អន្តរជាតិ
គណបក្ស​ថ្មីថ្មោង​របស់លោក ម៉ា​ក្រុង ដណ្តើម​សំឡេងគាំទ្រ​ច្រើនជាងគេ​ក្នុងការ​បោះឆ្នោត​សភា​បារាំង​ជុំទីមួយ​
12, Jun 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​គណបក្ស  Republique en Marche របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​រហូតដល់​៣២,៣២ ភាគរយ នៅក្នុង​ការបោះឆ្នោត​សភា​ជុំទីមួយ​ថ្ងៃអាទិត្យ ខណៈ​ការបោះឆ្នោត​ជុំ​ទី​ពីរ​នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃ ១៨ ខែមិថុនា​។ គេ​រំពឹងថា គណបក្ស​មាន​អាយុកាល​មួយឆ្នាំ​នេះ​នឹង​រកបាន​អាសនៈ​ចន្លោះ​ពី ៤០០ ដល់ ៤៤៥ ក្នុងចំណោម​អាសនៈ​សរុប ៥៧៧ នា​ការបោះឆ្នោត​ជុំ​ទី​ពីរ​ខាងមុខ​។ វា​នឹង​ក្លាយជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​លោក ម៉ា​ក្រុង ជាពិសេស​វាស​ម្រូ​ល​ដល់​ការអនុម័ត​គោលនយោបាយ​និង​កែទម្រង់​តាម​ការសន្យា​ក្នុងពេល​បោះឆ្នោត​កន្លងមក​។​



​ការបោះឆ្នោត​សភា​បារាំង​ជុំទីមួយ​បានបញ្ចប់​ទៅ​នៅ​ចុង​សប្តាហ៍​កន្លងទៅ ដោយ​គណបក្ស Republique en Marche ដែលជា​ទើប​ប្រែខ្លួន​ពី​ចលនានយោបាយ​នោះបាន​ដណ្តើម​សំឡេងគាំទ្រ​ច្រើនជាងគេ​រហូតដល់​ជាង ៣០​ភាគរយ​។ នេះ​ជា​ជ័យជម្នះ​មួយ​ដ៏​ធំ​សម្រាប់​គណបក្សនយោបាយ​ថ្មីថ្មោង​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក្នុងការ​ឈានទៅ​ដណ្តើម​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លទ្ធផល​ផ្លូវការ​បង្ហាញថា គណបក្ស Republique en Marche បានទទួល​សំឡេងគាំទ្រ ៣២,៣២ ភាគរយ​, គណបក្ស​សាធារណរដ្ឋ​ទទួលបាន​សំឡេង​២១, ៥៦​ភាគរយ​, គណបក្ស​ស្តាំនិយម​ជ្រុល​រណសិរ្ស​ជាតិ​បានទទួល​សំំ​ឡេង​គាំទ្រ ១៣,២​ភាគរយ​។ ចំណែក​គណបក្ស​សង្គម​និយម​រួមជាមួយ​គណបក្ស​តូច​ផ្សេងទៀត​មាន​បក្ស​កុម្មុយនីស្ត​, គណបក្ស​ឆ្វេងនិយម​ជ្រុល​ជាដើម​នោះ​ដណ្តើមបាន​សំឡេង​ត្រឹម ២៣​ភាគរយ​ប៉ុណ្ណោះ​។ វា​មានន័យថា គណបក្ស​ធំ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុងសង្គម​បារាំង​ជា​ប្រពៃណី ដូចជា​បក្ស​សាធារណរដ្ឋ និង​គណបក្ស​សង្គមនិយម​នោះ​នៅតែ​ចាញ់​ប្រៀប​បក្ស​ដែលមាន​អាយុកាល​ទើប​មួយឆ្នាំ​របស់លោក ម៉ា​ក្រុង នេះដែរ​។​

​ប៉ុន្តែ​អ្វីដែល​សំខាន់​ភាគរយ​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ថ្ងៃអាទិត្យ​ទី ១១ មិថុនា​ម្សិលមិញ​នេះ​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពោលគឺ​ត្រឹម ៤៩​ភាគរយ​ប៉ុណ្ណោះ​។

​បើតាម​ប្រព័ន្ធ​បោះឆ្នោត​បារាំង ក្នុងការ​បោះឆ្នោត​ជុំទីមួយ ក្នុងករណី​គ្មាន​គណបក្ស​ណាមួយ​ទទួលបាន​សំឡេង​ភាគច្រើន ៥០​ភាគរយ​ទេនោះ​ការបោះឆ្នោត​នៅ​ជុំ​ទី​ពីរ​នឹងត្រូវ​រៀបចំ​ម្តងទៀត​។​ការបោះឆ្នោត​ជុំ​ទី​ពីរ​នឹងត្រូវ​រៀបចំ​នៅ​ថ្ងៃអាទិត្យ​ទី ១៨ ខែ​មិថុន ហើយ​គណបក្ស​ដែល​បាន​សំឡេង​ច្រើនជាងគេ​ពីរ រួមជាមួយ​បណ្តា​គណបក្ស​ដែល​ទទួលបាន​សំឡេង​យ៉ាងតិច ១២,៥ មានលទ្ធភាព​ចូលរួម​ប្រកួត​គ្នា​។

​គេ​ព្យាករ​ថា គណបក្ស​លោក ម៉ា​ក្រុង នឹង​អាច​ដណ្តើមបាន​អាសនៈ​រហូតដល់​ចន្លោះ​ពី ៤០០ ទៅ ៤៥០ អាសនៈ​ក្នុងចំណោម​អាសនៈ​ទាំងអស់ ៥៧០ ក្នុងការ​បោះឆ្នោត​ជុំ​ទី​ពីរ​។ ជ័យជម្នះ​ធំធេង​នេះ​នឹង​បង្ក​ភាពងាយស្រួល​សម្រាប់​ការអនុម័ត និង​អនុវត្ត​គោលនយោបាយ​ប្រធានាធិបតី​ម៉ា​ក្រុង ដែល​ក្នុងនោះ​រួមមាន​ទាំង​ការកែទម្រង់​សេដ្ឋកិច្ច​និង​សង្គម ដូចជា​ច្បាប់​ការងារ និង​ប្រព័ន្ធ​សោធ​និវត្តន៍​ផងដែរ​។​

​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នាយករដ្ឋមន្ត្រី​បារាំង​លោក Edouard Philippe បានប្រកាស​ជ័យជម្នះ ហើយ​លោក​បាន​អះអាងថា «​បារាំង​ពីមុន​ត្រឡប់​មកវិញហើយ​»​។  ប្រមុខ​រដ្ឋាភិបាល​បារាំង​រូបនេះ​បាន​កោតសរសើរ​ថា​ប្រធានាធិបតី ម៉ា​ក្រុង បង្ហាញ​ឆន្ទៈ​ខ្ពស់​, មាន​ទំនុកចិត្ត និង​ភាពក្លាហាន​នៅលើ​ឆាក​អន្តរជាតិ ដែល​វា​ជា​យុទ្ធសាស្ត្រ​ពិសេស​ដើម្បី​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កន្លងមក​។

​ប្រធានាធិបតី​បារាំង​វ័យ ៣៩ ឆ្នាំ​រូបនេះ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​រូបនេះ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទាញ​សំឡេងឆ្នោត​ដោយ ជ្រើសរើស​សមាជិក​គណៈ​រដ្ឋមន្ត្រី​ដែល​មកពី​គណបក្ស​ចម្រុះ រួមទាំង​មាន​សមាសភាព​ខ្លះ​មកពី​សង្គម​ស៊ីវិល​ផង​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​លោក​រឹតតែ​ល្បីល្បាញ​ថែមទៀត​នោះ​គឺ​លោក​បង្ហាញ​តួនាទី​ជា​មេដឹកនាំ​អឺរ៉ុប​និង​ប្រឆាំង​តតាំង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​គេ​ឃើញ​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​ក្នុង​ជុំទីមួយ​របស់​គណបក្ស​លោក ម៉ា​ក្រុង ដែរ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  បារាំង​
  Republique en Marche
© រក្សាសិទ្ធិដោយ thmeythmey.com