អន្តរជាតិ
ថៃ បកប្រែ​គម្ពី​អក្សរ​ខ្មែរ​បុរាណ​ចំណាស់​ពីរ​រយ​ឆ្នាំ​ជា​ភាសា​អ៊ីតាលី​
12, Jun 2017 , 1:50 pm        
រូបភាព
រូបភាព Bangkok Post
រូបភាព Bangkok Post
​គម្ពីរ​បុរាណ​អាយុកាល​ពីរ​រយ​ឆ្នាំ​ដែល​ចារ​ជា​អក្សរ​ខ្មែរ​សម័យ​ដើម និង ជា​តង្វាយ​អតីត​មហាក្សត្រ​ថៃ ព្រះ​ចៅ​រាមា​ទី​៧ ថ្វាយ​សម្ដេច​ប៉ាប Puis XI ត្រូវបាន​បកប្រែ​ជា​ភាសា​អ៊ីតាលី​រួចរាល់​ហើយ ដោយ​ព្រះសង្ឃ​ថៃ​មកពី​វត្ត Phra Chetuphon Wimonmangkhalaram ។ គម្ពីរ​បុរាណ​នេះ នឹងត្រូវ​ដាក់តាំង​ជា​សាធារណៈ​នៅឯ​សារមន្ទីរ​ក្នុង​បុរី​វ៉ា​ទី​កង់​។ ក្រៅពី​ភាសា​អ៊ីតាលី គម្ពីរ​បុរាណ​នេះ ក៏​នឹងត្រូវ​បកប្រែ​ជា​ភាសា​ផ្សេងទៀត​រួមទាំង​ភាសា​ចិន បារាំង អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​ជាដើម​ផង​។



​ចៅអធិការ​វត្ត Phra Chetuphon Wimonmangkhalaram ព្រះ​តេជគុណ Thepveeraporn មាន​សង្ឃដីកា​ថា ប្រតិភូ​មកពី​បុរី​វ៉ា​ទី​កង់​បាន​ប្រាប់​ព្រះអង្គ​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន​ថា សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ប្រមុខ​សាសនា​រ៉ូ​ម៉ាំង​កាតូលិក ចង់​ដាក់តាំង​គម្ពីរ​បុរាណ​ចារ​ជា​អក្សរ​ខ្មែរ​ក្នុង​សារមន្ទីរ​នៅ​បុរី​វ៉ា​ទី​កង់​។ ដោយសារ​មិន​យល់​ពី​អត្ថន័យ​នៃ​គម្ពីរ​នេះ ទើប​សម្ដេច​ប៉ាប​ស្នើ​ឲ្យ​វត្ត​នេះ​ជួយ​បក​ប្រែជា​ភាសា​អ៊ីតាលី​ផង​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ក្រុមការងារ​បកប្រែ​ក៏​ត្រូវបាន​បង្កើតឡើង​ដើម្បី​បកប្រែ​គម្ពីរ​សាសនា​ចារ​ជា​អក្សរ​ខ្មែរ​នោះ​។ គម្ពីរ​បុរាណ ដែលជា​តង្វាយ​អតីត​ស្ដេច​ថៃ Prachadipok ថ្វាយ​ប្រមុខ​បុរី​វ៉ា​ទី​កង់​កាលពី​៨៣​ឆ្នាំមុន ត្រូវបាន​បកប្រែ​ជា​៧​ជំពូក​រួមបញ្ចូល​ទាំង​ការបង្រៀន​សូត្រធម៌ កំណាព្យ ការសូត្រ​បាលី ក៏ដូចជា​ការ​សង្ខេប​ពាក្យ​ប្រៀនប្រដៅ និង​បទបញ្ញត្តិ​របស់​ព្រះពុទ្ធ​ជាដើម​ផង​។​

​គម្ពីរ​ថ្មី ដែល​បាន​បកប្រែ​រួចរាល់ ត្រូវបាន​ស្រោប​ដោយ​មាស​សុទ្ធ ហើយ​មាន​ទទឹង ១៣​សង់ទីម៉ែត្រ និង​បណ្ដោយ ៦៦​សង់ទីម៉ែត្រ​។ គម្ពីរ​នេះ​មាន​កម្រាស់ ១៨៦​ទំព័រ នឹងត្រូវ​ដាក់តាំង​នៅឯ​សារមន្ទីរ​បុរី​វ៉ា​ទី​កង់​ជាមួយ​គម្ពីរ​ដើម​តែម្ដង​។ បើតាម​ប្រភពព័ត៌មាន​ដដែល វត្ត Phra Chetuphon Wimonmangkhalaram បានទទួល​មីក្រូ​ហ្វីល​ពី​បុរី​វ៉ា​ទី​កង់ ហើយ​ចំណាយពេល​ដល់​ទៅ​១១​ខែ​ទើប​បកប្រែ​ចប់សព្វគ្រប់​។     

​ព្រះ​តេជគុណ Thepveeraporn មាន​សង្ឃដីកា​ដែរ​ថា គម្ពីរ​សាសនា​នេះ​មាន​អាយុ​ប្រហែល​២០០​ឆ្នាំ​ដែរ ព្រោះ​រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ដើម​សម័យ Ratanakosin ត្រូវបាន​ចារ​ក្នុង​គម្ពីរ​នេះ​។ ព្រះអង្គ​បន្តថា ការបកប្រែ​គម្ពីរ​បុរាណ​នេះ បានបង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​វត្ត Phra Chetuphon Wimonmangkhalaram និង​វិហារ​គ្រិស្តសាសនា​របស់​បុរី​វ៉ា​ទី​កង់​៕ 


Tag:
 ​ថៃ​
  អ៊ីតាលី​
  បុរី​វ៉ា​ទី​កង់
© រក្សាសិទ្ធិដោយ thmeythmey.com