អន្តរជាតិ
ប៉ា​ណា​ម៉ា​បោះបង់​កោះ​តៃវ៉ាន់ ស្រវា​ចាប់​ចិន
13, Jun 2017 , 2:26 pm        
រូបភាព
ប្រធានាធិបតីប៉ាណាម៉ា Juan Carlos Varela (រូបភាព Xinhua)
ប្រធានាធិបតីប៉ាណាម៉ា Juan Carlos Varela (រូបភាព Xinhua)
​រដ្ឋ​អាមេរិក​ឡាទីន​ប៉ា​ណា​ម៉ា សម្រេចចិត្ត​ផ្ដាច់ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​ងាក​ទៅ​ភ្ជាប់​ចំណងមិត្តភាព​ជាមួយ​ចិន​វិញ​។ ប៉ា​ណា​ម៉ា ដែលមាន​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩០០ បានប្រកាស​ទទួលស្គាល់​ក្រុង​ប៉េកាំង ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​របស់​ចិន និង​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ប៉ា​ណា​ម៉ា Juan Carlos Varela ចាត់ទុក​ការទទួល​តៃវ៉ាន់​ជា​ខេត្ត​របស់​ចិន ជា​ការដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​។​



​បន្ទាប់ពី​មាន​ទំនាក់ទំនង​ការទូត​រាប់​ទសវត្សរ៍​មក ប៉ា​ណា​ម៉ា បានសម្រេច​ចិត្ត​បញ្ចប់​ទំនាក់ទំនង​ការទូត​នេះ​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​បោះដៃ​ទៅរក​ចិនដីគោក​វិញ​។ នេះ ជា​ជោគជ័យ​មួយទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ព្យាយាម​បិទផ្លូវ​ការទូត​របស់​កោះ​តៃវ៉ាន់ និង​ធ្វើ​ឲ្យ​កោះ​មួយ​នេះ​កាន់តែ​ឯកោ​ខ្លាំង​ឡើងលើ​ឆាក​អន្តរជាតិ​។ ចិន ដែលមាន​លុយ​ច្រើនសន្ធឹក មិន​ខ្វល់​នឹង​ជះ​លុយ​ដើម្បី​អូសទាញ​មិត្តភក្តិ​របស់​តៃវ៉ាន់​ឲ្យ​មក​កៀក​ខ្លួន​ឡើយ​។   

​សារព័ត៌មាន Bloomberg ផ្សាយ​ថា ប្រធានាធិបតី​ប៉ា​ណា​ម៉ា Juan Carlos Varela ជា​អ្នក​ប្រកាស​ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​ដោយផ្ទាល់​។ ថ្លែង​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​១២ ខែមិថុនា លោក Varela ចាត់ទុក​ការ​ងាក​ទៅរក​ចិនដីគោក ជា​រឿង​ប្រវត្តិសាស្ត្រ ព្រោះ​ទាំង​ប៉ា​ណា​ម៉ា និង​ចិន ចង់បាន​ការតភ្ជាប់​ក្នុង​ពិភពលោក​ដែល​កាន់តែ​ខិតជិត​គ្នា​។ លោក​បន្តថា នេះ​ជា​សករាជ​ថ្មី​ក្នុង​ការបង្កើត​ទំនាក់ទំនង​ថ្មីៗ​ដូចដែល​ប៉ា​ណា​ម៉ា​ធ្វើ​ពេលនេះ​។ 

​សូមបញ្ជាក់ថា ចិន គឺជា​ប្រទេស​ប្រើប្រាស់​ព្រែកជីក​ប៉ា​ណា​ម៉ា​ធំជាងគេ​ទី​ពីរ ហើយ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​វិស័យ​ជាច្រើន​របស់​ប៉ា​ណា​ម៉ា​ដូចជា​ធនាគារ និង​ទូរគមនាគមន៍​ជាដើម​។ ប៉ុន្តែ​កន្លងមក ប៉ា​ណា​ម៉ា ក៏​ទទួលបាន​លុយ​ជាច្រើន​លាន​ដុល្លារ​ពី​តៃវ៉ាន់​ដែរ​។ លោក​ប្រធានាធិបតី Varela ក៏បាន​អរគុណ​តៃវ៉ាន់​ដែល​បាន​ជួយ​ប៉ា​ណា​ម៉ា ហើយ​បាន​និយាយថា តៃវ៉ាន់​គឺជា​មិត្ត​ល្អ​របស់​ប៉ា​ណា​ម៉ា​រហូតមក​។ 

​បន្ទាប់ពី​បាត់បង់​ប៉ា​ណា​ម៉ា​ទៅនោះ តៃវ៉ាន់​នៅមាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​២០​ទៀត​ប៉ុណ្ណោះ​នៅ​ជុំវិញ​ពិភពលោក​។ ភាគច្រើន​នៃ​ប្រទេស​ដែល​នៅ​ទទួលស្គាល់​តៃវ៉ាន់​ជា​តំណាង​ស្របច្បាប់​របស់​ចិន គឺជា​ប្រទេស​តូចៗ និង​ប្រទេស​កោះ​ជាដើម ហើយ​ក្នុងនោះ​មាន​១២​ប្រទេស​ហើយ​មកពី​តំបន់​អាមេរិក​ឡាទីន​។ នៅមុន​ការបាត់បង់​ប៉ា​ណា​ម៉ា តៃវ៉ាន់​ក៏បាន​បាត់បង់​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប​ក្នុង​ឆ្នាំ​២០១៦ ហើយ​គេ​រំពឹងថា​ប្រទេស​ផ្សេងទៀត​ក៏​អាច​ចែកផ្លូវ​ជាមួយ​តៃវ៉ាន់​ទៀត​ដែរ​។​

​តាំងពីដើម​មក ចិនដីគោក និង​កោះ​តៃវ៉ាន់ តែង​ប្រកួត​គ្នា​លើ​ឆាក​អន្តរជាតិ​ដើម្បី​ទទួលបាន​ឈ្មោះ​ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​។ ទាំង​ចិន ទាំង​តៃវ៉ាន់ សុទ្ធតែ​បាន​ចំណាយលុយ​រាប់លាន​ដុល្លារ​ដើម្បី​ទាក់ទាញ​ប្រទេស​មក​គាំទ្រ​ខ្លួន ប៉ុន្តែ​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ បានទទួល​ជោគជ័យ​លើ​តៃវ៉ាន់​ជា​បន្តបន្ទាប់​។ ចិន មិន​ខ្លាច​ចំណាយលុយ​ដើម្បី​បំបិទមាត់​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ​ឡើយ ខណៈ​តៃវ៉ាន់​ដែល​មិនសូវ​សម្បូរ​ធនធាន ក៏បាន​បាត់បង់​មិត្ត​ម្ដង​មួយៗ​ដែរ​៕   


Tag:
 ប៉ា​ណា​ម៉ា​
  ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com