អន្តរជាតិ
ព្យុងយ៉ាង​៖ កូរ៉េខាងត្បូង​ធ្វើគ​ថ្លង់​ដាក់​កូរ៉េខាងជើង តែ​រាំ​តាម​ភ្លេង​របស់​អាមេរិក​
12, Jun 2017 , 5:12 pm        
រូបភាព
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១១ ខែមិថុនា បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​ផ្លាស់​នយោបាយ​អន្តរ​កូរ៉េ​របស់ខ្លួន​ឡើងវិញ ដោយ​ឈប់​ដើរ​តាម​នយោបាយ​របស់​អាមេរិក​ដែល​ចេះតែ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រហូតមក​។ តាមរយៈ​សារព័ត៌មាន​ផ្លូវការ​របស់ខ្លួន កូរ៉េខាងជើង ក៏បាន​រិះគន់​នយោបាយ​អាមេរិក​ដែល​ធ្វើ​ឲ្យ​កូរ៉េ​ទាំងពីរ​បែកបាក់ និង​បាន​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង​បោះបង់​អាមេរិក​ទៅ ហើយ​ងាក​មក​រួបរួមគ្នា​ជាមួយ​កូរ៉េខាងជើង​វិញ​។



​កូរ៉េខាងជើង បាន​បន្ទោស​នយោបាយរ​បស់​អាមេរិក ដែល​បាន​បែងចែក​កូរ៉េ​ទាំងពីរ និង​បាន​ប្រាប់​ឲ្យ​កូរ៉េខាងត្បូង​អនុវត្តតាម​ការព្រមព្រៀង​គ្នា​នាពេល​កន្លង​ដើម្បី​ការ​បង្រួប​ប​ម្រួ​ម​កូរ៉េ​ទាំងពីរ ជាជាង​ស្ដាប់​តាម​អាមេរិក​។ កូរ៉េខាងជើង ក៏​ទទូច​ឲ្យ​កូរ៉េខាងត្បូង​ឈប់​អនុវត្តតាម​ទណ្ឌកម្ម​ដែល​លើកឡើង​ដោយ​អាមេរិក ព្រោះ​នយោបាយ​របស់​អាមេរិក​ធ្វើ​ឲ្យ​កូរ៉េ​ពីរ​ឃ្លាត​ពីគ្នា​កាន់តែ​ឆ្ងាយ និង​មិនអាច​បញ្ចប់​វិបត្តិ​ឧបទ្វីប​កូរ៉េ​បានឡើយ​។​

​បើតាម​បទ​អធិប្បាយ​របស់​កាសែត​កូរ៉េខាងជើង Rodong Sinmun ផ្សាយ​ដោយ Yonhap ក្រុង​ព្យុងយ៉ាង​បាន​ចោទ​ក្រុង​សេ​អ៊ូ​ល​ថា បានធ្វើ​គ​ធ្វើ​ថ្លង់​ដាក់​ការស្នើ​របស់​កូរ៉េខាងជើង​ក្នុងការ​ផ្សះផ្សា​ជម្លោះ និង​ការរួបរួម​អន្តរ​កូរ៉េ ប៉ុន្តែ​បែរជា​លោត​តាម​នយោបាយ​បង្ករឿង​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅវិញ​។ កូរ៉េខាងជើង ក៏​ឲ្យ​កូរ៉េខាងត្បូង​រាំងខ្ទប់​ឥទ្ធិពល​ខាងក្រៅ​ឲ្យ​បាន ព្រោះ​វា​ជា​មូលហេតុ​នាំ​ឲ្យ​កូរ៉េ​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំ​។​

​ការអំពាវនាវ​របស់​កូរ៉េខាងជើង ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន អនុវត្ត​នយោបាយ​ចរចា​ផង និង​ដាក់ទណ្ឌកម្ម​ផង​ក្នុង​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ តាមពិតទៅ លោក មូ​ន ចេ​អ៊ី​ន ដែល​មិន​ជំហរ​តឹងរ៉ឹង​ខ្លាំង​ដាក់​កូរ៉េខាងជើង​ឡើយ ហើយ​លោក​ក៏​មិន​យល់ស្រប​នឹង​ការបន្ថែម​សាំង​លើ​ភ្លើង​ដែរ តែ​លោក​ចង់​ស្វែងរក​ច្រកចេញ​តាមរយៈ​ដំណោះស្រាយ​កណ្ដាល គឺ​កិច្ចសន្ទនា​អន្តរ​កូរ៉េ និង​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​ស៊ីវិល​។​

​យ៉ាងណាក្ដី កូ​រ៉​ខាងជើង បាន​ទាត់ចោល​បំណង​របស់​កូរ៉េខាងត្បូង​ក្នុងការ​ចាប់ផ្ដើម​ទំនាក់ទំនង​ស៊ីវិល​ឡើងវិញ​។ ជំនួស​មកវិញ កូរ៉េខាងជើង​ក៏​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​អនុវត្តតាម​សេចក្ដីថ្លែងការណ៍​អន្តរ​កូរ៉េ មុននឹង​ចាប់ផ្ដើម​ការផ្លាស់ប្ដូរ​រ​វាង​ប្រជាជន​ឡើងវិញ​។ សេចក្ដី​ថ្លែង​ការ​អន្តរ​កូរ៉េ​ដែល​ចែង​ពី​ការផ្សះផ្សា និង​កិច្ចសហប្រតិបត្តិការ​កូរ៉េ​ទាំងពីរ គឺជា​លទ្ធផល​នៃ​ជំនួប​កំពូល​រវាង​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង គីម ដេ​ជុង និង​អតីត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុងអ៊ីល ក្នុង​ឆ្នាំ​២០០០ ។​

​ទន្ទឹមគ្នា​នឹង​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​ធ្វើតាម​សំណើ​របស់ខ្លួន កូរ៉េខាងជើង​វិញ ក៏បាន​ផ្គើន​កូរ៉េខាងត្បូង​ជារឿយៗ​ដែរ​។ ក្រុង​ព្យុងយ៉ាង តែង​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​យ៉ាង​ញឹកញាប់ ដោយ​គ្រាន់តែ​រយៈពេល​មួយខែ​នៃ​ការ​កាន់តំណែង​របស់លោក មូ​ន ចេ​អ៊ី​ន ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​៥​លើក​ទៅហើយ​។ លោក មូ​ន ចេ​អ៊ី​ន ដែលមាន​ជំហរ​ទន់ភ្លន់​នោះ ក៏បាន​ព្រមាន​កូរ៉េខាងជើង​ដែរ​ថា ទង្វើ​បង្ករឿង​របៀបនេះ នឹងធ្វើ​ឲ្យ​របប​កុម្មុយនីស្ត​កាន់តែ​ឯកោ​មិន​ខាន​៕  


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com