អន្តរជាតិ
សូ​ម៉ាលី​សុខចិត្ត​បោះបង់​លុយ​៨០​លាន​ដុល្លារ តែ​មិន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កាតា​
13, Jun 2017 , 11:29 am        
រូបភាព
ប្រធានាធិបតីសូម៉ាលី Mohamed Abdullahi Mohamed Farmaajo (រូបភាព News Heads)
ប្រធានាធិបតីសូម៉ាលី Mohamed Abdullahi Mohamed Farmaajo (រូបភាព News Heads)
​ប្រធានាធិបតី​សូ​ម៉ាលី Mohammed Abdullah Farmajo បាន​បដិសេធ​ទទួល​លុយ​ចំនួន​៨០​លាន​ដុល្លារ​ពី​រដ្ឋមន្ត្រី​ប្រទេស​អារ៉ាប់​មួយ ជា​ថ្នូរ​សម្រាប់​ការផ្ដាច់​ទំនាក់​ទំនងជា​មួយ​កាតា​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​រដ្ឋ​អារ៉ាប់​មួយចំនួនទៀត​។ គេ​មិនដឹងថា​រដ្ឋ​អារ៉ាប់​ណាមួយ​ដែល​ព្យាយាម​សូកប៉ាន់​លោក Farmajo ឡើយ ប៉ុន្តែ​ប្រធានាធិបតី​សូ​ម៉ាលី​បានសម្រេច​ចិត្ត​នៅ​កណ្ដាល​មិន​លម្អៀង​រក​ខាង​ណា​ឡើយ​ក្នុង​ជម្លោះ​នៅ​ឈូង​សមុទ្រ​ពែ​រ្ស​លើក​នេះ ទោះជា​ត្រូវ​រង​សម្ពាធ​ខ្លាំង​ពី​ក្រុមប្រឆាំង​កាតា​ក្ដី​។​



​អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប អារ៉ាប់​រួម​អេ​មី​រ៉ា​ត បា​រ៉ែ​ន និង​យេ​ម៉ែន បាននាំគ្នា​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា​។ មិន​ត្រឹម​កាត់ផ្ដាច់​ខ្លួនឯង​ឡើយ រដ្ឋ​ឈូង​សមុទ្រ​ទាំងនោះ ក៏បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ផ្សេងទៀត​ឲ្យ​ដើរ​តាម​ខ្លួន​ទៀត ដោយ​គំរាម​ផ្ដាច់ជំនួយ ឬក៏​ដាក់​សម្ពាធ​ការទូត​ទៀតផង​។ យុទ្ធនាការ​ប្រឆាំង​កាតា​ក៏​កាន់តែ​រីកសាយ​ឡើយ បើទោះជា​គុយ​វ៉ែត និង​អាមេរិក​ព្យាយាម​សម្របសម្រួល​ក្ដី​។​

​ចុងក្រោយ​នេះ ក៏មាន​ព័ត៌មាន​លេច​ឮថា មាន​រដ្ឋមន្ត្រី​រដ្ឋ​អារ៉ាប់​មួយ​បាន​ព្យាយាម​សូកប៉ាន់​ប្រធានាធិបតី​សូ​ម៉ាលី Mohammed Abdullah Farmajo ដោយ​ហ៊ាន​ផ្ដល់​លុយ​ដល់​ទៅ ៨០​លាន​ដុល្លារ បើ​សូ​ម៉ាលី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កាតា ឬក៏​ចូលរួម​ក្នុង​ការដាក់​សម្ពាធ​លើ​កាតា​។ ការ​សូកប៉ាន់​នេះ​ធ្វើឡើង ខណៈដែល​សូ​ម៉ាលី​សុខចិត្ត​ប្រកាន់​ជំហរ​កណ្ដាល​មិន​កាន់ជើង​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន ឬក៏​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ក្នុងការ​រាំងខ្ទប់​ដង្ហើម​របស់​កា​តា​នោះ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី Anadolu Agency អា​រ៉ា​ប៊ី​សា​អូឌីត បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​សូ​ម៉ាលី​ឲ្យ​ចូល​ដៃ​ចូល​ជើង​ជាមួយ​ខ្លួន​ក្នុង​ជម្លោះ​ជាមួយ​កាតា​ដែល​ត្រូវ​ចោទថា​គាំទ្រ​ក្រុម​ភេរ​វករ​។ មន្ត្រី​សូ​ម៉ាលី​ក៏​និយាយ​ដែរ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​សម្បូរ​លុយ​ច្រើន​សន្ធឹកសន្ធាប់ ក៏បាន​លុបចោល​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ដែរ និង​បាន​គំរាម​ផ្ដាច់ជំនួយ​អភិវឌ្ឍ​ទៀតផង បើ​សូ​ម៉ាលី​មិន​ព្រម​បោះបង់​នយោបាយ​អព្យាក្រឹត​ទេនោះ​។​

​យ៉ាងណាក្ដី ការប្រកាន់​ជំហរ​កណ្ដាល​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដែរ​ថា សូ​ម៉ាលី​នឹងរង​ផលប៉ះពាល់​មិន​ខាន​។ សូ​ម៉ាលី ដែលមាន​ជម្លោះផ្ទៃក្នុង​មិនទាន់​ចប់ និង​រងគ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​អាហារ​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​អារ៉ាប់​ផ្សេងទៀត ដើម្បី​ប្រមូល​ទុន​អភិវឌ្ឍ​ប្រទេស​។ ដូច្នេះ​បើ​សូ​ម៉ាលី​បន្ត​នៅ​ជំហរ​មិន​ចូលរួម​ជាមួយ​គេឯង​នោះ សូ​ម៉ាលី​ផ្ទាល់​អាច​ជួប​បញ្ហា​វិញ​ម្ដង​ក៏​ថា​បាន​។​

​ចំណែកឯ​កាតា​វិញ ក៏បាន​អរគុណ​របស់​សូ​ម៉ាលី​ខ្លាំង​ដែរ ដោយ​មិន​ចូលរួម​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងទៀត​ក្នុង​ការដាក់​សម្ពាធ​លើ​ខ្លួន​។ ជាមួយគ្នានេះ សូ​ម៉ាលី​ក៏បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Qatar Airways ប្រើប្រាស់​ដែនអាកាស​របស់ខ្លួន​ដែរ ដ្បិត​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម និង​អេ​ហ្ស៊ី​ប សុទ្ធតែ​បិទ​ដែនអាកាស​របស់ខ្លួន​អស់​ទៅហើយ​។ ក្រៅពី​សូ​ម៉ាលី គេ​ក៏​ឃើញ​មាន​តួ​ក​គី និង​អ៊ីរ៉ង់ ដែល​ចាំ​ជួយ​កាតា ដោយបាន​ដឹកជញ្ជូន​អាហារ​ច្រើន​តោន​ទៅ​ឲ្យ​កាតា​ទៀតផង​៕

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  សូ​ម៉ាលី​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com