ការចោទប្រកាន់​ទាំងអស់ គឺ​គ្មាន​មូលដ្ឋាន​ឡើយ​៕        

Tag:
 កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com