អន្តរជាតិ
អង់គ្លេស​៖ បក្ស​កាន់អំណាច​បន្ត​ឈ្នះឆ្នោត តែ​បាត់​សំឡេង​ភាគច្រើន​ក្នុង​សភា
09, Jun 2017 , 5:28 pm        
រូបភាព
លោកស្រី ថេរ៉េសា ម៉េយ៍ នៃបក្សអភិរក្ស (រូបភាព Reuters)
លោកស្រី ថេរ៉េសា ម៉េយ៍ នៃបក្សអភិរក្ស (រូបភាព Reuters)
​គណបក្ស​អភិរក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ (Theresa May) បាន​បាត់បង់​សំឡេង​ភាគច្រើន​នៅក្នុង​សភា បើទោះជា​បក្ស​កាន់អំណាច​ទទួលបាន​សំឡេងគាំទ្រ​លើស​បក្ស​ពលករ ដែលជា​បក្សប្រឆាំង​ក្ដី​។ ក្នុងការ​បោះឆ្នោត​មុន​អាណត្តិ​ថ្ងៃទី​៨ ខែមិថុនា គណបក្ស​អភិរក្ស​អាច​ទទួលបាន​កៅអី​ចំនួន​៣១៨ ប៉ុណ្ណោះ​ក្នុង​សភា​ដែល​កៅអី​សរុប ៦៥០ ឯ​បក្ស​ការងារទទួលបាន​កៅអី​ចំនួន​២៦៧​។ ការណ៍​មិន​ទទួលបាន​សំឡេង​ភាគច្រើន​នេះ នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​លោកស្រី ម៉េ​យ៍ ដែល​ត្រូវ​ដឹកនាំ​ការចរចា​ចាក​ចេញពី​អឺរ៉ុប  ហើយ​សភា​ក៏ត្រូវ​ជាប់គាំង​ផងដែរ​។​

 
​គណបក្ស​អភិរក្ស នឹង​នៅតែ​ជា​គណបក្ស​ធំជាងគេ​នៅ​ចក្រភព​អង់គ្លេស​ដដែល បន្ទាប់ពី​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុងការ​បោះឆ្នោត​មុន​អាណត្តិ​ថ្ងៃទី​៨ ខែមិថុនា ប៉ុន្តែ​គណបក្ស​នេះ​មិន​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែលមាន​សមាជិក​សរុប ៦៥០​នាក់​ឡើយ​។ បក្ស​អភិរក្ស ដែលជា​បក្ស​កំពុងកាន់​អំណាច​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍  ទទួលបាន​កៅអី​នៅ​សភា​ចំនួន​៣១៨ នៅ​ខ្វះ​ចំនួន ៨​កៅអី​ទៀត ទើប​ទទួលបាន​សំឡេង​ភាគច្រើន​។​
 
​បើទោះជា​លទ្ធផល​បង្ហាញ​ថា​ឈ្នះឆ្នោត​លើក​នេះ​ក្ដី កៅអី​នៅ​សភា​របស់​គណបក្ស​អភិរក្ស​បាន​ថយចុះ​ចំនួន​១២​កៅអី បើ​ប្រៀបធៀប​ការបោះឆ្នោត​លើក​មុន​ដែល​ទទួលបាន​កៅអី​ចំនួន ៣៣០ ដែលជា​សំឡេង​ភាគច្រើន​។ ច្បាស់​ណាស់​ថា ការធ្លាក់ចុះ​នេះ បណ្ដាលមកពី​គោលនយោបាយ​របស់​បក្ស​ដែល​ដាក់ចេញ​ដោយ​នាយករដ្ឋមន្ត្រី ម៉េ​យ៍ ផ្ទាល់​តែម្ដង​។ មុន​ការបោះឆ្នោត លោកស្រី​រង​ការរិះគន់​ខ្លាំង ព្រោះ​មិន​បង្ហាញមុខ​លើ​វេទិកា​ជជែក​ដេញដោល ទាំង​លោកស្រី​ជា​អ្នក​ប្រកាស​បោះឆ្នោត​មុន​អាណត្តិ​ក្ដី​។​
 
​លទ្ធផល​បោះឆ្នោត​ក៏​បង្ហាញថា គណបក្ស​ការងារ ដែលជា​បក្សប្រឆាំង​ដឹកនាំ​ដោយ​លោក ជើ​រេ​មី ខ​ប៊ី​ន​(Jeremy Corbyn) នឹង​ទទួលបាន​កៅអី​ចំនួន​២៦២ កើនឡើង​ចំនួន ៣០​កៅអី បើ​ប្រៀបធៀប​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៥ ។ លោក ខ​ប៊ី​ន បាន​រិះគន់​លោកស្រី ម៉េ​យ៍ កប់ៗ​មាត់​ពេល​ឃោសនា​រក​សំឡេងឆ្នោត ជាពិសេស​លើ​ជំហរ​ដាច់ខាត​ជ្រុល​របស់​អង់គ្លេស​ក្នុង​ការចរចា​លែងលះ​ឲ្យ​ដាច់ស្រេច​ជាមួយ​សហភាព​អឺរ៉ុប​។​
 
​សារព័ត៌មាន​អង់គ្លេស BBC ផ្សាយ​ថា ក្រៅពី​បក្ស​ធំៗ​ទាំងពីរ​ខាងលើ បក្ស​តូចៗ​ផ្សេងទៀត ក៏​ទទួលបាន​កៅអី​ខ្លះ​ដែរ​។ គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) រំពឹង​ទទួលបាន​កៅអី​ចំនួន​១២, គណបក្ស​ជាតិ​ស្កុ​តឡែ​ន (SNP) ទទួលបាន​កៅអី​៣៥ ហើយ​គណបក្ស​អង់គ្លេស​ឯករាជ្យ (UKIP) ដែល​ធ្លាប់​ទទួលបាន​កៅអី​កាលពី​ឆ្នាំ​២០១៥ មិន​ទទួលបាន​កៅអី​អ្វី​សោះឡើយ ខណៈ​បក្ស​តូចៗ​ពីរ​ទៀត​ទទួលបាន​កៅអី​សរុប​ចំនួន​២៣ ។   
 
១. លទ្ធផល​ខុស​ការរំពឹងទុក​, មេបក្ស​ប្រឆាំង​ស្នើ​លោកស្រី ម៉េ​យ៍ ចុះចេញ​
 
​គេ​អាច​ចាំបាន​ថា នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ បានប្រកាស​រៀបចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​កាលពី​ខែមេសា បើទោះជា​នៅសល់​បី​ឆ្នាំ​ទៀត​ទើប​ដល់​ការបោះឆ្នោត​ទូទៅ​ក៏ដោយ​។ លោកស្រី​សង្ឃឹមថានឹង​ឈ្នះ​បាន​សំឡេង​ភាគច្រើន ដើម្បី​ពង្រឹង​អំណាច​ក្នុង​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប ប៉ុន្តែ​ល្បែង​នយោបាយ​របស់លោក​ស្រី​មិនបាន​អ្វី​ដូច​ការរំពឹងទុក​ឡើយ​។ លទ្ធផល​បោះឆ្នោត​បង្ហាញ​ច្បាស់​ថា មិនមាន​បក្ស​ណា​ឈ្នះ​ដាច់​ឡើយ​។​
 
​ដោយ​មិនអាច​ឈ្នះ​សំឡេង​ភាគច្រើន​ចំនួន​៣២៦​ក្នុងចំណោម​កៅអី​សរុប​៦៥០ បាន​នោះ លោកស្រី ម៉េ​យ៍ ប្រឈមមុខ​ការជាប់គាំង​មិនអាច​បង្កើត​រដ្ឋាភិបាល​បាន​តែឯង ហើយ​ចាំបាច់​ត្រូវមាន​ការចូល​រួមជាមួយ​បក្ស​តូចៗ​ដើម្បី​ទទួលបាន​សំឡេង​គ្រប់គ្រាន់​។ បក្សប្រឆាំង ក៏​ទំនងជា​ស្វែងរក​សម្ព័ន្ធភាព​ជាមួយ​បក្ស​តូចៗ​ដូចគ្នា​ដែរ ដែល​នឹង​ក្លាយជា​បង្កើតជា​សម្ពាធ​ដ៏​ធំ​សម្រាប់​នាយករដ្ឋមន្ត្រី ម៉េ​យ៍ ដ្បិត​មិនអាច​ធ្វើ​អ្វី​ស្រួល​ដូច​មុន​ឡើយ​។​
 
​ជាមួយគ្នានេះ មេបក្ស​ប្រឆាំង​លោក ខ​ប៊ី​ន បានស្នើ​ឲ្យ​លោកស្រី ម៉េ​យ៍ ចុះ​ចេញពី​តំណែង​ទៅ ក្រោយ​មិន​ទទួលបាន​លទ្ធផល​ល្អ​ឡើយ​ក្នុងការ​បោះឆ្នោត​មុន​អាណត្តិ​នេះ​។ ពី​ទីក្រុង​ឡុង​ដ៍ លោក ខ​ប៊ី​ន បាន​ហៅ​លទ្ធផល​នេះ​ជា​សារ​សម្រាប់​លោកស្រី ម៉េ​យ៍ ដ្បិត​លោកស្រី​ចាញ់​ទាំង​ការបោះឆ្នោត បាត់​ទាំង​សំឡេង​ក្នុង​សភា និង​បាត់​ទំនុកចិត្ត​ពី​ប្រជាជន​អង់គ្លេស​ផង​។ មេបក្ស​ប្រឆាំង​រូបនេះ គិតថា​ពេលវេលា​សម្រាប់​លោកស្រី ម៉េ​យ៍ ត្រូវ​ចាកចេញ បានមក​ដល់​ហើយ​។​
 
​យ៉ាងណាក្ដី លោកស្រី ម៉េ​យ៍ ហាក់​មិនមាន​បំណង​លាលែង​ពី​តំណែង​តាម​ការស្នើ​នេះឡើយ​។ ដោយ​លើកឡើងថា​អង់គ្លេស​ត្រូវការ​ស្ថិរភាព លោកស្រី ម៉េ​យ៍ អាច​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ក្នុងនាម​ជា​គណបក្ស​ទទួលបាន​សំឡេង​ច្រើនជាងគេ​ក្នុងការ​បោះឆ្នោត​នេះ ដោយ​ស្វែងរក​បក្ស​តូចៗ​បង្កើតជា​សម្ព័ន្ធភាពរ​ដ្ឋា​ភិ​បាល​ចម្រុះ​តែម្ដង​។​
 
២. អនាគត Brexit ធ្លាក់​ចូលក្នុង​ភាពមិនច្បាស់លាស់​
 
​លទ្ធផល​បោះឆ្នោត​មុន​អាណត្តិ​បង្ហាញថា មិនមាន​គណបក្ស​ណា​អាច​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ឡើយ បើទោះជា​គណបក្សកាន់អំណាច​អភិរក្ស​មាន​សំឡេង​នាំមុខ​ក៏ដោយ​។ មានន័យថា ការចរចា​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​ប្រឈមមុខ​នឹង​បញ្ហា​ដែរ​។ លោកស្រី ម៉េ​យ៍ ត្រូវការ​សំឡេងឆ្នោត​បន្ថែមទៀត​ដើម្បី​ទទួលបាន​សំឡេង​ភាគច្រើន ប៉ុន្តែ​គណបក្ស​តូចៗ​ភាគច្រើន មិនមាន​នយោបាយ​ស្រប​បក្ស​អភិរក្ស​ឡើយ​លើ​បញ្ហា​ចរចា​នេះ​។​
 
​ក្នុងករណី​បក្ស​ការងារ​ទទួល​បានការ​គាំទ្រ​ពី​បក្ស​ផ្សេងទៀត​ដូចជា​បក្ស​ជាតិ​ស្កុ​តឡែ​ន និង​បក្ស​ប្រជាធិបតេយ្យ​សេរី​ជាដើម ហើយ​មាន​វាសនា​ដឹកនាំ​រដ្ឋាភិបាល​នោះ ការចរចា Brexit នឹង​ដើរ​លើផ្លូវ​ខុសពី​ផែនការ​របស់​បក្ស​អភិរក្ស​មិន​ខាន​។ នេះ​ក៏​ព្រោះតែ​បក្ស​តូចៗ​ទាំងពីរ​មាន​ជំហរ​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​សហភាព​អឺរ៉ុប​ដដែល ឬ​យ៉ាងហោចណាស់​ក៏​គាំទ្រ​ការចរចា​ដែល​ទុក​ផ្លូវ​ឲ្យ​អង់គ្លេស​អាច​ប្រើប្រាស់​ទីផ្សារ​រួមគ្នា​របស់​អឺរ៉ុប​ដែរ​។ 
 
​តាមពិតទៅ បក្ស​ការងារ មិន​ជំទាស់​នឹង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ទេ តែ​ពួកគេ​នឹង​លុបចោល​ផែនការ​ចរចា​លែងលះ​នេះ ហើយនឹង​ផ្ដល់​អាទិភាព​សំខាន់​លើ​ការរក្សា​ផលប្រយោជន៍​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប​។ ឯ​បញ្ហា​ក្នុងស្រុក​វិញ ក្រុមប្រឆាំង នឹង​ជំទាស់​នយោបាយ​កាត់បន្ថយ​ការចំណាយ​សាធារណៈ​របស់​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ លុបចោល​ការបង់ថ្លៃ​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ និង​បង្កើន​ពន្ធ​លើ​អ្នក​មាននៅ​អង់គ្លេស​ជាដើម​៕
 

Tag:
 ​អឺរ៉ុប​
  អង់គ្លេស​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com