ជាតិ
៣​ខែ​ដើមឆ្នាំ​២០១៧​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​១,៥​លាន​នាក់​
12, Jun 2017 , 7:39 pm        
រូបភាព
​សៀមរាប​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែងថា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១,៥​លាន​នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង ១២%​។​



​ថ្លែង​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​សន្និសីទ​អន្តរជាតិ​ស្តីពី​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព និង​ទីក្រុង​បេតិកភណ្ឌ​លើក​ទី​១ និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២ លោក ថោង ខុន បាន​បន្ថែមថា ចំពោះ​កំណើន​ទេសចរ​ដ៏​ត្រ​ចេះ​ត្រចង់​នេះ កម្ពុជា​ក៏​រំពឹងថា នឹង​អាច​ទទួល​ភ្ញៀវទេសចរ​ចំនួន ៥,៤​លាន​នាក់​នៅក្នុង​ឆ្នាំ​២០១៧​នេះ ហើយ​រំពឹងថា នឹង​ទទួលបាន​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​រម្លឹក​ពី​តួលេខ​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៦​ផងដែរ​។ តាម​លោក​រដ្ឋមន្ត្រី នៅ​ឆ្នាំ​២០១៦ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ ៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ទៀត ដែល​រួមចំណែក​ប្រមាណ ១២%​នៃ GDP​។​

​លោក ថោង ខុន បាន​លើក​ពី​របាយការណ៍​ទេសចរណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។ លោក​បន្ថែមថា ចំណែក​ទីផ្សារ​ទេសចរណ៍​ពិភពលោក​ប្រមាណ ៤០%​នៃ​ទេសចរ​សរុប ជា​ទេសចរ​វប្បធម៌ និង​២៥%​ជា​ទេសចរ​តំបន់ឆ្នេរ​សមុទ្រ​។ ដោយឡែក​នៅ​កម្ពុជា ចំណែក ទេសចរ​អន្តរជាតិ​សរុប​ចូលចិត្ត​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ពិសេស​ប្រាសាទអង្គរវត្ត និង​តំបន់​បេតិកភណ្ឌ​ដទៃទៀត មាន​ជាង​៥០%​។ នេះ​តាម​ការលើកឡើង​របស់​លោក ថោង ខុន​។​

​ទាក់ទង​នឹង​ការងារ​ទេសចរណ៍​នេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា នៅមាន​កិច្ចការងារ​ជា ច្រើន​ទៀត ដែល​តម្រូវ​ឲ្យ​ធ្វើ ដូចជា​ការងារ​អភិរក្ស វប្បធម៌​រូបិយ និង​អ​រូបិយ ការរៀបចំ​គោល នយោបាយ​នានា​ជាមួយ​វិស័យ​វប្បធម៌ ទេសចរណ៍ ដែល​គួរ​ត្រូវបាន​រៀបចំឡើង​ក្នុងការ អធិការ​អន្តរ​វិស័យ ដូចជា​ផែនការ​អភិវឌ្ឍ​ទីក្រុង​ដែល​ត្រូវ​បញ្ចូល​ទស្សនទាន​វប្បធម៌ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច សង្គម ទៅក្នុង​ស្ថានភាព​ការងារ​នីមួយៗ​។​

​គួ​រម្លឹកថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៧​។ នៅ​ព្រឹក​ថ្ងៃទី ១៣ ប្រតិភូ​ប្រទេស​ជា​សមាជិក​ចំនួន​២២​ប្រទេស នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​បាត់ដំបង ដើម្បី​ពិនិត្យ​សំណង់​អាគារ​បុរាណ ដែល​ខេត្ត​មួយ​នេះ​ស្ថិតក្នុង​បេក្ខភាព​ទីក្រុង​ដែល​ស្នើ​ចូល​ចុះ បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​៕


Tag:
 ទេសចរណ៍​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com