អន្តរជាតិ
ឌូ​ទើ​តេ ថា​លោក​មិនបាន​ទៅសុំ​ឲ្យ​កងទ័ព​អាមេរិក​ជួយ​ឡើយ តែ​សង្ស័យ​ក្រសួងការពារជាតិ​ជា​អ្នក​ទៅ​ស្នើសុំ​ជំនួស​
12, Jun 2017 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ អះអាងថា​លោក មិនដែល​បាន​សុំ​ឲ្យ​ទាហាន​អាមេរិក​មកជួយ​ទាហាន​ហ្វីលីពីន​ដើម្បី​បោសសម្អាត​ក្រុម​ភេរវជន​នៅក្នុង​ទីក្រុង Marawi ឡើយ​។ លោក​បដិសេធ​បែបនេះ​ក្រោយ​ពេលដែល​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​អះអាងថា កងទ័ព​អាមេរិក​ចូលរួម​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​យោធា​ដល់​កងទ័ព​ហ្វីលីពីន ដោយសារ​មានការ​ស្នើសុំ​ពី​ខាង​រដ្ឋាភិបាល​ហ្វីលីពីន​។ ថ្វីបើ​ប្រមុខរដ្ឋ​រូបនេះ​លើកឡើង​ដូច្នេះ​មែន តែ​គេ​សង្ស័យ​ក្រសួងការពារជាតិ​ហ្វីលីពីន​ជា​អ្នកស្នើសុំ​ជំនួយ​នេះ​។ ថ្វីបើ លោក ឌូ​ទើ​តេ មិន​បង្ហើប​ថា​កងទ័ព​ចេញមុខ​សុំ​ជំនួយ​ក៏ដោយ លោក ឌូ​ទើ​តេ ទទួលស្គាល់ថា ទាហាន​ហ្វីលីពីន​ភាគច្រើន​ជា​អ្នក​ដែល​គាំទ្រ​អាមេរិក ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​ធ្លាប់​ទទួលបាន​ការហ្វឹកហ្វឺន​ពី​សហរដ្ឋអាមេរិក​ដែរ​។​



​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល ជាមួយ​ក្រុម​ភេរវជន Maute នៅ​ក្រុង Marawi ឈាន​ចូលដល់​សប្តាហ៍​ទី​បី​ហើយ ប៉ុន្តែ​ស្ថានការណ៍​ហាក់​មិន​ធូរស្បើយ​ច្រើន​ឡើយ​។ កងកម្លាំង​ហ្វីលីពីន​នៅតែ​មិនអាច​បោសសម្អាត​ក្រុម​ភេរវជន​បាន​ទាំងស្រុង ហើយ​បន្ត​ស្លាប់បាត់​បង់ជីវិត​ក្នុង​សមរភូមិ​ប្រឆាំង​ភេរវកម្ម​នេះ​ទៀត​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ជន​ស៊ីវិល​ចន្លោះ​ពី ៥០០​ទៅ ១០០០​នាក់​នៅជាប់​ជា​ចំណាប់ខ្មាំង​នៅឡើយ ហើយ​ក្រុម​ភេរវជន​នៅ​សេសសល់​ក៏​មិនតិចជាង ២០០​នាក់​ឡើយ​។​

​បើ​ក្រឡេកមើល ចំនួន​អ្នកស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ​វិញ​កើនឡើង​ដល់​ជិត​២០០​នាក់​ក្នុងនោះ​មាន​កងកម្លាំង​ហ្វីលីពីន ៥៨​នាក់​, ជន​ស៊ីវិល​មាន ២០ នាក់ និង​ក្រុម​ភេរវជន​មាន​ចំនួន​ច្រើនជាង ១០០​នាក់​។ ហេតុនេះហើយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ កងកម្លាំង​ពិសេស​អាមេរិក​ក៏​សម្រេច​ជួយ​គាំទ្រ​ទាហាន​ហ្វីលីពីន​ខាង​ផ្នែក​បច្ចេកទេស​យោធា​ប៉ុណ្ណោះ​ដើម្បី​ឈានទៅ​បោសសម្អាត​ក្រុម​ភេរវជន​ដែល​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។

​ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​វិញ នៅ​ថ្ងៃ​សៅរ៍​ទី ១០ មិថុនា​បានប្រកាស​ទទួលស្គាល់ថា កងទ័ព​ខ្លួន​ពិតជា​បានផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពិតមែន  តែ​ជំនួយ​នេះ​ធ្វើឡើង​តប​តាម​ការស្នើសុំ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ប៉ុណ្ណោះ​។

១. រដ្ឋាភិបាល​ហ្វីលីពីន​មិនបាន​សុំ​ឲ្យ​អាមេរិក​ជួយ​ឡើយ​

​ដល់​ថ្ងៃអាទិត្យ​ទី ១១​មិថុនា ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បដិសេធ​ព័ត៌មាន​នេះ ដោយ​លោក​បញ្ជាក់ថា​លោក​មិនដែល​បាន​ទៅសុំ​ជំនួយ​ពី​សហរដ្ឋអាមេរិក​ដើម្បី​ឲ្យ​ជួយ​ទាហាន​របស់លោក​បោសសម្អាត​ក្រុម​ភេរវជន​នៅ​ក្រុង Marawi ឡើយ​។

​ថ្លែង​ក្នុង​ទីក្រុង Cagayan de Oro លោក ឌូ​ទើ​តេ បាន​ប្រាប់​អ្នកកាសែត​ថា លោក​មិន​បានដឹង​ជាមុន​ទាល់តែសោះ រហូត​ទាល់តែ​លោក​បានឃើញ​ទាហាន​អាមេរិក​ចូលមក​ជួយ​តែម្តង​។ ជារួម​លោក​បាន​អះអាង​យ៉ាង​ដាច់អហង្ការ​ថា លោក​មិនដែល​បាន​ទៅ​ស្នើសុំ​ជំនួយ​ពី​ខាង​ក្រុង​វ៉ាស៊ីនតោន​ដែរ​។​

​ទំនាក់ទំនង​រវាង​អាមេរិក​និង​ហ្វីលីពីន​ធ្លាក់ចុះ​ដុនដាប​កាន់តែខ្លាំង ចាប់តាំងពី​លោក ឌូ​ទើ​តេ​ឡើងកាន់​អំណាច​កាលពី​ខែមិថុនា​ឆ្នាំមុន​។ ប្រធានាធិបតី​រូបនេះ​ទាមទារ​ឲ្យ​ទាហាន​អាមេរិក​ចាក​ចេញពី​ហ្វីលីពីន​និង​បដិសេធ​ការផ្តល់​ការហ្វឹកហ្វឺន និង​ប្រឹក្សា​សឹក​ពី​សហរដ្ឋអាមេរិក​ថែម​ទៀតផង​។ ក្រោយ​បោះបង់​សម្ព័ន្ធមិត្ត​ចាស់​អាមេរិក លោក ឌូ​ទើ​តេ ងាក​ទៅរក​ទៅរក​ចិន​និង​រុស្ស៊ី​វិញ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផង​និង​ដើម្បី​ទិញ​អាវុធ​ផង​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ហាក់​ប្រសើរឡើង​បន្តិច​ក្រោយ​លោក ដូ​ណា​ល់​ត្រាំ ស្បថ​ចូលកាន់​តំណែង​។ ត្រាំ ធ្លាប់​ទូរ​សព្ទ​មក​ជជែក​ហើយ​សរសើរ​សង្គ្រាម​គ្រឿងញៀន​ហ្វីលីពីន ក៏ដូចជា​អញ្ជើញលោក ឌូ​ទើ​តេ ទៅ​បំព​ញ​ទស្សនកិច្ច​នៅ​អាមេរិក​ផងដែរ​កន្លងមក​។​

​ត្រឡប់មកវិញ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាមេរិក​មិនមាន​ទ័ព​អចិន្ត្រៃយ៍​នៅក្នុង​ប្រទេស​ហ្វីលីពីន​ទេ​ប៉ុន្តែ​មហាអំណាច​នេះ​រក្សា​កងក​ម្លាំ​ង​ពិសេស​ប្រហែល ៥០ ទៅ​១០០​នាក់ នៅ​ភាគខាងត្បូង​ហ្វីលីពីន​ដើម្បី​ចូលរួម​ការធ្វើ​លំ​ហាត់​យោធា​ប្តូរ​វេន​ផង​។ ដោយសារ​កងទ័ព​ពិសេស​អាមេរិក​មិន​ចូល​ច្បាំង​ផ្ទាល់ ជំនួយ​បច្ចេកទេស​ដែល​អាមេរិក​ផ្តល់​ឲ្យ​នេះ​ផ្តោត​សំខាន់​លើ​ការធ្វើ​ចារកម្ម​, ឈ្លបយកការណ៍ និង​ស៊ើបអង្កេត​ជាដើម​។ បច្ចុប្បន្ននេះ​អាមេរិក​មាន​កងទ័ព​បន្ថែម​ពី ៣០០ ដល់ ៥០០​នាក់​នៅ​ហ្វីលីពីន​ដែល​ពួកគេ​អាចជួយ​គាំទ្រ​កងទ័ព​ហ្វីលីពីន​សម្រាប់​ការហ្វឹកហ្វឺន​បង្កើន​សម​ត្ថ​ភាព​ផងដែរ​។​

២.​មិនមែន​លោក ឌូ​ទើ​តេ តែ​អាចជា​កងទ័ព​ហ្វីលីពីន​ជា​អ្នក​សុំ​ជំនួយ​ពី​អាមេរិក​

​មិន​ដា​ណាវ​ទាំងមូល​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក​ចាប់ពី​ថ្ងៃ ២៣ ខែឧសភា​កន្លងមកនេះ ហើយ​ក្រោម​ការអនុវត្ត​ច្បាប់អាជ្ញាសឹក ប្រធានាធិបតី​មាន​សិទ្ធិ​និង​អំណាច​ពេញលេញ​លើ​ក្រសួងការពារជាតិ​ទាំងមូល​។

 ការអះអាង​យ៉ាងច្បាស់​លាស់​របស់លោក ឌូ​ទើ​តេ បញ្ជាក់ថា​លោក​មែន​ជា​អ្នក​ដែល​ទៅសុំ​ជំនួយ​ពី​អាមេរិក​ឡើយ​។ ដូច្នេះហើយ​កងទ័ព​ហ្វីលីពីន​អាចជា​អ្នក​ដែល​ចេញមុខ​សុំ​ជំនួយ​ពី​ទាហាន​អាមេរិក​ផ្ទាល់​។ យ៉ាងណាមិញ លោក ឌូ​ទើ​តេ​មិនបាន​បញ្ជាក់​ទេ​ថា កងទ័ព​ហ្វីលីពីន​ទៅ​ស្នើសុំ​ទាហាន​អាមេរិក​ឲ្យ​ជួយ​ដោយ​មិនបាន​ឆ្លងកាត់​ឬ​ប្រាប់​លោក​ឲ្យ​ដឹង​ជាមុន ប៉ុន្តែ​បុរស​ខ្លាំង​ហ្វីលីពីន​រូបនេះ ទទួលស្គាល់ថា វា​ជា​រឿង​ធម្មតា​ព្រោះ​ទាហាន​ហ្វីលីពីន​ភាគច្រើន​ជា​អ្នកគាំទ្រ​អាមេរិក​ដោយសារតែ​ពួកគេ​ធ្លាប់​ទទួលបាន​ការហ្វឹកហ្វឺន​និង​រៀនសូត្រ​រាប់​ឆ្នាំ​ពី​អាមេរិក​។

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler លោក ឌូ​ទើ​តេ​បានបញ្ជាក់​ដូច្នេះ​៖«​ទាហាន​របស់​យើង​គាំទ្រ​អាមេរិក ហើយ​ខ្ញុំ​មិនអាច​បដិសេធ​បានទេ​រឿងនេះ​»​។​
​ទាក់ទិន​ការ​ផ្តល់ជំនួយ​បច្ចេកទេស​យោធា​របស់​ក្រុង​វ៉ាស៊ីនតោន​នេះដែរ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន Ernesto Abella ព្យាយាម​បកស្រាយ​ថា ហ្វីលីពីន​នៅ​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ ហើយ​បើកទ្វារ​ចំហរ​សម្រាប់​ការសហការ​ជាមួយ​ប្រទេស​នានា​ជា​មិត្ត​និង​ដៃគូ​ដើម្បី​កម្ចាត់​ភេរវជន​មិនមែន​តែ​សហរដ្ឋអាមេរិក​ឡើយ​។

​លោក​បញ្ជាក់ថា​៖«​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម មិនមែនជា​កង្វល់​រប​ស់​ហ្វីលីពីន ឬ​អាមេរិក​ឡើយ​។ វា​ជា​កង្វល់​របស់​បណ្តា​ប្រទេស​នានា​ជាច្រើន​លើ​លោក​។​ដូច្នេះហើយ​ហ្វីលីពីន​បើកទ្វារ​ទទួលយក​ជំនួយ​ពី​ប្រទេស​ទាំងអស់ បើសិនជា​គេច​ង់​ជួយ​យើង​»​។​

​តាមពិតទៅ មុន​មានការ​ផ្តល់ជំនួយ​បច្ចេកទេស​យោធា​នេះ ក្រុង​វ៉ាស៊ីនតោន​ក៏បាន​សម្រេច​ផ្តល់ជំនួយ​សព្វាវុធ​ជាច្រើន​ដល់​ហ្វីលីពីន​ដែរ ដែល​វា​មានតម្លៃ​រាប់រយ​លាន​ដុល្លារ​ក្នុងនោះ​មាន អាវុធខ្លី​, កាំភ្លើងយន្ត និង​ឧបករណ៍​បាញ់​គ្រាប់​ផងដែរ​។  អាវុធ​ទាំងនោះ​ត្រូវបាន​ប្រគល់​ឲ្យ​ទាហាន​ហ្វីលីពីន​តាំងពីដើម​សប្តាហ៍​មុន​មកម្ល៉េះ​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អាមេរិក​
  Marawi
© រក្សាសិទ្ធិដោយ thmeythmey.com