អន្តរជាតិ
កូរ៉េខាងត្បូង ប្រាប់​ជប៉ុន​ឲ្យ​ប្រយ័ត្ន​សម្ដី​ជុំវិញ​បញ្ហា​ស្ត្រី​ទាសករ​ផ្លូវភេទ​
12, Jun 2017 , 7:59 pm        
រូបភាព
​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែមិថុនា និយាយថា ខ្លួន​បានស្នើ​ឲ្យ​ជប៉ុន​ប្រយ័ត្នប្រយែង​ក្នុងការ​ធ្វើ​អធិប្បាយ​ពាក់ព័ន្ធ​បញ្ហា​រសើប​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​បញ្ហា​ស្ត្រី​ទសករ​កូរ៉េខាងត្បូង​ដែល​ទាហាន​ជប៉ុន​ចាប់បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។ ក្រសួងការបរទេស​កូរ៉េខាងត្បូង​ស្នើ​ដូចនេះ ជាការ​ឆ្លើយតប​នឹង​សម្ដី​របស់​បេសកជន​របស់​ជប៉ុន ដែល​បាន​និយាយ​ប៉ះពាល់​ដល់​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​នេះ​។



​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​កូរ៉េខាងត្បូង នៅតែ​ជា​បន្លា​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ទោះជា​ភាគី​ទាំងពីរ​ប្រឹងប្រែង​បញ្ចប់​បញ្ហា​នេះ​ក្ដី​។ បញ្ហា​នេះ រំពឹងថា​ដោះស្រាយ​ចប់សព្វគ្រប់​អស់ហើយ បន្ទាប់ពី​កូរ៉េខាងត្បូង​ក្រោម​អាណត្តិ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ និង​ជប៉ុន សម្រេចបាន​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​ដើម្បី​ព្យាបាល​របួស​នេះ​។ ជប៉ុន សុខចិត្ត​បង់ថ្លៃ​ជំងឺ​ចិត្តច្រើន​លាន​ដុល្លារ​ទៅ​ឲ្យ​ស្ត្រី​កូរ៉េខាងត្បូង​ដែល​ត្រូវ​ទាហាន​ចាប់បង្ខំ​ឲ្យ​ធ្វើជា​ទាសករ​ផ្លូវភេទ​។​

​យ៉ាងណាក្ដី កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ នេះ បាន​រង​ការរិះគន់​ខ្លាំង ហើយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏​ចង់​ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​នេះដែរ​។ ប៉ុន្តែ​ជប៉ុន​វិញ ហាក់​មិន​ចង់​វិល​ចូល​តុ​ចរចា​ម្ដង​ទៀតឡើយ និង​បាន​ប្រាប់​កូរ៉េខាងត្បូង​ឲ្យ​ទប់ស្កាត់​ចលនា​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ​។ លោក Toshihiro Nikai ប្រេសិត​ពិសេស​របស់លោក ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១០ ខែមិថុនា បានស្នើ​ឲ្យ​មានការ​លុបបំបាត់​អ្នក​ដែល​ចង់​លេងល្បិច បង្ក​ផលប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​ផង​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ការអធិប្បាយ​របស់​ប្រេសិត​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុងជំនួប​ជាមួយ​សមាជិកសភា​កូរ៉េខាងត្បូង ធ្វើ​ឲ្យ​ក្រុម​អ្នក​រិះគន់​គិតថា លោក Toshihiro Nikai ចង់​និយាយ​សំដៅចំ​លើ​អ្នក​ដែល​ទាមទារ​ឲ្យ​មានការ​ចរចា​ឡើងវិញ​កិច្ចព្រមព្រៀងទ្វេភាគី​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​និយាយថា វា​ជា​ចាំបាច់​ក្នុងការ​ប្រយ័ត្ន​សម្ដី​ពេល​និយាយ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ តួយ៉ាង​បញ្ហា​ស្ត្រី​ទាសករ​ផ្លូវ​នេះ​ជាដើម​។ 

​នៅ​កូរ៉េខាងត្បូង ក្រុម​អ្នក​រិះគន់​លើកឡើងថា កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ សម្រេចបាន​ដោយ​រហ័ស​ពេក ដោយ​គ្មាន​ការយល់ព្រម​ពី​ប្រជាជន ហើយក៏​មិនមាន​ការសុំ​ទោស​អស់ពី​ចិត្ត​ពី​សំណាក់​ជប៉ុន​ដែរ​។ ទាក់ទង​បញ្ហា​នេះ សូម្បី​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក៏​មិន​យល់ស្រប​ដែរ​។ លោក មូ​ន ចេ​អ៊ី​ន បាន​ប្រា​ប់លោក អា​បេ អំឡុងពេល​និយាយ​ទូរ​សព្ទ​ក្រោយ​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត ថា ប្រជាជន​កូរ៉េខាងត្បូង​មិនអាច​ទទួលយក​កិច្ចព្រមព្រៀង​នេះ​ពី​ចិត្ត​របស់​ពួកគេ​ឡើយ​។​

​ប្រធានាធិបតី​កូរ៉េ​ខាង​រូបនេះ ក៏​បង្ហើប​ដែរ​ថា រដ្ឋបាល​របស់លោក​អាច​នឹង​ចាប់ផ្ដើម​ចរចា​ម្ដងទៀត​លើ​កិច្ចព្រមព្រៀង​នេះ ដោយ​សំដៅ​ធ្វើយ៉ាងណា​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ស្ត្រី​រងគ្រោះ និង​ប្រជាជន​កូរ៉េខាងត្បូង​ទាំងមូល​។ បើ​មាន​ការចរចា​ម្ដងទៀត​មែន​នោះ ទំនាក់​ទំ​បង​ទ្វេភាគី​រវាង​អ្នកជិតខាង​ទាំងពីរ​ដែល​កំពុង​មិនសូវ​ល្អ​ស្រាប់​ផង​នោះ នឹង​កាន់តែ​ពិបាក​ពង្រឹង​ម្ដងទៀត ខណៈ​ស្រមោល​ប្រវត្តិសាស្ត្រ​នៅតែ​ជា​របាំង​ឧបសគ្គ​ដដែល​៕


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com